ខ្មែរប៉ុស្ដិ៍ Close

សហភាពអឺរ៉ុប ចង់បានការប្តេជ្ញាពីក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 4
សហភាពអឺរ៉ុប ចង់បានការប្តេជ្ញាពីក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ សហភាពអឺរ៉ុប ចង់បានការប្តេជ្ញាពីក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ឯកសាររបស់គណៈកម្មការអឺរ៉ុប បានលើកឡើងថា «ក្រុមហ៊ុន Facebook ក្រុមហ៊ុនអេឡិចត្រូនិក Google ព្រមទាំងក្រុមហ៊ុនយក្សបច្ចេកវិទ្យាដទៃទៀតនឹងត្រូវធ្វើការប្តេជ្ញាអំពីការចាត់វិធានការន្ថែមទៀត ដើម្បីទប់ស្កាត់ការរកប្រាក់ពីព័ត៌មានមិនពិត តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម»។

នាយកប្រតិបត្តិរបស់សហភាពអឺរ៉ុបក៏ចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គម ឬសេវាកម្មស្វែងរកនៅលើប្រព័ន្ធផ្សព្វផ្សាយ (Search Service) សេវាកម្មផ្ញើសារឯកជន (Private Messaging Service) ប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យា ភ្នាក់ងារទំនាក់ទំនង និងសេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក វេទិការនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធប្រមូលមូលនិធិ/ការបរិច្ចាគ ធ្វើប្តេជ្ញាពាក់ព័ន្ធនឹងបញ្ហាដូចគ្នានេះដែរ។

សំណើនេះគឺជាផ្នែកមួយនៃសំណើរជាច្រើនដែលមានគោលបំណងដោះស្រាយបញ្ហាកង្វះខាតនៃក្រមការងារស្ម័គ្រចិត្តស្តីពីការផ្សព្វផ្សាយព័ត៌មានមិនពិតនៅឆ្នាំ ២០១៨ ដែលក្រុមហ៊ុន Google, Facebook , Twitter, Microsoft, Mozilla និង TikTok សុទ្ធតែបានចុះហត្ថលេខាលើក្រមនេះ។

គណៈកម្មការអឺរ៉ុបចង់ឱ្យវេទិកាទាំងនេះរឹតបន្តឹងលើតម្រូវការនៃការជ្រើសរើស (Eligibility Requirements) និងដំណើរការត្រួតពិនិត្យលើមាតិកាសម្រាប់ការរកប្រាក់និងកម្មវិធីចែករំលែកប្រាក់ចំណូលដែលរកបានពីការផ្សាយពាណិជ្ជកម្មនៅលើវេទិការរបស់ពួកគេ ដើម្បីរារាំងការចូលរួមរបស់តួអង្គដែលចែកចាយមាតិកា ដែលជាព័ត៌មានមិនត្រឹមត្រូវ។

ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មគួរតែកំណត់លក្ខណៈវិនិច្ឆ័យលើការផ្សាយពាណិជ្ជកម្មដើម្បីផ្ទៀងផ្ទាត់ប្រភពនៃការផ្សាយពាណិជ្ជកម្មទាំងនោះ មុននឹងអនុញ្ញាតឱ្យវាត្រូវបានផ្សព្វផ្សាយនៅលើវេទិការរបស់ខ្លួន។ ឯកសារនេះក៏ចង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យា ដាក់ស្លាកសម្គាល់លើការផ្សាយដែលទាក់ទងនឹងបញ្ហានយោបាយឱ្យបានច្បាស់លាស់ផងដែរ។

ក្រមសីលធម៌ (Code of Conduct) ដែលបានធ្វើបច្ចុប្បន្នភាពនេះ ក៏បានដាក់ចេញនូវសូចនាករសំខាន់ៗស្តីអំពីការអនុវត្តជាលើកដំបូងផងដែរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរអាចធ្វើការផ្ទៀងផ្ទាត់ថា «តើក្រុមហ៊ុនទាំងនេះបានធ្វើតាមការប្តេជ្ញារបស់ពួកគេដែរឬទេ»។

ក្រុមហ៊ុនទាំងនេះនឹងនៅសល់ពេលរហូតដល់ចុងខែកញ្ញា ដើម្បីធ្វើការរៀបចំសេចក្តីព្រាងស្តីពីការ ប្តេជ្ញាចិត្តរបស់ពួកគេ ហើយគណៈកម្មការអឺរ៉ុបនឹងបង្ហាញក្រម ដែលបានធ្វើបច្ចុប្បន្នភាពហើយនៅថ្ងៃទី 26 ខែឧសភាខាងមុខនេះ៕ Reuters

អត្ថបទទាក់ទង