ខ្មែរប៉ុស្ដិ៍ Close

អង្គការសុខភាពពិភពលោក ផ្ដល់អំណោយសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយដល់ក្រសួងសុខាភិបាលកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 43
អង្គការសុខភាពពិភពលោក ផ្ដល់អំណោយសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយដល់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក ផ្ដល់អំណោយសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយដល់ក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អំណោយជា កុំព្យូទ័រយួរដៃចំនួន ២៥គ្រឿង ម៉ាស៊ីនព្រីនធ័រពហុមុខងារ ចំនួន ២៩គ្រឿង Bluetooth Speaket Mcrophone ចំនួន០៣គ្រឿង អាវកាក់ពាក់ក្រៅ មានឡូហ្គោ សង្គ្រោះបន្ទាន់ក្រសួងសុខាភិបាល ចំនួន១៥អាវ មួក មានឡូហ្គោសង្គ្រោះបន្ទាន់ក្រសួងសុខាភិបាល ចំនួន១៥មួក និងម៉ាស៊ីនវាស់កំហាប់អុកស៊ីសែននៅម្រាមដៃចំនួន ១២កេស ស្មើនឹង ១ ២០០ គ្រឿង ត្រូវបានលោកជំទាវវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ធ្វើការប្រគល់ជូន ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាល ដើម្បីជួយសម្រួលសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោកនេះ នឹងត្រូវចែកជូនមន្ត្រីបង្គោលទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ នៅរាជធានី ខេត្ត សម្រាប់ប្រើប្រាស់ក្នុងការប្រមូលទិន្នន័យគ្រោះមហន្តរាយដោយមនុស្សជាអ្នកបង្ក និងគ្រោះមហន្តរាយធម្មជាតិ។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយឧបត្ថម្ភរបស់អង្គការសុខភាពពិពភលោក ជាពិសេសលោកជំទាវវេជ្ជបណ្ឌិត លី អាយឡាន ដែលតែងតែសហការ សម្របសម្រួលផ្ដល់ជំនួយទាំងបច្ចេកទេស និងថវិកា ជំរុញលើកកម្ពស់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថា អង្គការសុខភាពពិភពលោក គឺជាដៃគូសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដែលបានផ្ដល់ជំនួយទាំងបច្ចេកទេស ថវិកា និងសម្ភារបរិក្ខាវេជ្ជសាស្ត្រ ជាពិសេសក្នុងការងារបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង