ខ្មែរប៉ុស្ដិ៍ Close

ផែនការសន្តិភាពរបស់ចិនសម្រាប់អ៊ុយក្រែន ផ្តល់នូវការយល់ឃើញអំពីរបៀបដែលប្រទេសចិនគ្រោងនឹងយកឈ្នះលើសង្រ្គាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 88
ផែនការសន្តិភាពរបស់ចិនសម្រាប់អ៊ុយក្រែន ផ្តល់នូវការយល់ឃើញអំពីរបៀបដែលប្រទេសចិនគ្រោងនឹងយកឈ្នះលើសង្រ្គាម រថយន្ត​មួយគ្រឿង​ត្រូវ​បាន​បំផ្លាញនៅ​ពី​មុខ​អគារ​លំនៅឋាន​មួយ​កន្លែង ដោយសារការ​ទម្លាក់​គ្រាប់​បែក​ស្រោចយ៉ាង​សន្ធឹកសន្ធាប់ពីសំណាក់​កង​កម្លាំង​រុស្ស៊ី​ក្នុង​ទីក្រុង Vuhledar ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ (AP រូបថត/Evgeniy Maloletka)

ជំហររបស់ចិនចំពោះដំណោះស្រាយនយោបាយនូវវិបត្តិអ៊ុយក្រែន ឥឡូវនេះត្រូវបានក្រសួងការបរទេសរបស់ប្រទេសនេះបានបញ្ចេញជាផ្លូវការហើយ បន្ទាប់ពីត្រូវបានលើកឡើងដោយអ្នកការទូតកំពូលរបស់ចិន លោក Wang Yi នៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីពេលថ្មីៗនេះ។

ផែនការសន្តិភាពនេះបានបញ្ជាក់អំពីអ្វីដែលចិនបានចាត់ទុកជា «ជំហរប្រកបដោយតុល្យភាព» របស់ចិន។ រហូតមកដល់ពេលនេះ ចិនបានបញ្ចៀសពីការទម្លាក់កំហុសលើនរណាម្នាក់ដោយផ្ទាល់ និងបានបន្តបន្សល់ទុកនូវឱកាសដ៏ទូលំទូលាយសម្រាប់ការបកស្រាយ។

វាអាចមិនផ្តល់នូវច្រកចេញពីវិបត្តិនោះទេ ក៏ប៉ុន្តែវាគឺជាសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយស្តីពីចក្ខុវិស័យរបស់ប្រទេសចិនសម្រាប់សន្តិសុខរបស់ពិភពលោក, តំបន់អឺរ៉ាស៊ី និងអឺរ៉ុប។ ផែនការនេះចាប់ផ្តើមដោយការស្តារឡើងវិញនូវខ្សែបន្ទាត់ក្រហមមួយរបស់ចិន ដែលជាជំហរដ៏យូរអង្វែងរបស់ខ្លួនស្តីពីអធិបតេយ្យភាព និងបូរណភាពទឹកដី។

វាមានលក្ខណៈស៊ីគ្នានឹងជំហររបស់សមាជិកភាគច្រើនលើសលប់របស់អង្គការសហប្រជាជាតិ។ ប៉ុន្តែប្រទេសចិនមិនបានបោះឆ្នោតគាំទ្រទេ នៅពេលដែលសមាជិក ១៤១ ប្រទេសនៃមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោត (នៅមួយថ្ងៃមុនពេលខួបលើកទី១ នៃការឈ្លានពាន) លើសេចក្តីសម្រេចដែលទាមទារឱ្យសហព័ន្ធរុស្ស៊ីដកកងកម្លាំងយោធារបស់ខ្លួនទាំងអស់ចេញពីទឹកដីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

ជាជំនួសវិញ ប្រទេសចិនបានបោះឆ្នោតអនុប្បវាទ ដែលមានលក្ខណៈស្របតាមការបោះឆ្នោតនៅពេលកន្លងមករបស់ខ្លួនដែរ បូករួមជាមួយនឹងប្រទេសឥណ្ឌា, អ៊ីរ៉ង់, អាហ្វ្រិកខាងត្បូង និងប្រទេសចំនួន ២៨ ផ្សេងទៀត។ ប្រទេសទាំង ៦ រួមជាមួយរុស្ស៊ីផង ដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនោះ ដែលរួមមានដូចជា អេរីទ្រេ, កូរ៉េខាងជើង និង ស៊ីរី មិនអាចត្រូវបានចាត់ទុកជាអ្នកលើកកម្ពស់សន្តិភាព និងស្ថិរភាពអន្តរជាតិនោះឡើយ។

