ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ដាក់ចេញនូវវិធានការពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌នៅតាមគ្រឹះស្ថានសិក្សា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 82
ក្រសួងអប់រំ ដាក់ចេញនូវវិធានការពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌នៅតាមគ្រឹះស្ថានសិក្សា ក្រសួងអប់រំ ដាក់ចេញនូវវិធានការពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌នៅតាមគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានដាក់ចេញនូវវិធានការ ៤ចំណុច ដើម្បីពង្រឹងនិងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា។

បើតាមក្រសួងអប់រំ មូលហេតុនៃការដាក់ចេញវិធានការនេះ ដោយសាររយៈពេលកន្លងមកនេះ បាតុភាពអសកម្ម និងអសីលធម៌មួយចំនួនបានកើតឡើងទាំងនៅក្នុង ទាំងនៅក្រៅបរិវេណនៃគ្រឹះស្ថានសិក្សា ដែលបានបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ក្នុងករណីខ្លះរហូតដល់បាត់បង់អាយុជីវិតរបស់យុវជនក្នុងវ័យសិក្សា។ ក្រសួងអប់រំ ទទួលស្គាល់នូវរាល់កង្វល់ និងការព្រួយបារម្ភនានាររបស់សាធារណជន មាតាបិតា អ្នកអាណាព្យាបាល និងសិស្ស និស្សិតទាំងអស់ ព្រមទាំងចូលរួមសោកស្តាយនិងរំលែកទុក្ខ ចំពោះក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់ ដោយសារហេតុការណ៍ទាំងនេះ។

ក្នុងគោលបំណងទប់ស្កាត់នូវបាតុភាពអសកម្ម និងអសីលធម៌ទាំងនេះនៅថ្ងៃខាងមុខ ក្រសួងអប់រំបានអំពាវនាវ និងណែនាំដល់អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងយុវជន ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមចូលរួមពង្រឹងនិងលើកកម្ពស់ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ ដូចខាងក្រោម៖
១៖ គណៈកម្មការគ្រប់គ្រងសាលារៀន៖ គណៈកម្មការទ្រទ្រង់សាលារៀន នាយកសាលារៀន និងគ្រូបន្ទុកថ្នាក់ ត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តឱ្យបានហ្មត់ចត់បំផុតនូវ «សេចក្តីណែនាំចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន» ជាពិសេសត្រូវពង្រឹងយន្តការរបស់ក្រុមប្រឹក្សាវិន័យនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ឱ្យបានរឹងមាំ។

២៖ ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ និងរចនាសម្ព័ន្ធអង្គការយុវជនដែលមាននៅតាមគ្រឹះស្ថានសិក្សារួមទាំងកាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហម ត្រូវចូលរួមឱ្យបានផុសផុលបំផុត ជាមួយសិស្សានុសិស្ស ក្នុងការកសាងមិត្តភាព សាមគ្គីភាព ការជួយយកអាសារគ្នា ការគោរពវិន័យនិងក្រមសីលធម៌ ការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល គ្រួសារ សាលារៀន និងសង្គមជាតិ។

៣៖ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវប្រើប្រាស់ពេលវេលាសមស្របសម្រាប់ការកោះប្រជុំសិស្សានុសិស្សតាមថ្នាក់ តាមក្រុម ឬក្នុងអំឡុងពេលមុនឬក្រោយកម្មវិធីគោរពទង់ជាតិ ដើម្បីធ្វើការពន្យល់ណែនាំ ដាស់តឿនក្រើនរំលឹក ដល់សិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា។ គ្រឹះស្ថានសិក្សា ត្រូវជំរុញការសិក្សាស្វែងយល់អំពីអត្ថន័យ និងការច្រៀងបទចម្រៀង «ពង្សាវតារខ្មែរ» ដើម្បីលើកតម្កើងភាពមោទនភាព ឧត្តមភាពជាតិនិយម និងការជឿជាក់លើព្រះរាជាណាចក្រកម្ពុជា ពីគ្រប់ស្រទាប់សិស្សានុសិស្ស។ សេចក្តីប្រកាសព័ត៌មាននេះ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ត្រូវផ្សព្វផ្សាយជាសាធារណៈ លើបញ្ជីរព័ត៌មាននៅតាមគ្រឹះស្ថានសិក្សា និងប្រព័ន្ធផ្សព្វផ្សាយតាមគ្រប់រូបភាព។

៤៖ គ្រូបន្ទុកថ្នាក់ និងគ្រូប្រចាំមុខវិជ្ជា ត្រូវបន្តដាស់តឿន ក្រើនរំលឹក និងបញ្ជាបការអប់រំចរិយាសម្បទា បន្ថែមលើពុទ្ធិសម្បទា និងបំណិនសម្បទានៅគ្រប់ម៉ោងសិក្សាទាំងអស់ដល់សិស្សានុសិស្សឱ្យអស់ពីលទ្ធភាព។ ក្រសួងអប់រំ បានថ្លែងអំណរគុណ និងសូមអំពាវនាវដោយទទូច ចំពោះមាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា សូមមេត្តាចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចំណាយពេលវេលាបន្ថែម ទាំងនៅតាមគេហដ្ឋាន ឬទីកន្លែងផ្សេងទៀត ក្នុងការបន្តអប់រំ ពន្យល់ ណែនាំបុត្រធីតាគ្រប់ៗរូប ឱ្យដើរលើគន្លងនៃសីលធម៌ និងចរិយាធម៌៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ មានខ្លឹមសារទាំងស្រុង៖

 

 

អត្ថបទទាក់ទង