ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកចំណូលបាន ៨៣១លានដុល្លារ ពីការលក់គ្រាប់ស្វាយចន្ទីឆៅជាង ៦១ម៉ឺនតោន ក្នុងរយៈពេល១០ខែ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 25
កម្ពុជារកចំណូលបាន ៨៣១លានដុល្លារ ពីការលក់គ្រាប់ស្វាយចន្ទីឆៅជាង ៦១ម៉ឺនតោន ក្នុងរយៈពេល១០ខែ កម្ពុជារកចំណូលបាន ៨៣១លានដុល្លារ ពីការលក់គ្រាប់ស្វាយចន្ទីឆៅជាង ៦១ម៉ឺនតោន ក្នុងរយៈពេល១០ខែ

(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ​៦១ម៉ឺនតោន ​ទទួលបានទឹកប្រាក់ ​៨៣១លានដុល្លារ ថយចុះជិត ១៦.៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ​នេះបើយោងតាមទិន្នន័យ ពីសមាគមស្វាយចន្ទីកម្ពុជា។

សមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា តម្លៃមធ្យមគ្រាប់ស្វាយចន្ទីស្ងួតតម្លៃ ១,៦៥៨ដុល្លារ ក្នុង១តោន។ សម្រាប់ខែតុលា គ្រាប់ស្ងួតតម្លៃ ៧០០០រៀល ទៅ៧៥០០រៀល ក្នុង១គីឡូក្រាម ឬ ១៩០០ដុល្លារ ក្នុង១តោន។

ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឲ្យបានច្រើនជាងគេនៅលើពិភពលោក ឬអាចនិយាយបានថា «ជាអធិរាជ» នាំចេញគ្រប់ស្វាយចន្ទី នាពេលខាងមុខ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ២០២២-២០២៧ ដែលជាផែនទីចង្អុលផ្លូវដែលបានផ្តោត ទៅលើគោលដៅយុទ្ធសាស្ត្រធំៗចំនួន៣ គឺយុទ្ធសាស្ត្រនៃការផលិត យុទ្ធសាស្ត្រនៃការកែច្នៃ និងយុទ្ធសាស្ត្រនៃការនាំចេញ ប្រកបដោយនិរន្តភាព ភាពប្រកួតប្រជែង និងឈានមុខគេលើទីផ្សារ។

គោលនយោបាយនេះ នឹងរួមចំណែកសំខាន់ ក្នុងការសម្រេចបានគោលដៅ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ដោយគោលនយោបាយនេះ បានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ និងគ្រប់ជ្រុងជ្រោយ ដែលមានក្រសួង ស្ថាប័ន ទទួលបន្ទុក និងពេលវេលាអនុវត្តច្បាស់លាស់។

ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំង ក្នុងការដាំដំណាំប្រភេទដើមស្វាយចន្ទី ម្យ៉ាងទៀតដំណាំស្វាយចន្ទី គឺជាដំណាំផ្ដល់អត្ថប្រយោជន៏ច្រើន។ ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ ដែលអាចឲ្យកសិករធ្វើការដាំដុះ តាមលក្ខណៈធម្មតា ក៏អាចដុះបានល្អ។

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន ផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទី សរុបប្រមាណ៧០ម៉ឺនហិកតា។

កាលពីឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណ ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន ១ ១៨០ ០០០ តោន ស្មើនឹង២៤%នៃការផលិតសរុប ដែលធ្វើឱ្យកម្ពុជាជាប់លេខ១ ដែលផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេនៅលើពិភពលោក។ ចំណែកនៅឆ្នាំ២០២២ កម្ពុជាផលិតបាន ៦៩ម៉ឺនតោន ជាប់លេខពីរនៅលើពិភពលោក៕

Credit: Fresh News

 

អត្ថបទទាក់ទង