ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារគ្រោងពង្រីកមណ្ឌលចាក់វ៉ាក់សាំងដល់កម្មករនិយោជិតឲ្យបាន ១ម៉ឺនទៅ១ម៉ឺន២ពាន់នាក់ក្នុងមួយថ្ងៃ ចាប់ពីសប្តាហ៍ក្រោយទៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
ក្រសួងការងារគ្រោងពង្រីកមណ្ឌលចាក់វ៉ាក់សាំងដល់កម្មករនិយោជិតឲ្យបាន ១ម៉ឺនទៅ១ម៉ឺន២ពាន់នាក់ក្នុងមួយថ្ងៃ ចាប់ពីសប្តាហ៍ក្រោយទៅ ក្រសួងការងារគ្រោងពង្រីកមណ្ឌលចាក់វ៉ាក់សាំងដល់កម្មករនិយោជិតឲ្យបាន ១ម៉ឺនទៅ១ម៉ឺន២ពាន់នាក់ក្នុងមួយថ្ងៃ ចាប់ពីសប្តាហ៍ក្រោយទៅ

លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ មណ្ឌលចាក់វ៉ាក់សាំងចំនួន ៤ទីតាំងដែលត្រូវបើកបន្ថែមទៀតនៅថ្ងៃនេះ ដែលអាចនឹងចាក់​ជូនបងប្អូនកម្មករនិយោជិតប្រមាណ ៣៥០០នាក់ ក្នុងមួយថ្ងៃ ។ ដូចនេះក្នុងមួយថ្ងៃ ទាំង៨មណ្ឌល យើងនឹងអាចចាក់ជូនកម្មករនិយោ​ជិត​កើនដល់ ៧០០០នាក់ក្នុងមួយថ្ងៃ។ បើតាមផែនការ ចាប់ពីសប្តាហ៍ក្រោយទៅ យើងគ្រោងនឹងពង្រីកមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីអាចចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតឱ្យបាន ១០ ០០០ ទៅ១២ ០០០នាក់ក្នុងមួយថ្ងៃ។

លោក ហេង សួរ បញ្ជាក់បន្ថែមថា នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់វ៉ាក់សាំងចំនួន២០ម៉ឺនដូសក្នុងខែមេសានេះ ហើយបន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្តាលដែលយើងត្រូវសម្រុកចាក់ជូនបងប្អូនកម្មករ និយោជិត ព្រោះខេត្តនេះមានភាពប្រទាក់ក្រឡាគ្នា មានការចេញចូលចម្រុះ ដូច្នេះយើងត្រូវគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់យើងឲ្យបានរឹងមាំសិន ទើបយើងពង្រីកទៅកាន់ខេត្តដទៃទៀត គឺខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវ ជាខេត្តគោលដៅដែលយើងកំណត់ជាខេត្តអាទិភាពបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។

គួរជម្រាបជូនផងដែរថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ រួមមាន៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩ ១១៦នាក់(បរទេសចំនួន ៣៤៨នាក់)​, ចាក់បានចំនួន ៨ ៨៧៥នាក់(បរទេសចំនួន ៣៤៨នាក់) និងគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ២៤១នាក់(បរទេសចំនួន ០នាក់)៕

អត្ថបទទាក់ទង