ខ្មែរប៉ុស្ដិ៍ Close

សមត្ថកិច្ច​ឆែក​រក​ឃើញ​ភ័ស្តុតាង ​ក្នុង​ធុងសំរាម​តាម​បន្ទប់​បញ្ចាំង​កុន​គេង​កើយ​ជា​គូ​ៗ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 63
សមត្ថកិច្ច​ឆែក​រក​ឃើញ​ភ័ស្តុតាង ​ក្នុង​ធុងសំរាម​តាម​បន្ទប់​បញ្ចាំង​កុន​គេង​កើយ​ជា​គូ​ៗ សមត្ថកិច្ច​ឆែក​រក​ឃើញ​ភ័ស្តុតាង ​ក្នុង​ធុងសំរាម​តាម​បន្ទប់​បញ្ចាំង​កុន​គេង​កើយ​ជា​គូ​ៗ

ភ្នំពេញ ៖ ជុំវិញការឆ្មក់បង្ក្រាបរបស់កម្លាំង​ចម្រុះ​ខណ្ឌចំការមន លើទីតាំង​បញ្ចាំង​កុន​គ្មាន​ច្បាប់​១​កន្លែង ត្រួតពិនិត្យ​ទីតាំង​មាន​លក្ខណៈ​ជា​បន្ទប់​គ្រែ​ពូក ដែលអាចឲ្យយុវវ័យប្រព្រឹត្ត​រឿងក្តៅ​សាច់បាន សំណុំរឿងនេះ មន្រ្តីជំនាញ​កំពុង​តែ​ប្រមូល​ភ័ស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ​នានា បន្ត​នីតិវិធីស៊ើបអង្កេត​តាម​ផ្លូវ​តុលាការ ។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌចំការមន ក្រោម​ការ​សម្របសម្រួល​ពី​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆែកឆេរ​ទីតាំង​ផ្ទះល្វែង​មួយ​កន្លែង​ក្បែរ​ផ្សារ​សុ​វ​ណ្ណា យីហោ Home Cinema បន្ទាប់​ពី​សង្ស័យ​ថា កំពុង​ធ្វើ​អាជីវកម្ម​បើក​បញ្ចាំង​កុន​គ្មាន​ច្បាប់​អនុញ្ញាត ដោយ​បាន​ឃាត់ខ្លួន​យុវវ័យ​ប្រុស​ស្រី​ចំនួន​១៩​នាក់ ដែល​បាន​មក​ពពាក់ពពូន​គ្នា​ចូល​មក​មើល​កុន​ក្តៅ​សាច់ និង​បាន​ដកហូត​ម៉ូតូ​ចំនួន​១៥​គ្រឿង ។

ប្រតិបត្តិការ​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​រោងកុន​ខុសច្បាប់ នៅ​ចំណុច​ផ្ទះល្វែង​លេខ​អេ​ហ្វ​៣២ ផ្លូវ​បេតុង ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បាន​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន អំពី​សកម្មភាព​ចម្លែក​ក្នុង​ចំណោម​ក្មេង​សិ​ស្សា​សាលា​មក​ពពាក់ពពូន​គ្នា​ចូល​មើល​កុន ដោយ​អ្នកខ្លះ​មើល​ក្នុង​បន្ទប់​មួយ​មាន​គ្នា​តែ​២​នាក់ ចំណែក​អ្នកខ្លះ​ចូល​មើល​ក្នុង​បន្ទប់​មាន​ទាំង​ពូក​ដេក​សម្រាប់​មើល​កុន​ក្តៅ​សាច់​ថែម​ទៀត​ផង ដោយ​សង្ស័យ​ថា ពួក​គេ​អាច​ប្រព្រឹត្ត​ទ​ង្វើ​មិន​សម​ស្រប​ណាមួយ ។

ជា​លទ្ធផល នៃ​ការ​ឆែកឆេរ​ទីតាំង​ខាងលើ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ថា អាជីវកម្ម​បញ្ចាំង​កុន គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​ឡើយ ជា​ពិសេស ទីតាំង​នេះ​កំពុង​ធ្វើ​សកម្មភាព​ពង្វក់ស្មារតី​សិស្សសាលា​មួយ​ចំនួន​ឲ្យ​ភ្លើតភ្លើន​ភ្លេច​ការ​សិក្សា ដោយ​ឈ្លក់​វង្វេង​ស្នេហា​អូន​បង​យ៉ាង​ត្រេកត្រអាល ក្នុង​បន្ទប់​ក្តៅ​សាច់​នៅ​ទីតាំង​បញ្ចាំ​កុន​នេះ​ ។

