លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ស្ថាប័នសារព័ត៌មានគឺជាដៃគូមិនអាចខ្វះបានរបស់រដ្ឋាភិបាល
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិតក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៨ ឆ្នាំនេះ បានលើកយកប្រធានបទស្តីពី «ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន» គឺពិតជាមានសារៈសំខាន់ណាស់ ហើយស្របទៅនឹងស្ថានភាពជាក់ស្តែងដែលមនុស្សទូទាំងសកលលោកបានចាត់ទុកថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃរបស់ពួកគេដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈដែលសកលលោក បាននិងកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លងរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតមនុស្សនៅលើសាកលលោកអស់ជាង៣លាននាក់ ហើយមនុស្សជិត១៥០លាននាក់បានឆ្លងមេរោគដ៏កាចសាហាវនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមនៅក្នុងសារលិខិតដដែលនោះ ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ វិស័យព័ត៌មានកាន់តែមានសារៈសំខាន់ថែមទៀតក្នុងការបំរើផលប្រយោជន៍សាធារណជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងនាំយកព័ត៌មាន និងសេចក្តីត្រូវការពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញដើម្បីដោះស្រាយបញ្ហាបានទាន់សភាពការណ៍ដែលបង្ហាញឱ្យឃើញថា ស្ថាប័នសារព័ត៌មានគឺជាដៃគូមិនអាចខ្វះបានរបស់រដ្ឋាភិបាល៕
សូមអានសារលិខិតខាងក្រោម៖