ខ្មែរប៉ុស្ដិ៍ Close

យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រេចបានប្រមាណជាង២២ភាគរយហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 24
យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រេចបានប្រមាណជាង២២ភាគរយហើយ យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រេចបានប្រមាណជាង២២ភាគរយហើយ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មានវឌ្ឍនភាពល្អ និងសម្រេចបានប្រមាណជាង ២២ភាគរយហើយ ខណៈដែលក្រុមគ្រូពេទ្យកំពុងសម្រុកចាក់វ៉ាក់សំាងនេះនៅក្នុងតំបន់រាជធានីភ្នំពេញ ដើម្បីធានាសុវត្ថិភាព និងកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ឱ្យមាន ប្រសិទ្ធភាព។

ក្នុងពិធីពិនិត្យមើលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បន្តទៀត ជូនដល់ប្រជាពល រដ្ឋចំនួន៣ខណ្ឌ រួមមានខណ្ឌច្បារអំពៅ ខណ្ឌចំការមន និងខណ្ឌ ៧ មករា នៅថ្ងៃទី២៥ ខែឧសភានេះ លោកជំទាវវេជ្ជ បណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិ ការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រប ខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ក្នុងខណ្ឌទាំង៣ខណ្ឌនេះ បើតាមស្ថិតិដែលទទួលបានពីសាលារាជធានីភ្នំពេញ មានអ្នកមកទទួលការចាក់វ៉ាក់ សាំងចំនួន ២៦០,៥៨៣នាក់ ដែលចំនួននេះបើគិតតាមវ៉ាក់ សាំងដែលកម្ពុជាទទួលបាន ១លានដូស កាលពីថ្ងៃទី ២៣ ខែឧសភាកន្លងទៅ គឺវាអាចគ្រប់គ្រាន់សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋទាំង៣ខណ្ឌនេះ។

លោកជំទាវបានបន្តថា ការចាក់វ៉ាក់សាំងរហូតមក ដល់ពេលនេះ គឺមានវឌ្ឍនភាពល្អ ទាំងខាងក្រសួង ការពារជាតិក៏ដូចជាខាងក្រសួងសុខាភិបាល ហើយបើគិតត្រឹមថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២១ មានអ្នកចាក់វ៉ាក់ សាំងសរុប ២២,៧០% ប្រៀប ធៀបជាមួយនឹងប្រជាពលរដ្ឋចំនួន១០លាននាក់ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ផែនការឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ។

«យើងមានផែនការចាក់ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើងនៅក្នុងចំនួននេះអាច១០លាន ឬក៏អាចលើសតិចតួចទៅតាមចំនួនប្រជាពលរដ្ឋជាក់ស្តែង។ ប៉ុន្តែដោយសារវ៉ាក់សាំងយើងវាមកជាដំណាក់ៗ ហើយជាពិសេស ដោយមានការគិតគូរដ៏ត្រឹមត្រូវពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយលោកក៏បានដាក់បទបញ្ជាក្នុងការយកវ៉ាក់សំាងនេះស្រោចទៅលើបងប្អូនយើងដែលរស់ នៅរាជធានីភ្នំពេញជាមុនសិន។ ដោយសារតែភ្នំពេញគឺជាបេះដូងនៃប្រទេសជាតិ អ៊ីចឹងយើងត្រូវតែធ្វើយ៉ាង ម៉េចធានាឱ្យបេះដូងរបស់យើងនេះ មានសុវត្ថិភាពល្អ និងឱ្យបងប្អូនយើងអាចមាន ការរស់នៅ នឹងអាចវិលត្រឡប់ទៅរស់នៅធម្មតាតាមបែបគន្លងថ្មី»។

លោកជំទាវវជ្ជបណ្ឌិត បញ្ជាក់ថា ទោះបីជាកម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋជាង២លាន២សែននាក់រួច ហើយយ៉ាងណាក្តី ក៏នៅតែសូមអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាល រួមទាំងវិធានការ ៣កុំនិង៣ ការពារជានិច្ចផងដែរ ដើម្បីធានាសុវត្ថិភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ និងកាត់ផ្តាច់ការចម្លង ក្នុងសហគមន៍ឱ្យមានប្រសិទ្ធ ភាពខ្ពស់៕

អត្ថបទទាក់ទង