ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-អាមេរិក ចាប់ផ្តើម​គម្រោង «USAID ព្រៃឡង់​បៃតង» តម្លៃ២១លាន​ដុល្លារ លើ​​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
កម្ពុជា-អាមេរិក ចាប់ផ្តើម​គម្រោង «USAID ព្រៃឡង់​បៃតង» តម្លៃ២១លាន​ដុល្លារ លើ​​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតា កម្ពុជា-អាមេរិក ចាប់ផ្តើម​គម្រោង «USAID ព្រៃឡង់​បៃតង» តម្លៃ២១លាន​ដុល្លារ លើ​​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតា

ក្រសួង​បរិស្ថាន និង​មូលនិធិ​ពី​ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ប្រកាស​ចាប់ផ្តើម​គម្រោង «USAID ព្រៃឡង់​បៃតង» ដែលមាន​ផ្ទៃដី​ជាង ៤៣ម៉ឺន​ហិកតា ដោយគ្រប​ដណ្តប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្តក្រចេះ កាលពីព្រឹក​ថ្ងៃទី០៣ ខែ​មេសា ឆ្នាំ​២០១៩។

លោកស្រី វីណា រេតឌី នាយិកា​បេសកកម្ម​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា បានកត់​សម្គាល់​ថា «ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ជុំវិញ​ព្រៃឡង់ មាន​តួនាទី​ដ៏​សំខាន់​សម្រាប់​ការ​ការពារ និង​គ្រប់គ្រង​តំបន់​ទេសភាព​ដ៏​អស្ចារ្យ​នេះ។ ដូច្នេះ​ហើយ ទើប​យើងបាន​រៀបចំ​ការ​ពិគ្រោះ​យោបល់​ជាច្រើន​ជាមួយ​សហគមន៍​តំបន់​ទេសភាព​ព្រៃឡង់​ និង​តំបន់​ជុំវិញ និង​តំបន់​ព្រៃឈើ​ផ្សេងទៀត​របស់​កម្ពុជា។ ការ​ពិគ្រោះ​យោបល់​ទាំងនេះ បាន​បង្ហាញ​ពីក្តីប្រាថ្នា និងតម្រូវការ​របស់​សហគមន៍​មូលដ្ឋាន ក្នុងការ​អភិវឌ្ឍ​មុខរបរ​ប្រកប​ដោយ​ចីរភាព ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួកគេ ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំខាន់​នេះ»។

គម្រោង USAID ព្រៃឡង់​បៃតង ដែលបាន​ទទួល​កិច្ច​សន្យា​អនុវត្ត​គម្រោង​ក្នុងខែ​សីហា ឆ្នាំ២០១៨ គឺជា​សកម្មភាព​រយៈពេល​ប្រាំ​ឆ្នាំ ដែលជា​កិច្ច​បន្ត​ការ​គាំទ្រដ៏​យូរអង្វែង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​អភិរក្ស​បេតិកភ័ណ្ឌ​ធម្មជាតិ និង​វប្បធម៌​របស់​កម្ពុជា ខណៈ​ជួយ​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ជនបទ​បាន​ល្អ​ប្រសើរ​ឡើង។ កម្មវិធី​នេះ​ក៏​គាំទ្រ​គោលដៅ និងការ​ប្តេជ្ញា​ចិត្ត ជា​អន្តរជាតិ​របស់​កម្ពុជា​ចំពោះ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ នៃការ​ប្រែប្រួល​អាកាសធាតុ និងការ​អភិរក្ស​ជីវចម្រុះ​ផងដែរ។ កម្មវិធីនេះ​នឹង​អនុវត្ត​ការងារ​នៅក្នុង​តំបន់​ការពារ​អាទិភាព ដែលរួមមាន​ព្រៃឡង់ ព្រៃ​ព្រះរកា និង​ឆែប ខណៈ​ដែល​តំបន់​នៃការ​អនុវត្ត​កម្មវិធី​ជារួម លាត​សន្ធឹង​ចាប់ពីច្រាំង​ទន្លេសាប រហូតដល់​ត្រើយ​ទន្លេ​មេគង្គ។

