ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពីវ៉ាក់សាំង Covishield និង Covaxin របស់ឥណ្ឌា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
ស្វែងយល់ពីវ៉ាក់សាំង Covishield និង Covaxin របស់ឥណ្ឌា ស្វែងយល់ពីវ៉ាក់សាំង Covishield និង Covaxin របស់ឥណ្ឌា

កាលពីខែមករា និយ័តករឱសថឥណ្ឌាបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងដែលផលិតនៅប្រទេសរបស់ខ្លួន ខណៈពេលដែលការសាកល្បងនៅដំណាក់កាលទី៣ កំពុងដំណើរការ ហើយដែលការធ្វើបែបនេះ បានបង្កឱ្យមានការសង្ស័យនិងចម្ងល់ជាច្រើនអំពីសំណាក់អ្នកជំនាញ។

ក្រុមហ៊ុនផលិតវ៉ាក់សាំង Bharat Biotech បាននិយាយថា «ការរកឃើញចុងក្រោយបង្អស់នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងដំណើរការស្រាវជ្រាវរកវ៉ាក់សាំងសម្រាប់វិស័យវិទ្យាសាស្ត្រនិងដើម្បីបម្រើឱ្យការ ប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19»។

ក្រុមហ៊ុននេះបានបន្តថា «ជាមួយនឹងលទ្ធផលនៅថ្ងៃនេះ ដែលទទួលបានពីការសាកល្បងនៅដំណាក់កាលទី៣ របស់យើង នាពេលឡូវនេះ យើងអាចមានទិន្នន័យអំពីវ៉ាក់សាំង Covid-19 របស់យើងនៅគ្រប់ដំណាក់កាលទាំងអស់ រាប់ចាប់ពីទី ១ ទី ២ និងទី ៣ ដែលមានអ្នកចូលរួមប្រហែល ២៧ ០០០ នាក់»។

និយតករឱសថនេះក៏បានផ្តល់ភ្លើងខៀវផងដែរដល់វ៉ាក់សាំងរបស់ Oxford-AstraZeneca ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសឥណ្ឌាថាជា «វ៉ាក់សាំង Covishield» ដើម្បីអាចប្រើប្រាស់បាន នៅក្នុងប្រទេស។

នៅដើមខែមករា ប្រទេសឥណ្ឌាបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលជាកិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំវ៉ាក់សាំងដ៏ធំបំផុតនៅក្នុងពិភពលោក ហើយរហូតមកដល់ពេលនេះឥណ្ឌាបានចាក់វ៉ាក់សាំងដល់មនុស្សជិត ១៥ លាននាក់ ហើយខណៈដែលបុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខត្រូវបានផ្តល់អាទិភាពនៅក្នុងដំណាក់កាលដំបូងនេះ។

កាលពីថ្ងៃចន្ទ និយតករនេះបាននិយាយថា «មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ និងអ្នកដែលមានអាយុចន្លោះពី ៤៥ ទៅ ៥៩ ឆ្នាំ ប៉ុន្តែមានជំងឺផ្សេងៗ អាចទទួលការចាក់វ៉ាក់សាំងបាន»។

រដ្ឋាភិបាលឥណ្ឌាមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនអាទិភាពចំនួន ៣០០ លាននាក់ ឱ្យបាននៅត្រឹមចុងខែកក្កដា។ ក៏ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា «ល្បឿននៃការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយបើមិនមានការពង្រឹងឡើងវិញនោះទេ នោះគោលដៅនេះនឹងមិនអាចសម្រេចបាននោះទេ»។

ប្រទេសឥណ្ឌាក៏បាននិងកំពុងផ្តល់វ៉ាក់សាំងដល់ប្រទេសជិតខាងរបស់ខ្លួន និងបណ្តាប្រទេសជាច្រើនទៀតផងដែរ ដោយក្នុងនោះ ឥណ្ឌាបានបញ្ជូនវ៉ាក់សាំង Covid-19 ជាច្រើនម៉ឺនដូសដោយឥតគិតថ្លៃទៅកាន់ប្រទេសមួយចំនួន ខណៈដែលសកម្មភាពនេះត្រូវបានមនុស្សជាច្រើនចាត់ ទុកជា «ការទូតវ៉ាក់សាំង»

ប្រទេសឥណ្ឌាគឺជាប្រទេសផលិតវ៉ាក់សាំងដ៏ធំមួយដែលអាចផលិតវ៉ាក់សាំងបាន ៦០% នៅលើពិភពលោក និងក៏ជាកន្លែងដែលមានក្រុមហ៊ុនផលិតធំៗ ជាច្រើនទៀតផងដែរ។

ក្រុមហ៊ុនផលិតវ៉ាក់សាំង Bharat Biotech ដែលមានអាយុកាល ២៤ ឆ្នាំ បានផលិតវ៉ាក់សាំងចំនួន១៦ និងបាននាំចេញទៅកាន់ ១២៣ ប្រទេស។

វ៉ាក់សាំង Covaxin គឺជាវ៉ាក់សាំងបង្កអសកម្មមួយដែលមានន័យថា «វាត្រូវបានបង្កើតឡើងដោយប្រើវីរុសកូរ៉ូណា ងាប់ៗ ដើម្បីឱ្យវាមានសុវត្ថិភាពក្នុងការចាក់ចូលទៅក្នុងខ្លួនមនុស្ស»។

ក្រុមហ៊ុន Bharat Biotech បានប្រើគម្រូមួយនៃវីរុសកូរ៉ូណា ដែលត្រូវបានញែកចេញដោយវិទ្យាស្ថានជាតិវីរុសសាស្រ្ត (National Institute of Virology) របស់ប្រទេសឥណ្ឌា។

នៅពេលដែលចាក់ចូលទៅក្នុងខ្លួនមនុស្ស កោសិកាភាពស៊ាំនៅតែអាចស្គាល់វីរុសងាប់ៗទាំងនោះ ហើយវានឹងជំរុញឱ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សបង្កើតអង់ទីករប្រឆាំងនឹងវីរុសរាតត្បាតនេះ។

វ៉ាក់សាំង Covaxin នឹងត្រូវចាក់ចំនួន ២ ដូសក្នុង រយៈពេល ៤ សប្តាហ៍ពីដូសនីមួយៗ ហើយវ៉ាក់សាំងនេះអាចត្រូវបានរក្សាទុកនៅក្នុងកម្រិតសីតុណ្ហភាពពី. ២ អង្សាសេ ទៅ ៨ អស្សាសេ។

ក្រុមហ៊ុន Bharat Biotech បានឱ្យដឹងថា «ខ្លួនមានស្តុកវ៉ាក់សាំង Covaxin ចំនួន ២០ លានដូស ហើយមានគោលបំណងផលិតវ៉ាក់សាំងបន្ថែមចំនួន ៧០០ លានដូសនៅទីតាំងផលិតទាំង ៤ របស់ខ្លួន ដែលនៅក្នុងទីក្រុងចំនួន ២ ឱ្យបាននៅត្រឹមចុងឆ្នាំនេះ»។

អ្វីៗបានចាប់ផ្តើមនៅក្នុងខែមករា នៅ ពេលដែលនិយ័តករនេះបាននិយាយថា «វ៉ាក់សាំងCovaxin ត្រូវបានអនុម័តឱ្យប្រើប្រាស់នៅក្នុងស្ថានភាពអាសន្ន ដែលមានកម្រិតដើម្បីបម្រើជាផលប្រយោជន៍សាធារណៈជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅក្នុងបរិបទនៃការបំលែងខ្លួនរបស់វីរុស»។

ក្រុមអ្នកជំនាញបានលើកឡើងនូវចម្ងល់ថា «តើវ៉ាក់សាំងមួយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងចំណោមជនងាយរងគ្រោះរាប់លាននាក់យ៉ាងដូចម្តេច ខណៈពេលដែលការសាកល្បងរបស់វ៉ាក់សាំងកំពុងតែស្ថិតនៅក្នុងដំណើរការ»។

