ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឫស្សីកែវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឫស្សីកែវ ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឫស្សីកែវ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្រាប់ប្រតិបត្តិការបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង។

បើយោងតាមរបាយការណ៍ក្រសួងការពារជាតិ ចេញផ្សាយថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៥៤៤,៥៨៣នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ២៤៦,៧០២នាក់ ខណៈចាក់លើកទី២ បានចំនួន២៧៣,៤០០នាក់។

គិតត្រឹមយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៦០៦,០០៧នាក់។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែឧសភា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានចេញមកបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ-១៩នោះ គឺចាក់រហូតអស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើចាក់មិនអស់ គឺមិនដកថយជាដាច់ខាត៕

អត្ថបទទាក់ទង