ខ្មែរប៉ុស្ដិ៍ Close

គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៣៧ ៩៥០ ៣៨៥លានរៀល ស្មើនឹងប្រហែល ៩៣០០លានដុល្លារ

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 214
គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៣៧ ៩៥០ ៣៨៥លានរៀល ស្មើនឹងប្រហែល ៩៣០០លានដុល្លារ គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៣៧ ៩៥០ ៣៨៥លានរៀល ស្មើនឹងប្រហែល ៩៣០០លានដុល្លារ

 

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (ច្បាប់ថវិកាជាតិឆ្នាំ ២០២៥) មាន ៦ជំពូក និង១៥មាត្រា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ 

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមា នូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។

នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥លានរៀល (ប្រហែល ៩៣០០លានដុល្លារ) ត្រូវជា ១៨,១៤% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលក្នុងនោះ ចំណាយចរន្ត ២៦ ០៥៤ ០១៩លានរៀល និងចំណាយមូលធន ១១ ៨៩៦ ៣៦៦លានរៀល។

យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦.៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាម៉េរិក។

ការរំពឹងទុកនៃកំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។

ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។ អាទិភាពចំណាយថវិកាឆ្នាំ២០២៥ គឺឆ្លើយតបនឹងអាទិភាព និងតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ននានា ជាពិសេសការផ្សារភ្ជាប់នូវការអនុវត្តការងារប្រចាំថ្ងៃ ទៅនឹងគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ដែលនឹងរួមចំណែកសម្រេចគោលនយោបាយ ជាអាទិភាពរួមរបស់រាជរដ្ឋាភិបាល រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍមូលធនមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ជាពិសេសការបង្កើតតម្លៃបន្ថែមក្នុងវិស័យចន្ទល់សេដ្ឋកិច្ចដែលមានស្រាប់ និងអនុវិស័យពាក់ព័ន្ធ ការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ការរៀបចំខ្លួនសម្រាប់ឈោងចាប់យកបច្ចេកវិទ្យាថ្មីៗ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ការពង្រីកវិសាលភាព និងការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ជាពិសេសសេវាអប់រំ សុខាភិបាល យុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ដទៃទៀត និងការកែទម្រង់អភិបាលកិច្ច និងការពង្រឹងសមត្ថភាពស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការអនុវត្តរបបគាំពារសង្គមដោយឈរលើគោលការណ៍ប្រសិទ្ធភាព សមធម៌សង្គម ចីរភាព និងភាពអាចទ្រទ្រង់បាននៃថវិកា៕ 

អត្ថបទទាក់ទង