ខ្មែរប៉ុស្ដិ៍ Close

WHO ថា អ្នកចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវនៅកន្លែងដែលមានសុវត្ថិភាពបំផុត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 38
WHO ថា អ្នកចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវនៅកន្លែងដែលមានសុវត្ថិភាពបំផុត WHO ថា អ្នកចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវនៅកន្លែងដែលមានសុវត្ថិភាពបំផុត

អង្គការសុខភាពពិភពលោក ហៅកាត់ WHO លើកឡើងថា បើទោះជាអ្នកចាក់វ៉ាក់សាំងហើយក៏ដោយ ក៏គួរបន្តនៅផ្ទះ ព្រោះថា ផ្ទះជាកន្លែងដែល មានសុវត្ថិភាពបំផុត។លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន(Li Ailan) តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបានជួយត្រឹមតែការពារមិនឱ្យឈឺធ្ងន់ធ្ងរ និងមិនបាច់ចូលសម្រាកនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ប៉ុន្តែចំពោះកម្រិតនៃការចម្លងវីរុសកូវីដ-១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅតែអាចកើតមានគ្រប់ពេលវេលា ខណៈវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីកំពុងបង្កហានិភ័យទ្វេដងដល់មនុស្សទាំងអស់គ្នា ដែលទាមទារត្រូវតែប្រុងប្រយ័ត្នកាន់តែខ្លាំងដើម្បីការពារខ្លួនពីការចម្លងដ៏កាចសាហាវនេះ។សារព្រមាននេះ បានកើតមានបន្ទាប់ពីសង្កេតឃើញថា អ្នកបានទទួលការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ហើយ ហាក់មិនប្រយ័ត្នខ្លួនពីការឆ្លង ខណៈការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ បានចម្លងពលរដ្ឋកម្ពុជាកើនឡើងដល់ជាង៣ពាន់នាក់ និងសម្លាប់មនុស្ស៣០នាក់ ក្នុងរយៈពេលតែជាង១ខែចុងក្រោយនេះ។លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានពន្យល់ថា វ៉ាក់សាំងដែលដាក់ឱ្យប្រើប្រាស់ទាំងអស់ សុទ្ធតែបានបង្ហាញពីប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែពុំមានន័យថា វ៉ាក់ សាំងណាមួយ អាចផ្ដល់ការការពារបាន១០០ភាគរយ បាននោះឡើយ។ ដូច្នេះ មានតែការអនុវត្តនូវវិធានដទៃទៀតដូចជា៖ ការលាងសម្អាតដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាត សុវត្ថិភាព ការមិនចេញក្រៅផ្ទះប៉ុណ្ណោះ ទើបអាចការពារខ្លួនពីការឆ្លងរាតត្បាតនេះបាន។លោកស្រីវេជ្ជបណ្ឌិត បានកោតសរសើរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនានា ដើម្បីការពារការឆ្លងជំងឺដ៏កាចសាហាវនេះ ទៅប្រជាពលរដ្ឋបន្តទៀត ពិសេសកិច្ចខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់មន្ត្រីរាជការសាធារណៈ និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

របាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានបង្ហាញថា គិតត្រឹមល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ យុទ្ធនាការនៃការផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេសបានកើនដល់ជាង១លាននាក់ហើយ៕

អត្ថបទទាក់ទង