សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ក្រោមម្លប់សន្តិភាព ទើបធ្វើឱ្យកម្ពុជាយើងមានលទ្ធភាពជំរុញការអភិវឌ្ឍលើគ្រប់វិស័យ
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា តាមរយៈទំព័រហ្វេសប៊ុក បានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព ទើបធ្វើឱ្យកម្ពុជាយើងមានលទ្ធភាពជំរុញការអភិវឌ្ឍលើគ្រប់វិស័យដែលបានសម្រួលដល់ការរស់នៅរបស់ប្រជាជនយើង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «ក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានលទ្ធភាពជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានសម្រួលដល់ការរស់នៅរបស់ប្រជាជនយើង។ ក្រុងសៀមរាប នឹងទទួលបានសមិទ្ធផលថ្មីដ៏ធំបន្ថែមទៀតតាមរយៈការសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៨ខែ្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី»។
សម្តេចពិជ័យសេនា បានបន្ថែមថា គម្រោងសាងសង់និងកែលម្អផ្លូវនេះ នឹងធ្វើឱ្យក្រុងទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា ផ្លាស់ប្តូរមុខមាត់ថ្មី ហើយកាន់តែមានភាពទាក់ទាញខ្លាំងក្លាថែមទៀត ជាពិសេស ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់ការបម្រើសេវាទេសចរណ៍ផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា បើគ្មានសន្តិភាព យើងក៏គ្មានសមិទ្ធផលថ្មីដូចសព្វថ្ងៃនេះឡើយ។ អរគុណសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន៕