ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ អាចវិវត្តទៅធ្ងន់ធ្ងរ ហើយស្លាប់បាន បើគ្មានការពិនិត្យ និងព្យាបាលនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
អ្នកនាំពាក្យក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ អាចវិវត្តទៅធ្ងន់ធ្ងរ ហើយស្លាប់បាន បើគ្មានការពិនិត្យ និងព្យាបាលនោះទេ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ អាចវិវត្តទៅធ្ងន់ធ្ងរ ហើយស្លាប់បាន បើគ្មានការពិនិត្យ និងព្យាបាលនោះទេ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ដាស់តឿនដល់បងប្អូនសាធារណជនថាកុំធ្វេសប្រហែស និងមើលស្រាលវីរុសកូវីដ-១៩ ព្រោះថាវីរុសនេះអាចសម្លាប់អ្នកជំងឺបាន។

តាមរយៈសារសម្លេងដែលត្រូវបានចែកចាយតាមរយៈបណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកស្រី បានសង្កត់ធ្ងន់ថា ៖ “សូមបងប្អូនកុំគិតថា ឥឡូវនេះកម្ពុជាអត់មានអ្នកស្លាប់ដោយវីរុសកូវីដ-១៩ផង ទៅភ័យធ្វើអី្វ? ខ្ញុំសូមបញ្ជាក់ថា ការគិតនេះខុសហើយ ហើយសូមកុំមើលស្រាលលទ្ធភាពនៃការវ៉ៃលុក របស់ជំងឺកូវីដ-១៩ឱ្យសោះ ជាពិសេសនោះគឺវីរុសបំប្លែងថ្មី ដែលទើបរកឃើញថ្មីៗនេះ វានឹងអាចធ្វើឱ្យអ្នកជំងឺវិវត្តទៅរកសេចក្តីស្លាប់បាន ប្រសិនបើបុគ្គលនោះ មិនទទួលបាននូវការពិនិត្យព្យាបាល បានទាន់ពេលវេលា និងមានការថែទាំត្រឹមត្រូវពីក្រុមគ្រូពេទ្យរបស់យើងទេនោះ”។

ដោយឈរលើមូលហេតុនេះ លោកស្រីបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការសុខាភិបាល តាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសនោះ គឺអភិក្រម ៣ការពារ (១. ពាក់ម៉ាស ២. លាងដៃ ៣. រក្សាគម្លាតសង្គម និងគម្លាតបុគ្គល ពី១,៥ម៉ែត្រឡើងទៅ) និង៣កុំ (១. កុំទៅកន្លែងដែលបិទជិទឈឹង កុំទៅកន្លែងដែលគ្មានខ្យល់ចេញចូល កុំទៅកន្លែងដែលប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២. កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ ៣. កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា។ល។)

សូមរម្លឹកថា នៅក្នុងបណ្តាប្រទេសអាស៊ានទាំង១០ គិតរហូតមកទល់ថ្ងៃនេះ មានអ្នកស្លាប់ដោយវីរុសកូវីដ-១៩ ចំនួន៥១ ៨១៨នាក់ហើយ ដែលក្នុងនោះគឺមានតែកម្ពុជា និងប្រទេសឡាវប៉ុណ្ណោះ ដែលពុំមានអ្នកស្លាប់ ដោយឡែកនៅលើពិភពលោកវិញ មានអ្នកស្លាប់រហូតដល់ ២ ៥០៧ ៧៦៨ នាក់៕

អត្ថបទទាក់ទង