ខ្មែរប៉ុស្ដិ៍ Close

វៀតណាមរកឃើញករណីវីរុសកូវីដ-១៩ នៅរោងចក្រ Samsung និង Canon

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
វៀតណាមរកឃើញករណីវីរុសកូវីដ-១៩ នៅរោងចក្រ Samsung និង Canon វៀតណាមរកឃើញករណីវីរុសកូវីដ-១៩ នៅរោងចក្រ Samsung និង Canon

បុគ្គលិកមួយចំនួននៅរោងចក្រផលិតរបស់បរទេសចំនួនជាង ១០រោងចក្រ បូករួមទាំងក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន Canon ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ បញ្ហានេះបានបង្កនូវការព្រួយបារម្ភថា «ខ្សែសង្វាក់ផ្គត់ផ្គង់សកលអាចនឹងរងការរំខាន ដោយសារតែតួនាទីដ៏សំខាន់របស់វៀតណាមក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្ម»។

អាជ្ញាធរវៀតណាមបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានរកឃើញករណីកូវីដ-១៩ ថ្មីចំនួន ៧៤ ករណីដែល បានធ្វើឱ្យចំនួនករណីសរុបកើនដល់ ៤ ៧៦៤ ករណី។

គេនៅមិនទាន់ច្បាស់ទេថា «តើមានបុគ្គលិកនៅក្រុមហ៊ុនបរទេសប៉ុន្មាននាក់ក្នុងចំណោមករណីទាំងនេះ?» ក៏ប៉ុន្តែខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេចំនួន ២ គឺខេត្ត Bac Giang និងខេត្ត Bac Ninh ដែលជាខេត្តដែលមានសួនឧទ្យានឧស្សាហកម្មចំនួន ២០ និងតំបន់ឧស្សាហកម្មជាង ២០ បាននិងកំពុងរងនូវការជាប់គាំងហើយ។

ប្រទេសវៀតណាមបានប្រឈមមុខនឹងរលកនៃការឆ្លងនៃវីរុសនេះចាប់តាំងពីចុងខែមេសា។ ករណីចំនួន ១ ៧២២ ករណីត្រូវបានគេរាយការណ៍នៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី ២៧ ខែមេសា ដែលក្នុងនោះ ៥៩% ត្រូវបានរកឃើញនៅក្នុងខេត្ត Bac Giang និងខេត្ត Bac Ninh ដែលស្ថិតនៅភាគខាងជើងក្បែររដ្ឋធានីហាណូយ។

នៅថ្ងៃព្រហស្បតិ៍ ខេត្តទាំង ២ បានប្រកាសនៅលើគេហទំព័ររបស់ពួកគេថា ពួកគេបានរកឃើញករណីឆ្លងនៅក្នុងក្រុមហ៊ុនបរទេសជាង ១០ ដែលកំពុងប្រតិបត្តិការនៅក្នុងស្រុក ក៏ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួននោះទេ។

វិទ្យាស្ថានជាតិអនាម័យនិងវីរុសរាតត្បាត (National Institute of Hygiene and Epidemiology) បាននិយាយថា «វីរុស ប្រភេទ B.1.617.2 ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា បានបង្ហាញវត្តមាននៅក្នុងសំណាកទាំងអស់ ដែលបានយកចេញពីខេត្ត Bac Ninh និង Bac Giang គិតត្រឹមថ្ងៃពុធ»។

ឥឡូវនេះ ខេត្តទាំង ២ បានរៀបចំបង្កើតមន្ទីរពេទ្យនៅតាមទីវាលដែលមានសមត្ថភាពអាចដាក់បានគ្រែចំនួន ១ ០០០ ហើយអ្នកជំនាញផ្នែកសុខភាពនិងបុគ្គលិកពាក់ព័ន្ធដទៃទៀត ដែលមកពីទីក្រុង និងខេត្តក្បែរខាងក៏បានបញ្ជូនទៅកាន់ខេត្ត Bac Giang ផងដែរ ដើម្បីជួយពន្លឿនការធ្វើតេស្តទ្រង់ទ្រាយធំ។

ខេត្ត Bac Ninh បានបញ្ជាក់អំពីករណីកូវីដ-១៩ នៅឯរោងចក្ររបស់ Samsung, Johnson Health Tech និង Canon ។ រោងចក្រចំនួន ២ របស់ Samsung ដែលស្ថិតនៅភាគខាងជើងប្រទេសវៀតណាមបានរួមចំណែកដល់ការផលិតទូរសព្ទស្មាតហ្វូនជាងពាក់ណ្តាលនៃការផលិតទាំងអស់របស់ក្រុមហ៊ុននេះនៅទូទាំងពិភពលោក។

ខេត្ត Bac Giang បានរកឃើញករណីកូវីដ-១៩ នៅតាមកន្លែងមួយចំនួនដែលគ្រប់គ្រងដោយក្រុមហ៊ុន SJ Tech, Shin Shin, Samkwang Vina, MOA Tech, Hosiden, Sunergy, Fuhong Precision Component និង Luxshare-ICT ។

សកម្មភាពពលករវៀតណាមកំពុងបម្រើការនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន SAMSUNG នៅខេត្ត Bac Ninh
សកម្មភាពពលករវៀតណាមកំពុងបម្រើការនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន SAMSUNG នៅខេត្ត Bac Ninh

