ខ្មែរប៉ុស្ដិ៍ Close

លោក ផៃ ស៊ីផាន ៖ ការដោះលែងលោក ញឹក ប៊ុនឆៃ ជាសិទ្ធិតុលាការ ឯការអំពាវនាវរបស់ សម រង្ស៊ី មិនឱ្យពលរដ្ឋទៅបោះឆ្នោត ជាចលនាឧទ្ទាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 49
លោក ផៃ ស៊ីផាន ៖ ការដោះលែងលោក ញឹក ប៊ុនឆៃ ជាសិទ្ធិតុលាការ ឯការអំពាវនាវរបស់ សម រង្ស៊ី មិនឱ្យពលរដ្ឋទៅបោះឆ្នោត ជាចលនាឧទ្ទាម លោក ផៃ ស៊ីផាន ៖ ការដោះលែងលោក ញឹក ប៊ុនឆៃ ជាសិទ្ធិតុលាការ ឯការអំពាវនាវរបស់ សម រង្ស៊ី មិនឱ្យពលរដ្ឋទៅបោះឆ្នោត ជាចលនាឧទ្ទាម

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខបកស្រាយបំភ្លឺចំពោះការផ្សព្វផ្សាយមិនត្រឹមត្រូវ លើការអនុញ្ញាតឱ្យ លោក ញឹក ប៊ុនឆៃ និងការអំពាវនារបស់លោក សម រង្ស៊ី មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។

លោក ផៃ ស៊ីផាន បានឲ្យដឹងថា ការបំភ្លឺចំពោះរឿង លោក ញឹក ប៊ុនឆៃ បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានលើកឡើងថា ការដោះលែង លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននាពេលនេះ គឺដើម្បីបន្ធូស្ថានភាពនយោបាយ នៅមុនពេលបោះឆ្នោត។

ចំពោះរឿងនេះលោក ផៃ ស៊ីផាន បានបញ្ជាក់ថា ករណីរបស់លោក ញឹក ប៊ុនឆៃ គឺជារឿងនីតិវិធី និងការសម្រេច ដោយឯករាជ្យរបស់តុលាការ មិនពាក់ព័ន្ធ និងស្ថាប័នជាតិណាមួយនោះទេ។ រីឯការលើកឡើង ក្នុងទិដ្ឋភាពនយោបាយ អាស្រ័យដោយកម្ពុជាបច្ចុប្បន្ន មិនមានស្ថានភាពណាមួយ ស្ថិតនៅក្នុងវិបត្តនយោបាយនោះទេ លើកលែងតែ គណបក្សសង្រ្គោះជាតិ និងមន្រ្តីនយោបាយ ១១៨រូប ក្នុងគណបក្សនោះ ត្រូវបានតុលាការកំពូលដាក់ទណ្ឌកម្មលុបចោល គណបក្សសង្រ្គោះជាតិ និងដកហូតសិទ្ធិនយោបាយចំនួន៥ឆ្នាំ។

ដោយឡែកចំពោះករណីលោក សម រង្ស៊ី ដែលបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតវិញ លោក ផៃ ស៊ីផាន បានចាត់ទុកថា ជាចលនាឧទ្ទាមយ៉ាងពិតប្រាកដ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងទៀតថា ការអំពាវនាវរបស់មេឧទ្ទាម សម រង្ស៊ី មិនឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមក្នុងការជ្រើសរើស អ្នកតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាយុទ្ធនាការឧទ្ទាម យ៉ាងពិតប្រាកដ និងជាក់ស្ដែង ដូចជាសម័យខ្មែរក្រហម ដែលជាឧទ្ទាម នៅក្នុងព្រៃធ្វើពហិការ មិនចូលរួមការបោះឆ្នោត នៅឆ្នាំ១៩៩៣។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការអំពាវនាវនេះ គឺជាសកម្មភាពប្រឆាំងនឹងអំណាច ជាមួយនិងឆន្ទៈមហាជន ក្នុងការសម្ដែងឆន្ទៈ តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន ដើម្បីជ្រើសរើសអ្នកតំណាង ដែលមកអង្គុយតស៊ូមតិនយោបាយក្នុងរដ្ឋសភា ដែលមានមតិភាគច្រើន និងមតិភាគតិច ជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ជាក់ស្ដែងបន្ថែមទៀតនោះគឺ ការប្រឆាំង និងបំផ្លាញភាពស្របច្បាប់ របស់ស្ថាប័នប្រជាធិបតេយ្យ និងយន្តការរបស់រដ្ឋ ដែលកើតចេញពីជម្រើសសុទ្ធសាធរបស់មហាជន។

លោកបានបន្ថែទៀតថា នេះជាសកម្មភាព និងស្មារតីរបស់ឧទ្ទាមសុទ្ធសាធ បើទោះបីមានការសម្បទាននយោបាយយ៉ាងណា ក៏ដោយក៏ជននេះ មិនបោះបង់ចោលទិសដៅ នៃការមិនទទួលស្គាល់ជម្រើសរបស់មហាជនភាគច្រើន មិនទទួលស្គាល់ វប្បធម៌សន្ទនា ដែលជាការប្រឹងប្រែង នឹងសម្បទាននយោបាយខ្ពស់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បុគ្គលនេះ ឬក្រុមនេះ មិនញញើតយកឈាមប្រជាពលរដ្ឋខ្មែរ ដើម្បីលាងជើង ធ្វើដំណើរទៅកាន់អំណាច អត្តនោម័តនោះឡើយ។ ដូចនេះ ការអំពាវនាវមិនឱ្យប្រជាពលរដ្ឋចូលរួមការបោះឆ្នោត គឺជាការប្រឆាំងនឹងឆន្ទៈមហាជន ដែលជាអំណាច ជ្រើសរើសអ្នកតំណាងរបស់គេ ដែលជាអំពើផ្ដាច់ការសុទ្ធសាធ៕

អត្ថបទទាក់ទង