បណ្តាញសកម្មភាពឱសថឥណ្ឌា (All India Drug Action Network) នៅពេលនោះបាននិយាយថា «តក្កវិជ្ជាវិទ្យាសាស្ត្រ ក្នុងការអនុម័តលើវ៉ាក់សាំងណាមួយ ដែលមិនទាន់ត្រូវបានសិក្សាឱ្យបានពេញលេញ គឺជារឿងដែលពិបាកយល់។ ការព្រួយបារម្ភបានកើនឡើងយ៉ាងខ្លាំង ដោយសារអវត្តមាននៃទិន្នន័យស្តីអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង»។

ទាំងអ្នកផលិត និងនិយតករឱសថ បានការពារវ៉ាក់សាំង Covaxin ដោយនិយាយថា «វាមានសុវត្ថិភាព ហើយអាចផ្តល់នូវភាពស៊ាំដ៏រឹងមាំ»។

ក្រុមហ៊ុន Bharat Biotech បាននិយាយថា «ច្បាប់សាកល្បងវ៉ាក់សាំងរបស់ឥណ្ឌាបានអនុញ្ញាតឱ្យមានការបង្កើនល្បឿននៃការអនុញ្ញាតឱ្យប្រើវ៉ាក់សាំងបន្ទាប់ពីការសាកល្បងនៅដំណាក់កាលទី ២ សម្រាប់បណ្តាជំងឺដែលធ្ងន់ធ្ងរ និងបង្កការគំរាមកំហែងដល់អាយុជីវិតរបស់មនុស្សនៅក្នុងប្រទេស»។

ចំណែកវ៉ាក់សាំងមួយទៀតរបស់ឥណ្ឌា គឺវ៉ាក់សាំង Covishield ដែលជាវ៉ាក់សាំង Oxford-AstraZeneca និងកំពុងត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌាដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា (Serum Institute of India) ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេនៅលើពិភពលោក។

វ៉ាក់សាំងនេះត្រូវបានផលិតចេញពីគម្រូដ៏ខ្សោយនៃវីរុសផ្តាសាយធម្មតា (ដែល មានឈ្មោះថា : adenovirus) ដែលយកចេញពីសត្វស្វាឪ (Chimpanzee)។ វាត្រូវបានគេបំលែងឱ្យមើលទៅដូចជាវីរុសកូរ៉ូណា ក៏ប៉ុន្តែវាមិនអាចបង្កឱ្យមនុស្សឈឺនោះទេ។

នៅពេលដែលវ៉ាក់សាំងត្រូវបានចាក់ចូលទៅក្នុងអ្នកជំងឺ វានឹងជំរុញឱ្យប្រព័ន្ធភាពស៊ាំចាប់ផ្តើមបង្កើតអង្គទីករ ហើយនឹងចាប់ផ្តើមវាយប្រហារទៅលើការឆ្លងវីរុសកូរ៉ូណា។

វ៉ាក់សាំងនេះនឹងត្រូវចាក់ចំនួន ២ ដូស ចន្លោះពេលពី ៤ ទៅ ១២ សប្តាហ៍ ហើយវាអាចត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅក្នុងសីតុណ្ហភាពចន្លោះពី ២ អង្សាសេ ទៅ ៨ អង្សាសេដែលនឹងផ្តល់ភាពងាយស្រួលដល់ការចែកចាយ ជាងវ៉ាក់សាំងមួយចំនួនផ្សេងទៀត។

វិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាបាននិយាយថា «វ៉ាក់សាំង Covishield មានប្រសិទ្ធភាពខ្ពស់ជាមួយនិងទិន្នន័យសាកល្បងនៅដំណាក់កាលទី ៣ ដែលទទួលបានពីប្រទេសប្រេស៊ីល និងចក្រភពអង់គ្លេស»។

ប៉ុន្តែក្រុមសិទិ្ធរបស់អ្នកជម្ងឺដែលមានឈ្មោះថា «បណ្តាញសកម្មភាពឱសថឥណ្ឌា-All India Drug Action Network» បាន និយាយថា ការអនុម័តលើវ៉ាក់សាំង នេះមានភាពប្រញាប់ប្រញាល់ពេក ខណៈ ដែលក្រុមហ៊ុនមិនទាន់បានបញ្ចប់ការសិក្សាអំពីវ៉ាក់សាំងនៅលើប្រជាជនឥណ្ឌានៅឡើយទេ។

