ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់ចំនួន ៣៨៨នាក់ ខណៈអ្នកជំងឺចំនួន ៤៨នាក់ជាសះស្បើយ និង ៣នាក់បានស្លាប់
ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីថយចុះមកត្រឹម ៣៨៨នាក់ ខណៈអ្នកជំងឺចំនួន៤៨នាក់ បានជាសះស្បើយ និងអ្នកជំងឺ ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលបានបញ្ជាក់ថាក្នុងចំណោមអ្នកដែលរកឃើញឆ្លងថ្មីទាំង ៣៨៨នាក់ មាន ១នាក់ជាករណីនាំចូល (ជាពលករឆ្លងមកពីប្រទេសថៃ) និង ៣៨៧នាក់ជាអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍ ២០ កុម្ភៈ។ ក្នុងនោះរួមមាន៖
- ភ្នំពេញ (331)
- បន្ទាយមានជ័យ (35)
- ព្រៃវែង (8)
- កណ្ដាល (4)
- កំពង់ស្ពឺ (3)
- តាកែវ (2)
- កំពង់ចាម (2)
- សៀមរាប (1)
- ស្វាយរៀង (1)
សម្រាប់អ្នកជាសះស្បើយទាំង ៤៨នាក់វិញ សុទ្ធតែជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៣.៧៩០នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១៣.២៣៧នាក់, អ្នកជាសះស្បើយចំនួន ៥.២០០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៨.៤៨៧នាក់, អ្នកស្លាប់ចំនួន ៩៦នាក់ និងអ្នកជំងឺកូវីដ-១៩ ស្លាប់ដោយជំងឺផ្សេងៗក្រៅពីកូវីដ-១៩មានចំនួន ៧នាក់៕