ការរក្សាជំហរអព្យាក្រឹតរបស់ចិន អាចបង្កការរំខានដល់អ៊ុយក្រែននិងបណ្តាដៃគូលោកខាងលិច ក៏ប៉ុន្តែវាមានលក្ខណៈស៊ីគ្នានឹងជំហររបស់ចិនចំពោះតម្រូវការក្នុងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី។ ការស្ដារឡើងវិញ យ៉ាងពេញលេញនៃព្រំដែនអន្តរជាតិរបស់អ៊ុយក្រែន អាចជាលទ្ធផលដែលនឹងកើតចេញពីផែនការចរចាសន្តិភាពដែលចិន កំពុងតស៊ូមតិគាំទ្រ។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតសម្រាប់អ៊ុយក្រែន, បណ្តាដៃគូលោកខាងលិច និងសម្រាប់សណ្តាប់ធ្នាប់សន្តិសុខអឺរ៉ុបនៅពេលអនាគតគឺ «ចិនបានប្រកាន់យកនូវជំហរគាំទ្ររឿងរ៉ាវរបស់រុស្ស៊ី ដែលបានលើកឡើងថា «ការពង្រីកខ្លួនរបស់អង្គការ NATO គឺជាការគំរាមកំហែងចំពោះរុស្ស៊ី»។

ការអំពាវនាវរបស់ចិននៅក្នុងផែនការសន្តិភាពជុំវិញការជំរុញឱ្យបោះបង់ចោលនូវផ្នត់គំនិតនៃសង្រ្គាមត្រជាក់ ក៏បានស្នើឡើងផងដែរថា «ផលប្រយោជន៍ និងក្តីកង្វល់សន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់ត្រូវតែទទួលបាននូវការយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានត្រឹមត្រូវ»។ ផែនការនេះបានសង្កត់ធ្ងន់ថា «ភាគីទាំងអស់គួរតែប្រឆាំងនឹងការស្វែងរកសន្តិសុខផ្ទាល់ខ្លួន ដោយមិនខ្វល់ពីសុវត្ថិភាពរបស់អ្នកដទៃ»។

សំណើរដែលចិនអាចលើកឡើងនៅក្នុងផែនការរបស់ខ្លួន អាចត្រូវបានផ្តោតលើការសម្រេចឱ្យបាននូវបទឈប់បាញ់ និងការបន្តការចរចារកសន្តិភាពដើម្បីស្វែងរកដំណោះស្រាយផ្នែកនយោបាយ។ នេះគឺជាការអំពាវនាវឱ្យមានការចរចាដោយឥតលក្ខខណ្ឌ ក៏ប៉ុន្តែវាអាចជាជំហរមួយ ដែលមិនទទួលបានការស្វាគមន៍ពីសំណាក់អ៊ុយក្រែន ឬបណ្តាដៃគូលោកខាងលិចនោះទេ ដែលបានទទូចរហូតមកដល់ពេលបច្ចុប្បន្នថា «ការចរចាមិនអាចកើត មានឡើងទេប្រសិនបើរុស្ស៊ីនៅតែបន្តកាន់កាប់តំបន់គ្រីមៀរ និងផ្នែកធំនៃតំបន់ Donbas»។

ទោះជាយ៉ាងណាក៏ដោយ ចិនបានទទួលស្គាល់ថា «លក្ខខណ្ឌនិងវេទិកាសម្រាប់ការបន្តការចរចាមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ» ហើយចិនបានស្នើផ្តល់នូវតួនាទីរបស់ខ្លួនក្នុងន័យស្ថាបនានៅក្នុងរឿងនេះ។ វាអាចបង្កើតឱ្យមានច្រកចេញនៅពេលអនាគត ប្រសិនបើចិនសម្រេចចិត្តប្រើប្រាស់ឥទ្ធិពលដែលកាន់តែកើនឡើងរបស់ខ្លួនលើរុស្ស៊ី និងជំរុញឱ្យប្រធានាធិបតី Vladimir Putin ងាកមករកការចរចាប្រកប ដោយអត្ថន័យ។

