កសិករក្នុងស្រុកចំនួនពីរនៅខេត្តមណ្ឌលគិរីទទួលបានជោគជ័យក្នុងការចិញ្ចឹមត្រីអណ្ដែងនិងកង្កែប
វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា MC:កសិករក្នុងស្រុកចំនួនពីរនៅខេត្តមណ្ឌលគិរីទទួលបានជោគជ័យក្នុងការចិញ្ចឹមត្រីអណ្ដែងនិងកង្កែប ដែលជាការចិញ្ចឹមតាមបែបបច្ចេកទេសវារីវប្បកម្ម ធន់នឹងអាកាសធាតុនិងឆាប់ទទួលបានផល។លោក សុខ ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេ សាទខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា កន្លងមករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចុះពិនិត្យនិងផ្តល់ពូជត្រីអណ្តែង និងកង្កែប ដល់ប្រជាកសិករនៅស្រុកកោះញ៉ែក និងស្រុកកែវសីមា ដើម្បីចិញ្ចឹមសាក ល្បង ជាលទ្ធផលឃើញថា កសិករខិតខំប្រឹងប្រែងចិញ្ចឹម និងថែរក្សាត្រី និងកង្កែប ដែលបានចែកជូនកន្លងមក បានល្អប្រសើរស្របតាមស្តង់ដារផងដែរ។លោកបន្តទៀតថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែម លើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី និងការថែទាំ ដល់កសិករបន្តែមទៀត ដើម្បីឱ្យយុទ្ធនាការនៃការពង្រឹង និងពង្រីកការចិញ្ចឹមត្រី និងកង្កែបនេះ ឱ្យមានលក្ខណៈទ្រង់ ទ្រាយធំ និងបង្កើតចំណូល ធានាសុវត្ថិភាពស្បៀង ក្នុងគ្រួសារ ស្របពេលដែលសេដ្ឋ កិច្ចជាតិយើងកំពុងប្រឈមវិបត្តិជំងឺឆ្លងកូវីដ-១៩ ។សំឡេង៖«ការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មលោកបានចុះមកដល់ពូជកង្កែបនិងពូជត្រីអណ្ដែងនេះដល់ប្រជាកសិករជាលទ្ធផលយើងឃើញថាការចិញ្ចឹមត្រីអណ្ដែងនិងកង្កែបនេះឃើញថាទទួលបានផលល្អហើយកសិករក៏អាចរកចំណូលបានពីការចិញ្ចឹមផងដែរហើយយើងក៏បានបណ្ដុះបណ្ដាលដល់កសិករពីវិធីក្នុងការចិញ្ចឹមត្រីដើម្បីឈានទៅដល់កសិករអាចចិញ្ចឹមនិងភ្ញាស់កូនត្រីបានល្អ»។លោកបញ្ជាក់ថា តាមរយៈនៃការណែនាំរបស់ក្រសួងកន្លងមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ទទួលបានថវិកាពីដៃគូអភិវឌ្ឍន៍មួយ ចំនួន សម្រាប់ជួយដល់កសិករ ក្នុងការជីកស្រះជូនកសិករបានចំនួន១៣៤ស្រះ ក្នុងការពង្រីកផលិតកម្មចិញ្ចឹមឱ្យបានកាន់តែច្រើន។សូមបញ្ជាក់ថា គម្រោងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការ ប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានឧបត្ថម្ភ ដល់ការជីកស្រះធម្មជាតិចំនួន៤៥ស្រះ ដែលមកទល់ពេលនេះ ខេត្តមណ្ឌលគិរី បានទទួលស្រះ និងតង់ សរុបចំនួន២៧១តង់ និងស្រះ សម្រាប់ជូនដល់កសិករក្នុងក្នុងខេត្តមណ្ឌលគិរី ៕