មន្ទីរកសិកម្មខេត្តត្បូងឃ្មុំបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្សាំដំណាំបន្លែដល់កសិករក្នុងខេត្ត
ត្បូងឃ្មុំ៖ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្តុះ បណ្តាលស្តីពីការផ្សាំដំណាំបន្លែ ( ដំណាំប៉េងប៉ោះ និងដំណាំត្រប់ ) ដល់កសិករក្នុងខេត្ត ដើម្បីមានបច្ចេកទេស ក៏ដូចជាចំណេះដឹងបន្ថែម ដែលធ្វើឱ្យការដំាដុះទទួលបានទិន្នផលល្អ ។
លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា វគ្គបណ្តុះបណ្តាលស្តីពីការតដើមដំណាំបន្លែ (ដំណាំប៉េងប៉ោះ និងដំណាំត្រប់)នេះ ធ្វើឡើងក្នុងគោល បំណងធំ២ គឺដើម្បីបណ្តុះ បណ្តាលដល់មន្ត្រីបង្គោលរបស់មន្ទីរកសិកម្មខេត្ត និងផ្តល់បច្ចេកទេសបន្ថែមទៅ ដល់កសិករ ដែលមានបំណងស្វែងយល់ពីការដាំដុះដំណាំប៉េងប៉ោះ ឱ្យទទួលបានទិន្នផលល្អ ។
លោកបន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងខណៈដែលកសិករមួយចំនួនបានខិតខំដាំដំណាំប្រភេទនេះតែមិនទទួលបានផល ដោយ សារដំណាំនេះ មានជំងឺច្រើនដែលបង្កដោយសត្វល្អិត ហើយសម្រាប់ខែដែលលូត លាស់បានល្អចាប់ពីខែវិច្ឆិកាដល់ខែមីនា គឺមិនអាចដាំគ្រប់រដូវកាលបាននោះឡើយ ។
លោកបន្តទៀតថា នៅ ពេលកសិករចាប់យកបច្ចេក ទេស ដើមត្រប់តជាមួយដើមប៉េងប៉ោះនេះ វានឹងជួយធ្វើឱ្យប៉េងប៉ោះលូតលាល់បានល្អ ធន់ និងទទួលបានផលច្រើន ជាងធម្មតា ហើយអាចដាំដុះបានគ្រប់រដូវកាល ដែលធានាដល់ការផ្គត់ផ្គង់តម្រូវការទីផ្សារ ជាពិសេសកាត់បន្ថយការនាំចូលពីបរទេស ។
សំឡេង ៖ «គោលបំណងធំនៃការបណ្ដុះបណ្ដាល ស្ដីពីការតដើមដំណាំបន្លែ គឺយើងយកដើមត្រប់តជាមួយប៉េងប៉ោះ ដែលគោលបំណងធំនៅក្នុងវគ្គនេះ គឺដើម្បីពង្រឹងការ ផលិត ការផ្គត់ផ្គង់ប៉េងប៉ោះទៅកាន់ទីផ្សារ ធ្វើម៉េចឱ្យមានគ្រប់តម្រូវការទីផ្សារ ហើយអាចដាំដុះបានគ្រប់ពេលវេលា ដោយសារការផ្គត់ផ្គង់ដំណាំប៉េងប៉ោះរបស់យើងសម្រាប់ទីផ្សារនៅក្នុងប្រទេស ក៏ដូច ជានៅក្នុងខេត្តត្បូងឃ្មុំនេះ គឺយើងដែលមានមិនគ្រប់គ្រាន់នោះទេ គឺត្រូវការនាំចូលពីប្រទេសជិតខាងជាពិសេសនាំចូលពីប្រទេសវៀតណាម ដើម្បីបំពេញតម្រូវការសម្រាប់ប្រជាជនយើងនៅក្នុងខេត្ត ក៏ដូចជានៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស» ។
សូមបញ្ជាក់ថា វគ្គបណ្តុះ បណ្តាលស្តីពីការតដើមដំណាំបន្លែ ( ដំណាំប៉េងបោះ និងដំណាំត្រប់ )ក្នុងខេត្តត្បួងឃ្មុំនេះ មានការសហការពីមជ្ឈ មណ្ឌលបន្លែពិភពលោក ដែលធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ និងមានការចូលរួមពីមន្ត្រីជំនាញនិងកសិករចំនួន៣០ នាក់ ៕