«ថាតើពេលណា និងក្នុងរបៀបណា ដែលចិននឹងធ្វើបែបនេះ» វានឹងអាស្រ័យលើការយល់ឃើញរបស់ចិនជុំវិញតួនាទីរបស់ខ្លួននៅក្នុងអនាគតនៃសន្តិសុខអឺរ៉ុប។ អ្វីដែលផែនការរបស់ចិនបានបង្ហាញគឺ «មហិច្ឆតាសម្រាប់តួនាទីកាន់តែសំខាន់»។ ភាពមិនច្បាស់លាស់នៃផែនការ នេះនៅក្នុងដំណាក់កាលនេះ អាចឆ្លុះបញ្ចាំងអំពីភាពមិនប្រាកដប្រជារបស់ចិនក្នុងកម្រិតដ៏ធំជាងពេលណាៗទាំងអស់។

ក្តីបារម្ភចម្បងមួយទៀតរបស់ចិន គឺ «បញ្ហាវិបត្តិមនុស្សធម៌» ដែលបង្កឡើងដោយសង្រ្គាមទាំងនៅអ៊ុយក្រែន និងនៅទីកន្លែងផ្សេងទៀត។ ចិនបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនជំនួយមនុស្សធម៌ដល់តំបន់ពាក់ព័ន្ធ និងការផ្តល់នូវការចូលទៅប្រើប្រាស់ជំនួយមនុស្សធម៌ឱ្យបានយ៉ាងឆាប់រហ័ស, ប្រកបដោយសុវត្ថិភាព និងដោយគ្មានការរារាំង ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ក្នុងទ្រង់ទ្រាយធំ។

ជាថ្មីម្តងទៀត ចិនបានរំលឹកឡើងវិញថា «ភាគីជម្លោះគួរតែគោរពឱ្យបានខ្ជាប់ខ្ជួបនូវច្បាប់មនុស្សធម៌អន្តរជាតិ, ចៀសវាងការវាយប្រហារលើជនស៊ីវិល ឬកន្លែងស៊ីវិល, ផ្តល់ការការពារដល់ស្ត្រី, កុមារ និងជនរងគ្រោះផ្សេងទៀតនៃជម្លោះ និងការគោរពសិទ្ធិជាមូលដ្ឋានរបស់ឈ្លើយសឹក»។ ក្តីបារម្ភរបស់ចិនអំពីស្ថិរភាពពិភពលោកត្រូវបានបង្ហាញឱ្យឃើញនៅក្នុងរបាយការណ៍ស្តីពីជំហរដែលបានលើកឡើងអំពីហានិភ័យនៃការកើនឡើងនៃអាវុធនុយក្លេអ៊ែរ, ការរំខានចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងវិបត្តិស្បៀងអាហារ និងថាមពលដែលកំពុងបន្ត។

ចិនបានបញ្ជាក់យ៉ាងច្បាស់អំពីការព្រួយបារម្ភកាន់តែខ្លាំងដែលត្រូវបានគាំទ្រដោយបណ្តាប្រទេសជាច្រើននៅតំបន់ Global South ហើយចិនក៏បានចាត់ទុកខ្លួនឯងជាអ្នកការពារផលប្រយោជន៍របស់ពួកគេ។ ចំណុចចុងក្រោយនៃផែនការនេះបានសង្កត់ធ្ងន់លើតម្រូវការក្នុងការចាត់វិធានការដើម្បីផ្តល់ការគាំទ្រដល់ការកសាងឡើងវិញនៅក្រោយជម្លោះនៅក្នុងតំបន់ជម្លោះ តាមរយៈជំនួយរបស់ចិន។

ផែនការនេះបានបង្កើតឱកាសមួយផ្សេងទៀតសម្រាប់ប្រទេសចិនក្នុងការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដើរតួនាទីនៅក្នុងការកំណត់រចនាសម្ព័ន្ធរយៈ ពេលវែងឡើងវិញសម្រាប់ស្ថិរភាពនិង សន្តិសុខនៅអឺរ៉ុប។ វាមានលក្ខណៈស៊ីគ្នានឹងរបាយការណ៍ស្តីអំពីជំហរទូទៅរបស់ចិន ដោយក្នុងនោះវាបានបង្ហាញថា «ចិនគឺជាមហាអំណាចមួយនៅក្នុងទ្វីបអឺរ៉ាស៊ី»។ វាមិនមែនជារឿងល្អនោះទេសម្រាប់មហិច្ឆតាអំណាចដ៏អស្ចារ្យរបស់រុស្ស៊ី ហើយវាក៏នឹងបង្កើតបញ្ហាប្រឈមថ្មីៗសម្រាប់អ៊ុយក្រែន និងលោកខាងលិចផងដែរ៕

Channel News Asia

អត្ថបទទាក់ទង