ការរួម​ចំណែក​របស់​ដែន​ជម្រក​សត្វព្រៃ-ព្រៃឡង់ និង​តំបន់​ការពារ​ដទៃទៀត​នៃ​កម្ពុជា​ភាគ​ខាងជើង ចំពោះ​សុខភាព​បរិស្ថាន ជីវ​ចម្រុះ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ មាន​កម្រិត​មិន​ស្មើគ្នា​ទេ។ ព្រៃឡង់ គឺជា​ព្រៃស្រោង​ វាលទំនាប​ដែលនៅ​សេសសល់​ចុងក្រោយ​របស់​តំបន់​អាស៊ីអាគ្នេយ៍ និងជា​ជម្រក​សម្រាប់​ប្រជាជន​ជាងមួយ​លាន​នាក់ រុក្ខជាតិ និង​សត្វ​ដែល​ទទួល​រងការ​គម្រាម​កំហែង​ជាង ៤០ ប្រភេទ។

ទោះបី​ជា​ព្រៃឡង់​ មាន​តួនាទី​ដ៏​សំខាន់ ក្នុងការ​ប្រយុទ្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ជួយ​សម្រួល​ដល់ការ​គ្រប់គ្រង​ទឹក និង​ផ្តល់​ធនធាន​សំខាន់ៗ​ដល់​ប្រជាជន​របស់​ប្រទេស​កម្ពុជា​ក៏ដោយ តំបន់​នេះ​កំពុង​ស្ថិត​ក្រោម​ការ​គម្រាម​កំហែង​ពី​ការ​កាប់​ឈើ​ខុសច្បាប់ និងការ​ដណ្តើម​ដីធ្លី ហេតុការណ៍​អាកាសធាតុ​អាក្រក់​ដែល​កំពុង​កើនឡើង​កាន់​តែខ្លាំង និង​តម្រូវការ​ដែល​កំពុង​កើនឡើង​ឥត​ស្រាកស្រាន្ត​សម្រាប់​ធនធាន​របស់​ព្រៃ​នេះ។

លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បានថ្លែង​ថា គម្រោង USAID ព្រៃឡង់​បៃតង​នេះ គឺជា​គម្រោង​ដំណាក់កាល​ទី២ ដែល​អនុវត្ត​រហូតដល់​ខែ​សីហា ឆ្នាំ​២០២៣ មាន​ថវិកា​ជាង ២១លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវការ​អភិរក្ស​ជីវ​ចម្រុះ និង​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​បង្កើត​ឲ្យមាន​និរន្តរភាព និង​សមធម៌​នៃ​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច ជីវភាព​សហគមន៍ និងទុន​ធម្មជាតិ​សម្រាប់​ការវិនិយោគ​ឡើងវិញ។

លោក​បន្ត​ថា គម្រោង​នេះ ក៏នឹង​ជួយ​ពង្រឹង​លើការ​គ្រប់គ្រង​ឲ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​តំបន់​ទេសភាព​ព្រៃឡង់​ទាំងមូល​ផងដែរ។ តំបន់​គោលដៅ​ទំាងនេះ​រួមមាន ដែន​ជម្រក​សត្វព្រៃ ព្រៃឡង់ និង​តំបន់​ការពារ​មួយ​ចំនួន​ទៀត ដូចជា តំបន់​ការពារ​ទេសភាព​ព្រះវិហារ ដែន​ជម្រក​សត្វព្រៃ​ឆែប ដែនជម្រក​សត្វព្រៃ​ព្រះរការ និង​ដែន​ជម្រក​សត្វព្រៃ​បឹងពែ និង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ដែល​ទើបតែ​បង្កើត​នាពេល​ថ្មីៗ ព្រមទំាង​តំបន់​ព្រៃរង​ទឹក​ភ្លៀង​ធំៗ​ចំនួន​៣ ដែល​តភ្ជាប់ ពី​តំបន់​ព្រៃឡង់​ទំាងមូល​ទៅនឹង​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប៕

ប្រភព៖ Sabay

អត្ថបទទាក់ទង