ខ្មែរប៉ុស្ដិ៍ Close

មេគង្គ-ឡានឆាង៖ ចិននឹងជួយប្រទេសមេគង្គថែមទៀតក្រោយវិបត្តិជំងឺរាតត្បាតសកល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 26
មេគង្គ-ឡានឆាង៖ ចិននឹងជួយប្រទេសមេគង្គថែមទៀតក្រោយវិបត្តិជំងឺរាតត្បាតសកល មេគង្គ-ឡានឆាង៖ ចិននឹងជួយប្រទេសមេគង្គថែមទៀតក្រោយវិបត្តិជំងឺរាតត្បាតសកល

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង(MLC)លើកទី៦ នៅថ្ងៃទី៧ និងទី៨ ខែមិថុនា នៅក្រុងឆុងឈីងប្រទេសចិន​។ កម្ពុជារំពឹងថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត​នូវចំណងមិត្តភាពរវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន។ នេះបើតាមក្រសួងកាបរទេសកម្ពុជាកាលពីថ្ងៃទី៤ ខែមិថុនា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងនៅថ្ងៃទី៦ ខែមិថុនាថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី០៨ ខែមិថុនា ខាងមុខនេះ នឹងមានការវាយតម្លៃលើអ្វីដែលបានធ្វើនាពេលកន្លងមក លើកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយប្រទេសទាំង៥។ លោកបន្តថា​ចិននឹងធ្វើការរួមគ្នា ដើម្បីបង្កើតខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ – ឡានឆាង ពង្រឹងការស្តារសេដ្ឋកិច្ច និងវិបុលភាពក្នុងតំបន់ឡើងវិញ នៅក្រោយការរាតត្បាតកូវីដ-១៩ និងចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង ត្រូវ​បានបង្កើតឡើង​ កាលពី​ឆ្នាំ​ ២០១៥ ដែលមាន​សមាជិក​សរុប ៦ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថាអ្វីដែលជាការរំពឹងទុកតាមរយៈកិច្ចប្រជុំនេះ គឺនឹងធ្វើឲ្យមានការគិតគូរខ្លាំងថែមទៀត ពីប្រទេសចិន មកលើប្រទេសតំបន់មេគង្គ ពាក់ព័ន្ធនឹងយុទ្ធនាការក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងជំនួយអភិវឌ្ឍន៍ផ្សេងៗ ហើយនឹងជំរុញឲ្យមានការវិនយោគថែមទៀតផងដែរ។ បើតាមលោកបណ្ឌិត គិន ភា ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងបន្ថែមពីលើអ្វី ដែលជាទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន។

សូមជម្រាបថា នៅក្រោយកិច្ចប្រជុំទាំងពីរខាងលើ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសចិននឹងមានជំនួបទ្វេភាគី និងធ្វើជាអធិបតី ដើម្បីចុះហត្ថលេខាលើឯកសារចំនួនពីរ គឺអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍​ព័ត៌មាន និងគម្រោងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌៕ RFI

អត្ថបទទាក់ទង