ខ្មែរប៉ុស្ដិ៍ Close

លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១២៩៤ ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 28

កណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ម៉ៅ ភិរុណ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចូលជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១២៩៤ ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត និងស្រុក មេឃុំ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបជាង ៥០០ នាក់។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួម ពីសមិទ្ធផលនានា និងការរីកចម្រើនរបស់ប្រទេសជាតិ និយាយជារួម និងនិយាយដោយឡែក គឺសមិទ្ធផលនានា រួមមាន វត្តអារាម សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្លូវកៅស៊ូ ផ្លូវបេតុង តូចធំ វែងខ្លី ស្ពានតូចធំ ស្ពានវែងខ្លី បានកើតឡើងព្រោងព្រាតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងស្រុកស្អាង នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រមទាំងគម្រោងនានាផ្សេងៗទៀតដែលរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល គ្រោងអនុវត្តនៅឆ្នាំជាបន្តបន្ទាប់ខាងមុខ ដែលការរីកចម្រើនទាំងនេះ គឺកើតឡើងដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសគឺមានការដឹកនាំដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខដឹកនាំរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ក្រុមហ៊ុនទទួលការ និងអាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋ ដូចខាងក្រោម៖

  • ស្នើក្រុមហ៊ុនតាំង ចេងអ័ង ដែលទទួលបន្ទុកសាងសង់ ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ធានានូវគុណភាព និងសុវត្ថិភាព ហើយត្រូវបញ្ចប់គម្រោងអោយបានទាន់ពេលវេលា។
  • ណែនាំអោយអាជ្ញាធរដែនដី និងម្ចាស់អាជីវកម្មកំពង់ចម្លង ត្រូវយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេស ដោយបំពាក់នូវបរិក្ខារការពារសុវត្ថិភាព ដឹកជញ្ជូនមិនត្រូវដាក់លើសទម្ងន់។ ល។ ដើម្បីបញ្ចៀសអោយបានទាំងស្រុងនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភ ដូចខាងក្រោម៖

  • ផ្តល់អគារសិក្សាមួយខ្នង៥ បន្ទប់ ដល់អនុវិទ្យាល័យកោះខ្សាច់ទន្លា ដោយត្រូវសាងសង់ក្នុងឆ្នាំ២០១៩
  • ប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន៥០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១ ម៉ឺនរៀល ៕

អត្ថបទទាក់ទង