ក្រោយ​ពី​ឆែកឆេរ​រួច​មក កម្លាំង​ចម្រុះ​របស់​ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ទៀត​ថា រោងកុន​យីហោ Home Cinema ក៏​ជាប់​សង្ស័យ​បង្កប់​សេវាកម្ម​ផ្លូវភេទ និង​ជា​កន្លែង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​ផង​ដែរ ព្រោះ​កម្លាំង​ចម្រុះ​ខណ្ឌចំការមន បាន​ឆែកឆេរ​តាម​បន្ទប់ ដែល​មាន​ផ្ទាំង​ពណ៌​ស​ធំ​ៗ​សម្រាប់​បញ្ចាំង​កុន ព្រមទាំង​ឆែក​តាម​ធុងសំរាម ដោយ​រក​ឃើញ​ស្រោមអនាម័យ​ប្រើ​រួច និង​ក្រដាស​ដិតដាម​ដោយ​ឈាម ដែល​សង្ស័យ​ថា ជា​ឈាម​របស់​ស្ត្រី​ចូល​មើល​កុន​ក្តៅ​សាច់​ជាមួយ​គូស្នេហ៍​របស់​ខ្លួន ។

ទោះជា​បែប​ណាយុវជន​ប្រុស​ស្រី​ចំនួន​១៦​នាក់​គឺ​៨​គូ (​ប្រុស​៨ និង​ស្រី​៨​នាក់​) ក្រុម​ក្មេង​ៗ​ជា​ភ្ញៀវ​តម្រូវ​ឱ្យ​អាណាព្យាបាល​មក​ធានា​តែ​ប៉ុណ្ណោះ រួច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ។

បើតាម​ការ​សាកសួរ​ យុវជន​យុវតី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គាត់​មិន​បានដឹង​ថា ទីតាំង​ខាងលើ​នេះ​មានច្បាប់ ឬ​ក៏​គ្មាន​ច្បាប់​អាជីវកម្ម​ទេ ហើយ​ពួក​គាត់​មក​ជួល​បន្ទប់​មើល​កុន​សំរាប់​គ្នា​២​នាក់ តម្លៃ​ថោក​ក្នុង​មួយ​រឿង​ខ្មែរ ឬ​ភាពយន្ត​បរទេស​ត្រឹមតែ​៧​ដុល្លារ​ប៉ុណ្ណោះ ។ ចំពោះ​ខ្សែភាពយន្ត​ដែល​ពួក​គេ​កុំ​ម្មង់​មើល​នោះ​ គឺជា​រឿង​ធម្មតា មិនមែន​ជា​ប្រភេទ​រឿង​អាសអាភាស​នោះ​ទេ អាច​ជា​រឿង​មនោសញ្ចេតនា​ជ្រាលជ្រៅ​កន្ត្រាក់​អារម្មណ៍ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ទីតាំង​នោះ​ត្រូវ​គេ​សង្ស័យ​ជា​កន្លែង​ក្ដៅ​សាច់​នៅ​គ្រា​ដែល​សមត្ថកិច្ច​ចុះ​ពិនិត្យ​បាន​រក​ឃើញ​មាន​ក្មេង​ៗ​ប្រុស​ស្រី​ជា​ច្រើន​នាក់​ពពាក់ពពូន​ស​ង្ងំ​ក្នុង​បន្ទប់​មាន​គ្រែ​ពូក​ដេក​មាន​លក្ខណៈ​អាច​បម្រើ​ដល់​សេវា​ផ្លូវភេទ​បែប​លួចលាក់ ក៏​ថា​បាន ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​តែ​ប្រមូល​ភ័ស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ​នានា កសាង​សំណុំរឿង​របស់​រោង​ភាពយន្ត​មួយ​នេះទៅ​តុលាការ ចំណែក​ទីតាំង​អាជីវកម្ម​ខុសច្បាប់​នេះ សម្រេចឃ្លុំបេ​បិទទ្វារ​ជា​បណ្តោះអាសន្ន រងចាំ​បន្ត​នីតិវិធីស៊ើបអង្កេត​តាម​ផ្លូវ​តុលាការ ៕

ពាក់ព័ន្ធរឿងខាងលើនេះដែរ មានដូចជា បិទ​កន្លែង​គេង​កើយ​មើល​កុន​ជា​គូ​ៗ ដែល​អាច​ឲ្យ​យុវវ័យ​ប្រព្រឹត្ត​ខុស​ប្រពៃណី​ខ្មែរ ។ និង ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​បញ្ចាំង​កុនដែល​អាច​ឲ្យ​យុវវ័យ​ប្រព្រឹត្ត​ខុស​ប្រពៃណី​ខ្មែរបាន

.

ប្រភព៖angrut

អត្ថបទទាក់ទង