ខ្មែរប៉ុស្ដិ៍ Close

អតិផរណាកំពុងធ្វើឱ្យកិច្ចសន្យាសង្គមនៅអឺរ៉ុបរងនូវការផ្លាស់ប្តូរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 8
អតិផរណាកំពុងធ្វើឱ្យកិច្ចសន្យាសង្គមនៅអឺរ៉ុបរងនូវការផ្លាស់ប្តូរ អតិផរណាកំពុងធ្វើឱ្យកិច្ចសន្យាសង្គមនៅអឺរ៉ុបរងនូវការផ្លាស់ប្តូរ

ជាមួយនឹងតម្លៃថាមពលខ្ពស់និងនៅតែបន្តកើនឡើង ទន្ទឹមគ្នានឹងអត្រាអតិផរណាផងនោះ វាបានធ្វើឱ្យស្ថានភាពបច្ចុប្បន្នមានលក្ខណៈស្រដៀងគ្នាទៅនឹងទសវត្សរ៍ឆ្នាំ ១៩៧០ ក៏ប៉ុន្តែវានៅមានភាពមិនច្បាស់លាស់មួយចំនួន។ នៅឆ្នាំ ២០២២ ដែលដូចគ្នានឹងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែរ វិបត្តិតម្លៃថាមពលបានជំរុញឱ្យតម្លៃទំនិញជាច្រើនមានការកើនឡើង។

«អត្រាអតិផរណាស្នូល» ដែលជាការដកចេញនូវតម្លៃថាមពលនិងអាហារ កំពុងខិតជិតដល់ ៦% នៅសហរដ្ឋអាមេរិក និង ៤% នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។ ដូចគ្នានឹងទសវត្សរ៍ឆ្នាំ ១៩៧០ ដែរ ការភ័យខ្លាចកំពុងមានការកើនឡើងដែលថា «និន្នាការនេះនឹងមិនរលាយបាត់ទៅវិញភ្លាមៗទេ»

ប៉ុន្តែជាក់ស្តែង យើងមិនមែនកំពុងរស់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ ដោយក្នុងនោះភាពខុសគ្នាដ៏សំខាន់មួយគឺពាក់ព័ន្ធនឹងទីផ្សារការងារ។ កាលពីមុន ការកើនឡើងនៃតម្លៃថាមពលនិងតម្លៃទំនិញផ្សេងៗទៀត នឹងនាំមកនូវការកើនឡើងនូវប្រាក់ឈ្នួលដោយស្វ័យប្រវត្តិ។

បច្ចុប្បន្ន រឿងនេះមិនបានកើតឡើងនោះទេ ជាពិសេសនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។ យោងតាមប្រព័ន្ធតាមដានប្រាក់ឈ្នួលរបស់ធនាគារកណ្តាលអឺរ៉ុប ECB «ប្រាក់ឈ្នួលនៅតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងត្រឹមតែ ៣% ប៉ុណ្ណោះមកទល់ពេលនេះ ដែលមានចំនួនតិចជាងអតិផរណា ៨,៦% ដែលបានរាយការណ៍នៅក្នុងខែមិថុនា»។

ភាពខុសប្លែកមួយទៀតនៅពេលបច្ចុប្បន្ននេះគឺ «អ្នកផលិតនៅអឺរ៉ុបអាចមានសមត្ថភាពបង្កើនតម្លៃទំនិញរបស់ពួកគេដើម្បីទូទាត់ចំណែកនៃការកើនឡើងតម្លៃថាមពល»។ ផ្អែកលើតម្លៃនៅខែមិថុនា ឆ្នាំ ២០២២ វិក័យប័ត្រនាំចូលថាមពលរបស់តំបន់ចាយប្រាក់អឺរ៉ូត្រូវបានកំណត់ថានឹងកើនឡើងដល់ជាង ៤% នៃ GDP នៅ ក្នុងឆ្នាំនេះ។ នៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ការឡើងថ្លៃថាមពលបានជំរុញឱ្យតម្លៃនាំចូលរបស់សហភាពអឺរ៉ុបកើនឡើង ២៤% បន្ទាប់ពីមានស្ថិរភាពអស់រយៈពេលជាងមួយទសវត្សរ៍។

