ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 63
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា។ នៅព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលជាង១ឆ្នាំ គឺឆ្នាំ២០២០ យើង មានអ្នកជំងឺកូវីដ-១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់ជាង៤០០០នាក់។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយ និងក៏បានផ្តាំសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ។
នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជួយដល់ គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ-១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ-១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជា៖
១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក ។
២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ-១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ-១៩។
៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។
៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ។
៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ-១៩នេះ លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។

លោកនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកកម្ពុជា អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ-១៩ អ្នកជំងឺកូវីដ-១៩ និងអ្នកត្រូវធ្វើចត្តាឡីស័ក។ លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តទៀតថា នៅព្រឹកនេះលោកនាយករដ្ឋមន្រ្តីបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្ករ មី និងត្រីខកំប៉ុងផងដែរ ពីព្រោះយប់មិញនេះរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

នៅព្រឹកមិញនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្តស្នើឲ្យធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនានាបន្តការពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ-១៩។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍អរគុណ និងស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក ដូចខាងក្រោម៖

១-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
២-សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។
៣-បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

៤-បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
៥-ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ ។
៦-ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ ក្នុងពិធីចូលឆ្នាំខ្មែរឆ្នាំនេះនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង