ខ្មែរប៉ុស្ដិ៍ Close

លោកស្រី មិថុនា ភូថង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅទូទាំងខេត្តកោះកុង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1239

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដោយផ្តោតលើចំណុចមួយចំនួនដូចជា៖

  • អំពីសមាសភាពអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង និងលេខាធិការ
  • ការស្រង់ស្ថិតិមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋ ។ល។
  • ការត្រៀមរៀបចំផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩
  • អត្ថប្រយោជន៍នៃការប្រលប្រាស់ប្រព័ន្ធ QR Code ក្នុងខេត្តកោះកុង។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ គឺបានតាមរយៈកិច្ចខិតខំប្រឹងប្រែង និងសហការ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ក្នុងក្របខណ្ឌទូទាំងខេត្ត។

មួយវិញទៀត យើងបានត្រៀមកំណត់ទីតាំងចាក់វ៉ាក់សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនាពេលខាងមុខ ដោយជំរុញការស្រង់ទិន្នន័យជាក់លាក់ និងកំណត់យកទីតាំង ចំនួន៣ ៖

១- មន្ទីរពេទ្យស្រុកស្រែអំបិល
២- មណ្ឌលសុខភាពឃុំភ្ញីមាស ស្រុកគិរីសាគរ និង
៣- មន្ទីរពេទ្យខេត្តកោះកុង។

ដោយឡែកមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវស្រង់ទិន្នន័យព្រះសង្ឃ និងតាជីយាយជី ដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងវត្ត។ អាជ្ញាធរក្រុង ស្រុក និងមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត ត្រូវស្រង់ស្ថិតិមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងការពារកូវីដ រួចផ្ញើមកក្រុមការងារលេខាធិការដ្ឋាន អោយបានលឿនតាមការកំណត់ (ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១)។ ត្រៀមក្រុមអ្នកស្ម័គ្រចិត្ត ដូចជាយុវជននានា ដើម្បីជួយដល់យុទ្ធនាការចាក់វ៉ាក់សាំងនាពេលខាងមុខ។ ត្រៀមបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ ការចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំថ្ងៃ៕

អត្ថបទទាក់ទង