ខ្មែរប៉ុស្ដិ៍ Close

អ្នកជិះយន្តហោះជាមួយជនជាតិចិនកើតជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» ជាង៧០នាក់ ពុំមានចេញរោគសញ្ញាអ្វីនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ កីឡា - សុខភាព 5

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដំណើរសរុបជាង៧០នាក់ ដែលជិះយន្តហោះជាមួយជនជាតិចិនម្នាក់ រកឃើញមានជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» មកកាន់ប្រទេសកម្ពុជា ត្រូវបានរកឃើញអស់ហើយ។ លោក លី សុវណ្ណ បានបន្ថែមថា ទាំងអ្នកប៉ះពាល់ និងអ្នកជិះយន្តហោះជាមួយនោះ មិនទាន់មានចេញរោគសញ្ញាជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» នៅឡើយនោះទេ គិតត្រឹមរសៀលថ្ងៃនេះ។

លោក លី សុវណ្ណ បានបញ្ជាក់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះយ៉ាងដូច្នេះ «អ្នកដែលជិះយន្តហោះជាមួយអ្នកជំងឺហ្នឹង យើងបានរកឃើញក្រុមគាត់ហើយ។ ហើយយើងកំពុងតាមដានស្ថានភាពរបស់ពួកគាត់ រហូតមកដល់ពេលនេះពួកគាត់ទាំងនោះ មិនមាននរណាម្នាក់ចេញរកសញ្ញាអ្វីទេ»។

បើទោះបីជាយ៉ាងណា មន្ត្រីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ និងអ្នករួមដំណើរជាមួយអ្នកជំងឺទាំងអស់នោះជារៀងរាល់ថ្ងៃ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក លី សុវណ្ណ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏បានបញ្ជាក់ដែរថា គ្រូពេទ្យថែទាំអ្នកជំងឺ ក៏គ្មានចេញរោគសញ្ញាអ្វីនោះដែរ ហើយគ្រប់គ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបម្រើការងារក្នុងមន្ទីរពេទ្យជាធម្មតា ។

លោក លី សុវណ្ណ បន្ថែមថា រហូតមកដល់រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតនោះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ម្សិលមិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសឱ្យដឹងពីការរកឃើញបុរសជនជាតិចិនម្នាក់ មកពីទីក្រុងវូហាន កើតមានជំងឺផ្លូងដង្ហើម «កូរ៉ូណាវីរុស»។

ជនជាតិចិនដែលរកឃើញកើតជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» នេះ មានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ ៣នាក់ទៀត។ ជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណានេះ និងក្រុមគ្រួសារ បានចេញដំណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញា នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។

បច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យក្នុងបន្ទប់មួយដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមការតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ មកដល់ថ្ងៃនេះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អះអាងថា ស្ថានភាពជំងឺរបស់បុរសរូបនេះស្ថិតក្នុងស្ថានភាពដដែលមិនមានការវិវឌ្ឍន៍នោះទេ៕

អត្ថបទទាក់ទង