លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងស្នើទៅមិត្តថៃឱ្យបើកច្រកព្រំដែនចំនួន ៤កន្លែងបន្ថែមទៀត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅពេលដ៏ខ្លីខាងមុខនេះ លោក នឹងស្នើទៅមិត្តថៃឱ្យបើកច្រកព្រំដែន ចំនួន៤កន្លែងទៀតដូចជា ច្រកអានសេះ, ច្រកជប់គគី, ច្រកភ្នំដី និង ច្រកថ្មដា ដើម្បីសម្រួល ពាណិជ្ជកម្មរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើង។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់អគារច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិ លេខ៥ ដែលពិធីនេះប្រារព្ធ ធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការបើកច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់-បានណងអៀន ថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិ សាស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះមិត្តថៃ ដែលជានិច្ច ជាកាលតែងតែផ្តល់កិច្ចសហការល្អក្នុងការកសាង និងស្តារហេដ្ឋា រចនាសម្ព័ន្ធនៅកម្ពុជា។ ក្នុងរយៈពេលដ៏ខ្លីខាងមុខ គម្រោងសាងសង់អគារ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិ លេខ៥ នឹងត្រូវដាក់ឱ្យដំណើរការនោះ ស្ថានភាពកក់ស្ទះចរាចរណ៍ដែល តែងតែរំខានដល់ការនាំចេញនាំចូលទំនិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងត្រូវបញ្ចប់ ថែមទាំងផ្តល់កាលានុវត្តភាពថ្មីដល់ការធ្វើ សមាហរណកម្មសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរទៀតផង៕