ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលស្នើដល់គណៈអភិបាលរាជធានី-ខេត្ត សម្រួលដល់ប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាកសាំងលើកទី២ នៅកន្លែងដដែល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 37
ក្រសួងសុខាភិបាលស្នើដល់គណៈអភិបាលរាជធានី-ខេត្ត សម្រួលដល់ប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាកសាំងលើកទី២ នៅកន្លែងដដែល ក្រសួងសុខាភិបាលស្នើដល់គណៈអភិបាលរាជធានី-ខេត្ត សម្រួលដល់ប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាកសាំងលើកទី២ នៅកន្លែងដដែល

ក្រសួងសុខាភិបាលស្នើដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវសម្រួលចរាចរណ៍ធ្វើដំណើរដល់ប្រជាពលរដ្ឋដែលឆ្លងកាត់តំបន់បម្រាមគោចរ ដើម្បីឱ្យពួកគាត់បានទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ លើកទី២ បាននៅកន្លែងដដែល ក្រោយចាក់លើកទី១ ដើម្បីកុំឱ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងក្លាយជាអាសារបង់។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានឱ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋបានសុំមកក្រសួង លើបញ្ហាពួកគាត់ ដល់វេនចាក់វ៉ាក់សាំង លើកទី២ ប៉ុន្ដែពួកគាត់ជាប់គាំងនៅតាមទីតាំងមួយចំនួន ដែលជាតំបន់បម្រាមគោចរ ធ្វើឱ្យពិបាកទៅចាក់វ៉ាក់សាំង លើកទី២ ។

លោកស្រីបានពន្យល់ថា សម្រាប់វ៉ាក់សាំងស៊ីណូហ្វាមនិងស៊ីណូវ៉ាក់ គឺចន្លោះពេល១៤ថ្ងៃទៅ២៨ថ្ងៃ។ ដោយឡែក វ៉ាក់សាំងកូវីស្យែល (CoviShield) គឺ៨សប្ដាហ៍ ទៅ១២សប្ដាហ៍ ក្រោយពីថ្ងៃចាក់លើកទី១ ដូចនេះអាជ្ញាធរនីមួយៗ គួរសម្រួលចរាចរណ៍ធ្វើដំណើរដល់ប្រជាពលរដ្ឋដែលឆ្លងកាត់តំបន់បម្រាមគោចរ ដើម្បីឱ្យពួកគាត់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ បាននៅកន្លែងដដែលក្រោយចាក់លើកទី១ ដោយសារក្នុងការចាក់វ៉ាក់សាំងនីមួយៗសុទ្ធតែបានដាក់ថ្ងៃ ខែ លើកទី១ ហើយអាជ្ញាធរ អាចធ្វើការវាយតម្លៃបានហើយ។

លោកស្រីបានស្នើយ៉ាងដូច្នេះថា «ស្នើសុំដ៏ទទូចដល់ឯកឧត្តមលោកជំទាវ នៃគណៈអភិបាលរាជធានីខេត្ត សុំមេត្តាជួយចាត់ចែងលើបញ្ហានេះ ក្នុងនាមជាអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩នេះ នៅក្នុងក្របខណ្ឌខេត្តនីមួយៗសុំមេត្តាជួយដោះស្រាយទៅលើបញ្ហាកង្វល់របស់ប្រជាពលរដ្ឋទៅលើការមិនអនុញ្ញាតឱ្យពួកគាត់មកចាក់វ៉ាក់សាំងលើកទី២ នៅកន្លែងទីតាំងដែលពួកគាត់បានចាក់លើកទី១ »។

សូមបញ្ជាក់ថា ត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨១៥,៩៧៤នាក់៕

អត្ថបទទាក់ទង