ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល សម្រេចឧបត្ថម្ភថ្លៃស្បៀង ទឹកស្អាត និងអគ្គិសនីជូនគ្រួសារនៅតំបន់បិទខ្ទប់ ដែលមានជីវភាពខ្វះខាតចន្លោះជិត១៦ម៉ឺន ដល់ជាង៣០ម៉ឺនរៀល, កម្មករម្នាក់ទទួលបាន១៦ម៉ឺនរៀល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ឯកសារ 35
រាជរដ្ឋាភិបាល សម្រេចឧបត្ថម្ភថ្លៃស្បៀង ទឹកស្អាត និងអគ្គិសនីជូនគ្រួសារនៅតំបន់បិទខ្ទប់ ដែលមានជីវភាពខ្វះខាតចន្លោះជិត១៦ម៉ឺន ដល់ជាង៣០ម៉ឺនរៀល, កម្មករម្នាក់ទទួលបាន១៦ម៉ឺនរៀល រាជរដ្ឋាភិបាល សម្រេចឧបត្ថម្ភថ្លៃស្បៀង ទឹកស្អាត និងអគ្គិសនីជូនគ្រួសារនៅតំបន់បិទខ្ទប់ ដែលមានជីវភាពខ្វះខាតចន្លោះជិត១៦ម៉ឺន ដល់ជាង៣០ម៉ឺនរៀល, កម្មករម្នាក់ទទួលបាន១៦ម៉ឺនរៀល

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថ្លៃស្បៀងអាហារ ទឹកស្អាត និងថ្លៃអគ្គិសនី ជូនក្រុមគ្រួសារដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានជីវភាពខ្វះខាត ចាប់ពីជិត១៦ម៉ឺនរៀល ដល់ជាង៣០ម៉ឺនរៀល។ ក្នុងនោះកម្មករកម្មការិនីម្នាក់ ក៏ទទួលបានការឧបត្ថម្ភរួម១៦ម៉ឺនរៀលផងដែរ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងជួបប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១។

គ្រួសារប្រជាពលរដ្ឋគោលដៅ នៅរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលទទួលបានការឧបត្ថម្ភនេះ រួមបញ្ចូលនូវ៖ គ្រួសារអ្នកបើកបរ, កម្មករសំណង់, អ្នកលក់ដូរតាមផ្លូវ, បុគ្គលិកលក់ដូរតាមផ្សារ, អ្នករើសសំរាម និងអ្នកធ្វើការផ្នែកសេវាកម្សាន្តជាដើម ដែលនឹងទទួលបានការវាយតម្លៃ ដោយអាជ្ញាធរមូលដ្ឋាន ដោយមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការចាត់ចែង និងសម្របសម្រួលដោយក្រសួងផែនការ តាមរយៈការធ្វើកិច្ចសម្ភាស តាមទូរស័ព្ទ សម្រាប់តំបន់ដែលមិនទាន់មានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ឬតាមរយៈការធ្វើកិច្ចសម្ភាសន៍ផ្ទាល់មុខ សម្រាប់តំបន់ដែលមានសុវត្ថិភាព ពីការឆ្លងជំងឺកូវីដ-១៩ ។

រាជរដ្ឋាភិបាលបានកំណត់ថា គ្រួសារប្រជាពលរដ្ឋគោលដៅនៅរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលត្រូវបានកំណត់អត្តសញ្ញាណ នឹងទទួលបានរបបឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់ជួយសម្រាលបន្ទុកថ្លៃស្បៀងអាហារ និងសម្រាប់ជួយបង់ថ្លៃទឹកស្អាត និងអគ្គិសនី ក្នុងកម្រិតអប្បបរមា សរុបមួយលើកគត់ តាមរយៈធនាគារវីង (Wing) ទៅតាមទំហំគ្រួសារ។

ក្នុងនោះសមាជិកគ្រួសារម្នាក់ បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកស្អាត២ខែ និងថ្លៃអគ្គិសនី២ខែ ទទួលបានប្រាក់សរុបចំនួន១៥៦,០០០រៀល។ សមាជិកគ្រួសារ ២-៣នាក់ បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកស្អាត២ខែ និងថ្លៃអគ្គិសនី២ខែ ទទួលបានប្រាក់សរុបចំនួន២៤៣,៧០០រៀល។ សមាជិកគ្រួសារ៤នាក់ឡើង បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកស្អាត២ខែ និងថ្លៃអគ្គិសនី២ខែ ទទួលបានប្រាក់សរុបចំនួន៣១១,០០០រៀល។

សម្រាប់កម្មករ-និយោជិត បម្រើការនៅតាមរោងចក្រ-សហគ្រាស នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់, ស្បែកជើង និងកាបូប នៅក្នុងតំបន់បិទខ្ទប់ ដូចបានកំណត់ខាងលើ នឹងទទួលបានការឧបត្ថម្ភមួយលើកគត់ ចំនួន១៦ម៉ឺនរៀល/ម្នាក់ ដែលនឹងត្រូវបានផ្តល់ជូន តាមរយៈយន្តការមានស្រាប់ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងអនុវត្តផ្តល់ជំនួយគាំទ្រសម្រាប់ករណីព្យួរការងារបណ្តោះអាសន្ន។

ដោយឡែក សម្រាប់គ្រួសារប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ ប្រភេទ «ក្រ-១» និង «ក្រ-២» នៅក្នុងតំបន់បិទខ្ទប់ដូចបានកំណត់ខាងលើ និងដែលកំពុងបន្តទទួលបាននូវជំនួយឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់ទ្រទ្រង់ជីវភាពពីរដ្ឋជារៀងរាល់ខែ គឺនឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភបន្ថែមទៀតទេ។

សូមជម្រាបថា នេះគឺជាការឧបត្ថម្ភជាសាច់ប្រាក់បន្ថែមរបស់រាជរដ្ឋាភិបាល ខណៈស្បៀងអាហារ រួមមាន អង្ករ, មី, ត្រីខកំប៉ុង, ទឹកត្រី និង/ឬ ទឹកស៊ីអ៊ីវ នៅតែបន្ដឧបត្ថម្ភជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ, ប្រជាពលរដ្ឋក្រីក្រ, កម្មករ-និយោជិត និងគ្រួសារប្រជាពលរដ្ឋផ្សេងទៀត ដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាក ហើយកំពុងរស់នៅក្នុងតំបន់ភូមិសាស្រ្តបិទខ្ទប់ដដែល៕

អត្ថបទទាក់ទង