វ៉ាក់សាំងផ្សេងៗទៀតដែលស្ថិតក្នុងដំណាក់កាលសាកល្បងផ្សេងៗគ្នានៅក្នុងប្រទេសឥណ្ឌាដើម្បីធ្វើតេស្តលើសុវត្ថិភាព និងប្រសិទ្ធភាពរួមមាន៖

  • វ៉ាក់សាំង ZyCov-Di ដែលកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Zydus-Cadila ដែលមានមូលដ្ឋាននៅ Ahmedabad។ វ៉ាក់សាំងមួយត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុនឯកជន Biological E នៅ
    ទីក្រុង Hyderabad ដោយសហការជាមួយក្រុមហ៊ុន Dynavax ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិកនិងសាកលវិទ្យាល័យ Baylor College of Medicine
  • វ៉ាក់សាំង HGCO19 ដែលផលិតដោយក្រុមហ៊ុន Genova ដោយសហការជាមួយសាជីវកម្ម HDT Biotech Corporation ដែល មានមូលដ្ឋាននៅទីក្រុង Seattle សហរដ្ឋអាមេរិក
  • វ៉ាក់សាំងបាញ់តាមច្រមុះរបស់ក្រុមហ៊ុន Bharat BioTech
  • វ៉ាក់សាំង Sputnik V ដែលត្រូវបានបង្កើតឡើងដោយមន្ទីរ ពិសោធន៍របស់វេជ្ជបណ្ឌិត Reddy និងមជ្ឈមណ្ឌល Gamaleya National Centre នៅប្រទេសរុស្ស៊ី និងវ៉ាក់សាំងទី ២ ដែលកំពុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Serum និងក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង Novavax របស់អាមេរិក។

ប្រទេសដែលកំពុងចុះឈ្មោះប្រើវ៉ាក់សាំងរបស់ឥណ្ឌា រួមមានប្រទេសប៊ូតាន់, ម៉ាល់ឌីវ, បង់ក្លាដែស, នេប៉ាល់, មីយ៉ាន់ម៉ា និង Seychelles ដែលទទួលបានវ៉ាក់សាំងរបស់ឥណ្ឌារួចរាល់ហើយ។

រហូតមកដល់ពេលនេះមានតែវ៉ាក់សាំង Covishield ប៉ុណ្ណោះដែលត្រូវបាននាំចេញ ដោយមួយចំនួនស្ថិតក្នុងទម្រង់ជា «អំណោយ» ហើយមួយចំនួនទៀតគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចុះហត្ថលេខារវាងវិទ្យាស្ថាន Serum និងបណ្តាប្រទេសដទៃ។

កាលពីខែមិថុនាឆ្នាំមុន ក្រុមហ៊ុន AstraZeneca បានចុះកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណជាមួយវិទ្យាស្ថាន Serum ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១ ពាន់លានដូស ដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដោយបានប្តេជ្ញាផ្តល់ឱ្យចំនួន ៤០០ លានដូសឱ្យបានមុនដំណាច់ឆ្នាំ ២០២០នេះ។

ប្រទេសឥណ្ឌាក៏គ្រោងនឹងបញ្ជូនវ៉ាក់សាំងទៅប្រទេសស្រីលង្កា, អាហ្វហ្គានីស្ថាន និង Mauritius ផងដែរ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យបទប្បញ្ញត្តិនៅក្នុងប្រទេសទាំងនេះ ហើយឥណ្ឌាក៏បានគ្រោងនាំចេញវ៉ាក់សាំង Covishield ទៅកាន់ប្រទេសប្រេស៊ីលផងដែរ។

ក្រសួងការបរទេសនិយាយថា «ប្រទេសឥណ្ឌានឹងបន្តផ្គត់ផ្គង់វ៉ាក់សាំង នៅទូទាំងពិភពលោក ជាមួយនឹងការពិចារណាអំពីតម្រូវការក្នុងស្រុក បូករួមនឹងតម្រូវការនិងកាតព្វកិច្ចអន្តរជាតិ»៕ Times of India

អត្ថបទទាក់ទង