ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 47
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីនាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ី កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានផ្ញើលិខិតមួយដោយសម្តែងការកោតសរសើរចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កន្លងមក។

ក្នុងសារលិខិតចុះថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនូវសេចក្តីរីករាយដែលបានទទួលសារលិខិតរបស់លោកវេជ្ជបណ្ឌិត តាខេហ្សឺ កាសៃ នាយកប្រចាំតំបន់នៃអង្គការសុខភាពពិភពលោក ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដែលបានលើកឡើងពីការប្តេជ្ញាចិត្តជាថ្មី របស់អង្គការសុខភាព ពិភពលោក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កាលពីឆ្នាំមុនប្រទេសកម្ពុជាបានរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែនៅក្នុងឆ្នាំនេះ កម្ពុជាមិនមានភ័ព្វសំណាងណាស់នោះទេ ដោយបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រឈមនឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នាំចូលប្រភេទថ្មីក្នុងសហគមន៍ ដែលជាអកុសលបានធ្វើឱ្យចំនួននៃការបាត់បង់អាយុជីវិតមនុស្សមានការកើនឡើង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា នៅចំពោះមុខគ្រោះអាសន្នដ៏ធ្ងន់ធ្ងរនៃសុខភាពសាធារណៈនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្ខំចិត្តជ្រើសយកការសម្រេចចិត្តដ៏លំបាកក្នុងការបិទតំបន់ដែលទទួលរងផលប៉ះពាល់ និងដាក់វិធានការរឹតត្បិតការធ្វើដំណើរដ៏តឹងរ៉ឹង រួមជាមួយនឹងវិធានការផ្សេងៗទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃការផ្ទុះជំងឺនេះ។ វិធានការអស់ទាំងនេះមានភាពចាំបាច់ ក្នុងការធានាសង្គ្រោះជីវិតសុវត្ថិភាពសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាជន និងការវិលត្រឡប់ទៅរកភាពធម្មតាវិញនៃជីវិតរស់នៅឱ្យបានឆាប់។

កម្ពុជាគឺជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមកោតសរសើរចំពោះតួនាទីឈានមុខរបស់អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនាពេលបច្ចុប្បន្ននេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏មានតម្លៃដែលផ្តល់ដោយអង្គការរបស់លោកវេជ្ជបណ្ឌិត ក្នុងអំឡុងពេលនៃវិបត្តិដ៏លំបាកនេះ៕

អត្ថបទទាក់ទង