ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនស៊ីងបាយអូថេកបន្តអភិវឌ្ឍចម្ការឈើដាំរបស់ខ្លួនដោយគ្រោងដាំប្រភេទឈើអាជីវកម្ម ១០លានដើមលើផ្ទៃដីជិត ១ម៉ឺនហិកតាបន្ថែមទៀតនៅឆ្នាំ ២០២១ នេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 35
ក្រុមហ៊ុនស៊ីងបាយអូថេកបន្តអភិវឌ្ឍចម្ការឈើដាំរបស់ខ្លួនដោយគ្រោងដាំប្រភេទឈើអាជីវកម្ម ១០លានដើមលើផ្ទៃដីជិត ១ម៉ឺនហិកតាបន្ថែមទៀតនៅឆ្នាំ ២០២១ នេះ ក្រុមហ៊ុនស៊ីងបាយអូថេកបន្តអភិវឌ្ឍចម្ការឈើដាំរបស់ខ្លួនដោយគ្រោងដាំប្រភេទឈើអាជីវកម្ម ១០លានដើមលើផ្ទៃដីជិត ១ម៉ឺនហិកតាបន្ថែមទៀតនៅឆ្នាំ ២០២១ នេះ

ក្រចេះ ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១–ខណៈរដូវវស្សាបានចាប់ផ្តើមសម្បូណ៌ដោយទឹកភ្លៀង អំណោយផលដល់ការដាំដុះ ក្រុមហ៊ុនស៊ីងបាយអូថេកដែលជាក្រុមហ៊ុនជំនាញនិងវិនិយោគចម្ការឈើដាំដ៏ធំជាងគេនៅកម្ពុជា បានសម្រុកដាំកូនឈើ ប្រភេទប្រេងខ្យល់សម្រាប់ការធ្វើអាជីវកម្ម។ នៅឆ្នាំ២០២១ នេះ ក្នុងរយៈពេល ៤ ខែពីខែឧសភា ដល់ខែសីហា ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ ៨៥០០ហិកតាស្មើនឹងកូនឈើប្រមាណ ១០លានដើម។ នេះគឺជាការឱ្យដឹងរបស់លោក លី ឈូឆាង នាយកប្រតិបត្តិក្រុមហ៊ុនស៊ីងបាយអូថេកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ ដោយលោកបានបន្ថែមថា តាមផែនការគ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខលើផ្ទៃដីប្រមាណ ១០០,០០០ ហិកតា ដែលស្មើនឹងកូនឈើប្រមាណ ១០០លានដើម ទៅ ១២០លានដើម។

លោកនាយកប្រតិបត្តិក្រុមហ៊ុនស៊ីងបាយអូថេកបានបញ្ជាក់ថា ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ ៣.៦លានដើមរួចហើយ ដែលជាការចាប់ផ្តើមដំបូង ហើយជាមួយបទពិសោធមានស្រាប់ ក្រុមហ៊ុននឹងបង្កើនល្បឿននៃការដាំដុះដោយក្នុងឆ្នាំ ២០២១ នេះនឹង ដាំឱ្យបាន ១០ លានដើម និងឆ្នាំបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យ ឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាល យ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។

លោក លូ ឈូឆាង នាយកក្រុមហ៊ុនស៊ីង បាយអូថេក (ខេមបូឌា) បានឱ្យដឹងថា ក្រុមហ៊ុន ស៊ីង បាយអូថេកបានឈូសឆាយទីតាំងនិងបានសម្រុកដាំចម្ការឈើដាំចាប់តាំងពីឆ្នាំ ២០១៨ មកហើយរហូតដល់ពេលនេះបានដាំកូនឈើបានចំនួនជាង ៥០០០ ហិកតារួចមកហើយលើផ្ទៃដីសរុបទំហំ ៣៤ ០០៧ ហិកតា ដែលក្រុមហ៊ុនបានទទួលសិទ្ធិប្រើប្រាស់ដីព្រៃរិចរិលរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទតាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បើតាមលោក លូ ឈូឆាង ចម្ការឈើដាំរបស់ក្រុមហ៊ុនដែលបានដាំ មានការលូតលាស់ល្អ និងជាក្តីសង្ឃឹមប្រកបដោយភាពជឿជាក់លើផ្នែកកសិឧស្សាហកម្មចម្ការឈើដាំនៅកម្ពុជា។

ប្រធានក្រុមហ៊ុនស៊ីងបាយអូថេករូបនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើវិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅក្នុងតំបន់នោះដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរបស់ពួកគាត់។ លោកក៏បានប្រកាសស្វែងរកដៃគូសហការផ្សេងទៀតដែរ ក្នុងការវិនិយោគដាំចម្ការលើផងដែរ ខណៈចម្ការឈើនេះនេះផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសេដ្ឋកិច្ច សង្គម។ លោកបានថ្លែងថា ចម្ការឈើដាំជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមលើកំណើនសេដ្ឋកិច្ចជាតិទាំងការបង្កើតការងារ និងនាំចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ ប្រទេសជិតខាងកម្ពុជា និងក្នុងតំបន់ដូចជាប្រទេសវៀតណាមជាដើមបានរកប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំពីចម្ការឈើដាំ។

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការគាំទ្រលើផ្នែកកសិឧស្សាហកម្មចម្ការឈើដាំនេះ ព្រោះវាបានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាន និងធនធានធម្មជាតិ។ កាលពីអំឡុងដឹកនាំមន្ត្រីក្រសួងបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិជុំវិញតំបន់ដែនជម្រកសត្វព្រៃឡង់ទៅទស្សនកិច្ចនៅចម្ការឈើដាំរបស់ក្រុមហ៊ុន ស៊ីងបាយអូថេកកាលពីខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ឯកឧត្តម បានថ្លែងថា៖«សារប្រយោជន៍នៃចម្ការឈើ គឺគេអាចយកផល មកប្រើប្រាស់ កែច្នៃចាប់ តាំងពីគល់រហូតដល់ចុង ហើយវាក៏បានចូលរួមក្នុងការបង្កើតនូវគម្របបៃតង និងដើរតួនាទីយ៉ាងសំខាន់ណាស់ជំនួសការប្រើប្រាស់ឈើធម្មជាតិ កាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ»។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា ចម្ការឈើដាំដែលបាននិងកំពុងរីកដុះ ដាលនៅកម្ពុជានឹងជួយកាត់បន្ថយការ នាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាពនៅក្នុងស្រុក ខណៈធនធានធម្មជាតិ ព្រៃឈើ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី សម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក ហើយកម្ពុជាបានខិតខំការពារឈើឈរដើម្បីលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត។ ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ ២០២០ កម្ពុជា បានលក់ឥណទានកាបូនទទួលបានថវិកាចំនួន ១១,៦ លានដុល្លារអាម៉េរិកប្រើប្រាស់ដើម្បីការអភិរក្សព្រៃឈើនិងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ការវិនិយោគចម្ការឈើដាំកាន់តែច្រើននឹងជាដំណោះស្រាយមួយក្នុងការកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ៕

អត្ថបទទាក់ទង