តម្លៃនាំចេញពីសហភាពអឺរ៉ុបក៏បានកើនឡើងជាង ១២% ផងដែរ ហើយសហភាពអឺរ៉ុបបាននិងកំពុងនាំចេញច្រើនជាងនាំចូល។ ដូច្នេះ អ្នកផលិតនៅអឺរ៉ុបអាចទប់ទល់បាននឹងការបាត់បង់ប្រាក់ចំណូលដែលបណ្តាលមកពីតម្លៃថាមពលខ្ពស់ ហើយអាចរក្សាវាឱ្យនៅត្រឹម ២% នៃGDP។

បញ្ហាប្រឈមមួយគឺជា «ការធ្វើឱ្យការធ្លាក់ចុះនៃប្រាក់ចំណូលមានលក្ខណៈស្មើភាពគ្នានៅក្នុងវិស័យសេដ្ឋកិច្ចទាំងមូល»។ ខណៈដែលប្រាក់ឈ្នួលពិតប្រាកដបានធ្លាក់ចុះប្រហែល ៥% រហូតមកដល់ពេលនេះ កម្មករនៅអឺរ៉ុបបាននិងកំពុងទទួលរងនូវផលប៉ះពាល់ទាំងស្រុងពីបញ្ហាអតិផរណា។

ដោយសារចំណែកប្រាក់ឈ្នួលមានចំនួនប្រហែល ៦២% នៃ GDP នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ការធ្លាក់ចុះ ៥% នៅក្នុងប្រាក់ឈ្នួលពិតប្រាកដនឹងបន្សល់ចំណែក ៣,១% នៃ GDP សម្រាប់វិស័យផ្សេងទៀត។ នេះមានចំនួនច្រើនជាងខាតបង់ប្រាក់ចំណូល ២% ដែលជាហេតុធ្វើឱ្យប្រាក់ចំណេញនៅតែអាចកើនឡើង និងបានជួយប៉ះប៉ូវសងនូវការខាតបង់រហូតមកដល់ពេលនេះ។

ស្ថានភាពគឺមានលក្ខណៈខុសគ្នាខ្លាំងនៅសហរដ្ឋអាមេរិក។ ក្នុងនាមជាអ្នកផលិតប្រេងនិងឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក ការនាំចេញថាមពលរបស់សហរដ្ឋអាមេរិកគឺមានទំហំច្រើនដូចគ្នានឹងការនាំចូល។ ដូច្នេះ លក្ខខណ្ឌពាណិជ្ជកម្មរបស់អាមេរិកមិនបានរងនូវផលប៉ះពាល់ទាល់តែសោះ ដោយសារតម្លៃនាំចូលនិងនាំចេញបានកើនឡើងក្នុងបរិមាណដូចគ្នា ខណៈដែលប្រាក់ឈ្នួលបានកើនឡើងជាង ៦% (យោងតាមអ្នកតាមដានប្រាក់ឈ្នួលរបស់ធនាគារកណ្តាលអាត្លង់តា)។

«តើការសម្របសម្រួលប្រាក់ឈ្នួលរបស់អឺរ៉ុបមានលក្ខណៈគួរឱ្យទុកចិត្តបានកម្រិតណា?»

សហភាពអឺរ៉ុបកំពុងជួបប្រទះនឹងបញ្ហាអតិផរណានៃប្រាក់ចំណេញ ជាជាងបញ្ហាអតិផរណានៃប្រាក់ឈ្នួល បើទោះបីជាប្លុកនេះកំពុងរងនូវការខាតបង់ប្រាក់ចំណូលសរុបក៏ដោយ។

ការទាមទារប្រាក់ឈ្នួលកំពុងកើតមាននៅពាសពេញតំបន់ចាយប្រាក់អឺរ៉ូ។ ជាឧទាហរណ៍ សហជីព «IG Metall» ដ៏មានឥទ្ធិពលរបស់ប្រទេសអាល្លឺម៉ង់ កំពុងអំពាវនាវឱ្យមានការដំឡើងប្រាក់ឈ្នួល ៨% សម្រាប់កម្មករនៅក្នុងឧស្សាហកម្មដែក ដែលបច្ចុប្បន្នកំពុងទទួលបានប្រាក់ចំណេញខ្ពស់។ ដើម្បីរក្សាសន្តិភាពសង្គម បណ្តាប្រទេសមួយចំនួន បូករួមទាំងអាល្លឺម៉ង់ផង បានដាក់ចេញនូវវិធានការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២ ខ្ទង់។

