ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋការពារខ្លួនពីជំងឺគ្រុនឈាម ខណៈដែលក្រុមគ្រូពេទ្យកំពុងតែមមាញឹកក្នុងការបង្ការជំងឺកូវីដ-១៩

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 474
    អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋការពារខ្លួនពីជំងឺគ្រុនឈាម ខណៈដែលក្រុមគ្រូពេទ្យកំពុងតែមមាញឹកក្នុងការបង្ការជំងឺកូវីដ-១៩អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋការពារខ្លួនពីជំងឺគ្រុនឈាម ខណៈដែលក្រុមគ្រូពេទ្យកំពុងតែមមាញឹកក្នុងការបង្ការជំងឺកូវីដ-១៩

    ដោយក្នុងរដូវវស្សានេះ ភ្លៀងធ្លាក់ច្រើនដែលនឹងបង្កឱ្យកើត មានជំងឺគ្រុនឈាមច្រើននោះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋត្រូវបង្កើនការការពារខ្លួនកុំឱ្យឆ្លងជំងឺគ្រុនឈាម ខណៈដែលក្រុមគ្រូពេទ្យកំពុងតែមមាញឹកក្នុងការបង្ការជំងឺកូវីដ-១៩។

    លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រះវិហារ បានមានប្រសាសន៍ថា ទោះបីអត្រាជំងឺគ្រុនឈាម នៅដើមឆ្នាំ២០២១នេះ មិនមានតួលេខអ្នកកើតជំងឺគ្រុន ឈាមកើតឡើងច្រើនគួរឱ្យកត់សម្គាល់ក៏ពិតមែន ក៏មន្ទីរសុខាភិបាលខេត្តនៅតែបន្តអប់រំសុខភាពនៅតាមសហគមន៍គោលដៅ ដែលមានហានិភ័យឆ្លងជំងឺគ្រុន ឈាមខ្ពស់ ដូចជាតំបន់ភ្នំ ឬកន្លែងដែលមានព្រៃច្រើន ផ្តល់ថ្នាំអាល់ប៊ែតនៅតាមខ្នងផ្ទះ និងមានការអង្កេតតាម ដានពីផលប៉ះពាល់ដែលអាចនឹងកើតមាន និងការព្យាបាលជាដើម ។

    លោកបញ្ជាក់ថា ការពង្រឹងយន្តការអប់រំនេះ ដើម្បីធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋឆ្លងជំងឺគ្រុនឈាមបន្ថែមទៀត ខណ:ដែលជំងឺកូវីដកំពុងបន្តផ្ទុះឡើងនៅឡើយ ដែលក្រុមគ្រូពេទ្យកំពុងតែមមាញឹកខ្លំាង ។ សំឡេង៖ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក៏ដូចជាមន្ត្រីសុខាភិបាលក្នុងខេត្តព្រះវិហារទាំងអស់ខ្ញុំសូមអំពាវនាវដល់ប្រជាជន ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ សូមឱ្យមានការប្រុងប្រយ័ត្នទាក់ទងជាមួយនឹងជំងឺដែលបង្កឡើងដោយសារទឹកភ្លៀង ជាពិសេសជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗដែលបង្កឡើងដោយសារមូស សូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នសម្អាតផ្ទះសម្បែងកុំឱ្យមានវត្ថុដែលដក់ទឹកបាន ពីព្រោះវត្ថុដែលដក់ទឹកបានវាជាទីតាំងដែលឱ្យមូសមានលទ្ធភាពកើតកូនកើតចៅដែលបង្កឱ្យមានជម្ងឺ ថែមពីលើនេះទៀត សូមបង ប្អូនកុំភ្លេចការពារនឹងជំងឺកូវីដ ១៩ ចឹងធ្វើយ៉ាងណា សូមឱ្យមានការប្រុងប្រយ័ត្ន ហើយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធាន ការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ 3 ការពារ និង 3កុំ ។

    លោកវេជ្ជបណ្ឌិត បានណែនាំដល់មន្ត្រីសុខាភិបាល ដែលនៅតាមមណ្ឌលសុខភាពនានា ត្រូវពិនិត្យឱ្យបានច្បាស់ លាស់ ករណីសង្ស័យថា មានជំងឺគ្រុនឈាម មានអាការៈ គ្រុនក្តៅ ឬគ្រុនក្តៅខ្លាំង ដាក់ថ្នាំអត់ត្រជាក់ រហូតដល់សន្លប់សង្ស័យ កុំទុកយូរឱ្យសោះ ត្រូវបញ្ជូនមកមន្ទីរពេទ្យខេត្តជាបន្ទាន់ ដើម្បីព្យាបាលអ្នកជំងឺបានទាន់ពេលវេលា ចៀសវាងការបាត់បងជីវិត ជាយថាហេតុ។

    សូមបញ្ជាក់ថា នៅក្នុងខេត្ត ព្រះវិហារនៅដើមឆ្នាំ២០២១ នេះ មិនមានករណីជំងឺគ្រុន ឈាមគួរឱ្យកត់សម្គាល់នោះទេ ទោះបីជាជំងឺគ្រុនឈាម មិនបានផ្ទុះនៅក្នុងឆ្នាំនេះក៏ពិតមែន តែមន្ទីរសុខាភិបាលខេត្តនៅតែបន្តចែកថ្នាំអាល់ប៊ែត ចំនួន ៥ម៉ឺនតោនទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២១នេះ៕