រដ្ឋបាលរាជធានីភ្នំពេញ៖ ការដឹកជញ្ជូនអាហារ និងគ្រឿងឧបភោគបរិភោគចូលមកក្នុងតំបន់ក្រហមជាលក្ខណៈឯកជន មិនត្រូវបានអនុញ្ញាតទេ
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការដឹកជញ្ជូនអាហារ និងគ្រឿងឧបភោគបរិភោគចូលមកក្នុងតំបន់ក្រហមជាលក្ខណៈឯកជនមិនត្រូវបានអនុញ្ញាតនោះទេ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងសម្របសម្រួលជាបន្ទាន់ឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង (អង្ករ មី ត្រីខ កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតដែលចាំបាច់) ដើម្បីលក់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងលំបាកក្នុងជីវភាព អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់នឹងផ្តល់ជូននូវជំនួយសង្គ្រោះបន្ទាន់។
រដ្ឋបាលរាជធានីភ្នំពេញ សូមការយោគយល់ និងអធ្យាស្រ័យ ចំពោះការលំបាក និងការរំខាននានា ក្នុងរយៈពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ដើម្បីយើងរួមគ្នាជួយដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនយើង៕