ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះខ្យល់ពុល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 5

ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះខ្យល់ពុល ដោយត្រូវបង្កើនការថែរក្សា សុខភាព ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យដឹងថា យោងតាម Vietnam News ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើងមេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ Hong វៀតណាមប្រឈមនឹងខ្យល់ពុល មានលាយជាមួយនឹងកម្ទេចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពមនុស្ស។ វាអាចផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ (alveoli) នៃសួត និងក្នុងសរសៃឈាម អាចបង្កឱ្យមានជាជំងឺមហារីក, ឬប៉ះពាល់ដល់ DNA និងនាំឱ្យមានបម្រែបម្រួលសេណេទីក។

ប្រភពដដែលបន្តថា អំឡុងពេលស្ថានភាពអាក្រក់និងគុណភាពខ្យល់មិនល្អ អ្នកជំនាញបរិស្ថានណែនាំឱ្យចៀសវាង ការចេញក្រៅ, បិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាស់ការពារធូលីពេលចេញក្រៅ ត្រូវលាងសម្អាតរន្ធច្រមុះនឹងទឹកអំបិល។ដូច្នេះ សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើង មេត្តាជ្រាបជាព័ត៌មាន និង មេត្តាយកចិត្តទុកដាក់ការពារសុខភាព។

ឆ្លៀតក្នុងឱកាស ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះចំនឹងថ្ងៃទិវាវប្បធម៌ ស្ថានទូតសូមជូនពរ សូមនិស្សិតសិក្ខាកាមយោធា-នគរបាលនិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសវៀតណាមរីករាយ និងស្វែងយល់ពីសម្បត្តិវប្បធម៌ជាតិយើង និងបំផុសការស្រឡាញ់ ថែរក្សា ការពារ និងលើកកំពស់សម្បត្តិវប្បធម៌ជាតិ ដូចមានក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