ក្រសួងផែនការ និងវិនិយោគ (Ministry of Planning and Investment) បានឱ្យដឹងថា «ក្រុមហ៊ុនផលិតប្រហែល ១៧ ២០០ ក្រុមហ៊ុន មានមូលដ្ឋាននៅខេត្ត Bac Giang និង Bac Ninh ។ ខេត្ត Bac Giang មានកម្មករជាង ២៤ម៉ឺននាក់ ខណៈដែលកម្មករ ប្រមាណ ៣៣ម៉ឺននាក់បាននិងកំពុងធ្វើការនៅតាមរោងចក្រនានានៅខេត្ត Bac Ninh»។

ដោយសារខេត្តទាំង ២ នេះមិនបានរងនូវវិធានការបិទខ្ទប់ផ្លូវការ អាជ្ញាធរមូលដ្ឋានក៏បានបញ្ជាឱ្យក្រុមហ៊ុន និងតំបន់មួយចំនួនធ្វើការបិទទ្វារជាបណ្តោះអាសន្នសិន។

នៅខេត្ត Bac Giang សួនឧទ្យានឧស្សាហកម្មចំនួន ៤ ក្នុងចំនោម ៦ ត្រូវបានបង្ខំឱ្យបិទនៅថ្ងៃទី ១៨ ខែឧសភា បន្ទាប់ពីបានរកឃើញករណីកូវីដ-១៩ ជាង ៣១០ ករណីចាប់តាំងពីថ្ងៃទី ២៧ ខែមេសាមក។ ទន្ទឹមនឹងនេះ ខេត្ត Bac Ninh ក៏បានបិទខ្ទប់ទីតាំងមួយចំនួន និងបានដាក់ចេញវិធានការរក្សាគំលាតនៅកន្លែងដទៃទៀតផងដែរ។

លើសពីនេះទៀត នៅថ្ងៃទី ១៧ ខែឧសភា អាជ្ញាធរដែលទទួលខុសត្រូវលើសួនឧទ្យានឧស្សាហកម្មនៅ Bac Ninh បានស្នើឱ្យក្រុមហ៊ុននៅតំបន់នេះបញ្ឈប់ជាបណ្តោះអាសន្ននូវការប្រើប្រាស់កម្មករ ដែលមកពីខេត្ត Bac Giang ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុស។ ប៉ុន្តែ ទិន្នន័យបានបង្ហាញថា «ប្រជាជន ប្រហែល ៣ម៉ឺននាក់មកពីខេត្ត Bac Giang នៅតែបន្តមកធ្វើការនៅខេត្ត Bac Ninh ជាធម្មតា»។

ទន្ទឹមនឹងនេះ អាជ្ញាធរនៅទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងរបស់ប្រទេស ក៏កំពុងពន្លឿនការធ្វើតេស្តទ្រង់ទ្រាយធំផងដែរ។ ទីក្រុងនេះមានតំបន់កែច្នៃសម្រាប់ការនាំចេញ (Export Processing Zone) សួនឧស្សាហកម្ម និងតំបន់បច្ចេកវិទ្យាទំនើប សរុបចំនួន ១៧ ដែលមានក្រុមហ៊ុនសរុបចំនួន ១ ៥០០ និងបានផ្តល់ការងារដល់កម្មករចំនួន ២៨ម៉ឺននាក់។

ការផ្ទុះឡើងនៃវីរុសនេះ បានកើតឡើងនៅចំពេលដែលប្រទេសវៀតណាមគ្រោងនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី ២៣ ខែឧសភាខាងមុខ។

បន្ទាប់ពីបានទទួលជោគជ័យក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃវីរុសនេះកាលពីឆ្នាំមុន ប្រទេសនេះបាននិងកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានវ៉ាក់សាំង។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ប្រទេសវៀតណាមមានឆន្ទៈក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការការពារនិងគ្រប់គ្រងលើវីរុសកូវីដ-១៩ ជាមួយប្រទេសដទៃទៀត ហើយទន្ទឹមនឹងនោះក៏មានបំណងចង់បន្តទទួលបានការគាំទ្រ និងជំនួយពីប្រទេសដទៃទៀតផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ និងផលិតកម្ម»។

លោកបាននិយាយថា «គ្មានប្រទេសណាមួយនឹងមានសុវត្ថិភាពនោះទេ រហូតទាល់តែគ្រប់ប្រទេសទាំងអស់មានសុវត្ថិភាព។ ដូច្នេះអាទិភាពកំពូលគឺការធានាឱ្យបាននូវការផ្គត់ផ្គង់វ៉ាក់សាំងដោយស្មើភាពគ្នា និងទាន់ពេលវេលា ហើយក៏ត្រូវរួមគ្នាកាត់បន្ថយឧបសគ្គពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងជំរុញការផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតកម្មវ៉ាក់សាំងឱ្យបានទាន់ពេលវេលាផងដែរ»។

ប្រទេសវៀតណាមបានស្ថិតនៅពីក្រោយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតពាក់ព័ន្ធនឹងការបញ្ជាទិញវ៉ាក់សាំង។ វិធានការណ៍ស្តីពីការធ្វើចត្តាឡីស័កដ៏តឹងរ៉ឹងបានជួយប្រទេសវៀតណាមទប់ស្កាត់ករណីកូវីដ-១៩ បានយ៉ាងល្អរហូតដល់ចុងខែមេសានេះ៕

អត្ថបទទាក់ទង