ទោះជាយ៉ាងណាក៏ដោយ ការដំឡើងប្រាក់ឈ្នួលដែលត្រូវបានចរចារមកទល់ពេលនេះនៅតែមានកម្រិតតិចតួច ពោលគឺមានចំនួនប្រហែល ៤% ប៉ុណ្ណោះ (នេះបើយោងតាមធនាគារកណ្តាលអឺរ៉ុប-ECB)។ ប្រាក់ឈ្នួលជាក់ស្តែងអាចនឹងមានការកើនឡើងបន្ថែមទៀត ខណៈដែលនិយោជកនៅក្នុងវិស័យដែលរងផលប៉ះពាល់ កំពុងមានបំណងផ្តល់បុព្វលាភ (Premium) ដល់កម្មកររបស់ពួកគេ។

ប៉ុន្តែ វានៅតែមានការលំបាកខ្លាំង ក្នុងការធ្វើឱ្យការដំឡើងប្រាក់ឈ្នួល អាចដើរតាមទាន់អត្រាអតិផរណានៅក្នុងពេលឆាប់ៗខាងមុខ។ ហេតុផលចម្បងសម្រាប់បញ្ហានេះគឺថា «រដ្ឋាភិបាលនៅទូទាំងទ្វីបអឺរ៉ុបកំពុងផ្តល់ការជួយដោយផ្ទាល់ទៅកាន់គ្រួសារដើម្បីទូទាត់ថ្លៃថាមពលដែលកំពុងកើនឡើងខ្ពស់»។

ជាឧទាហរណ៍ រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ចេញកញ្ចប់ជំនួយដែលរួមមានការបង់ប្រាក់តែមួយលើកសម្រាប់បុគ្គលិក (Lum-sum Payment) និងការឧបត្ថម្ភធនលើថ្លៃប្រើប្រាស់ម៉ាស៊ីនកម្តៅសម្រាប់គ្រួសារ ដោយបញ្ចូលវាទៅក្នុងអត្ថប្រយោជន៍លំនៅដ្ឋាន។

រដ្ឋាភិបាលអេស្ប៉ាញក៏កំពុងឧបត្ថម្ភធនលើថ្លៃឧស្ម័នធម្មជាតិសម្រាប់អ្នកផលិតថាមពលផងដែរ។ ប៉ុន្តែវិធីសាស្រ្តក្នុងការរក្សាតម្លៃអគ្គិសនីនេះគឺជារឿងខុសឆ្គង ដោយសារវាបាននិងកំពុងលើកទឹកចិត្តឱ្យមនុស្សប្រើប្រាស់ឧស្ម័ន ខណៈពេលដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងគំរាមកំហែងកាត់បន្ថយការផ្គត់ផ្គង់។

ប៉ុន្តែផែនការបែបនេះកំពុងឆ្លុះបញ្ចាំងពីកិច្ចសន្យាសង្គមថ្មីមួយដែលកំពុងលេចឡើងនៅអឺរ៉ុប ដែលនោះគឺ «រដ្ឋាភិបាលជួយកម្មករកាត់បន្ថយចំណាយលើតម្លៃថាមពលខ្ពស់ ហើយជាថ្នូរត្រឡប់មកវិញ កម្មករនឹងមិនទាមទារសុំដំឡើងប្រាក់ឈ្នួលទេ»។

បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ ក្របខណ្ឌរបស់តំបន់ចាយប្រាក់អឺរ៉ូបានទទួលរងនូវការរិះគន់ជាបន្តបន្ទាប់ ដោយសារតែអវត្តមាននៃអាជ្ញាធរសារពើពន្ធ ដែលជាហេតុធ្វើឱ្យធនាគារកណ្តាលអឺរ៉ុប ECB ក្លាយជាស្ថាប័នទទួលខុសត្រូវតែមួយគត់។

ប៉ុន្តែពេលនេះ វាអាចមានលក្ខណៈខុសគ្នា ដោយក្នុងនោះ រដ្ឋាភិបាលកំពុងទប់ស្កាត់ការកើនឡើងនៃប្រាក់ឈ្នួល ដូចដែលបានកើតឡើងនៅក្នុងឆ្នាំ ១៩៧០ និងបានធ្វើឱ្យការងាររបស់ធនាគារកណ្តាលអឺរ៉ុប ECB មានភាពងាយស្រួលជាងមុន៕

Project Syndicate

អត្ថបទទាក់ទង