ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ប្រកាសដាក់ឲ្យប្រើកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ដែលសិស្សអាចរៀនបានតាមទូរស័ព្ទដៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 79
ក្រសួងអប់រំ ប្រកាសដាក់ឲ្យប្រើកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ដែលសិស្សអាចរៀនបានតាមទូរស័ព្ទដៃ ក្រសួងអប់រំ ប្រកាសដាក់ឲ្យប្រើកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ដែលសិស្សអាចរៀនបានតាមទូរស័ព្ទដៃ

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជននិងកីឡា និងដៃគូអភិវឌ្ឍន៍ បានសហការ ប្រកាសបើកជាផ្លូវការ ដាក់ឱ្យប្រើប្រាស់នូវកម្មវិធីស្វ័យសិក្សា «MoEYS E-learning» ដែលជាកម្មវិធីរៀនតាមអនឡាញ តាមទូរស័ព្ទដៃឆ្លាតវៃ ដើម្បីជួយសម្រួលឱ្យសិស្សានុសិស្ស អាចស្វ័យសិក្សាបន្ដក្នុង App តែមួយបាន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម ប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវកម្មវិធីស្វ័យសិក្សាMoEYS E-learning ដែលជាកម្មវិធីរៀនអនឡាញតាមទូរស័ព្ទដៃឆ្លាតវៃ ។

លោកបន្ដថា ដោយមានការគាំទ្រពីគណ:កម្មការទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវ ជននិងកីឡា បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុន E-School Cambodia ផលិតកម្មវិធីស្វ័យសិក្សានេះជូនដល់អ្នកសិក្សា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអប់រំឌីជីថល បរិបទឧស្សាហកម្ម៤.០ ក្នុងស្ថានភាពកូវីដ-១៩។

អ្នកនាំពាក្យក្រសួងអប់រំបានបន្ថែមថា កម្មវិធីនេះបង្កើតឡើង ដោយបានប្រមូលផ្ដុំនៅក្នុងកម្មវិធីសិក្សាយ៉ាងសម្បូរបែបក្នុងទូរស័ព្ទតែមួយ ដើម្បីផ្ដល់ភាពកាន់តែងាយស្រួល ដល់សកម្មភាពការស្វ័យសិក្សា សម្រាប់សិស្សានុសិស្សនៅទូទាំងព្រះរាជាណាចក្រកម្ពុជា អាចសិក្សាដោយខ្លួនឯង ដោយគ្រាន់តែទាញយកកម្មវិធី «MoEYS E-Learning» នៅក្នុង App Store, Google Play និង AppGallery ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា កម្មវិធីស្វ័យសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវីដេអូសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិក រួមមាន៖ សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ។ លើសពីនេះ នៅលើឧបករណ៍ទូរស័ព្ទតែមួយកម្មវិធី ក៏អនុញ្ញាតឱ្យបង្កើតគណនី បានរហូតដល់៥ សម្រាប់អ្នកប្រើប្រាស់ផ្សេងៗគ្នា ហើយមាតាបិតាក៏អាចធ្វើការតាមដានការសិក្សារបស់កូនៗបានទៀតផង៕

អត្ថបទទាក់ទង