ក្រសួងការបរទេសកម្ពុជាប្រតិកម្មនឹងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២ មេសា ឆ្នាំ២០២០ ម្សិលមិញនេះ បានចេញថ្លែងការណ៍កម្រាស់២ទំព័រ ដោយសម្តែងនូវការរិះគន់ជុំវិញរបស់របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមួយចំនួន ដែលរួមមានទាំងកម្ពុជាផងដែរ ។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកម្ពុជា បានចាត់ទុករបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការទេសអាមេរិកនេះ ថាខ្វះភាពសត្យានុម័ត និងមានការខ្វះខាតធ្ងន់ធ្ងរស្តីពីភាពត្រឹមត្រូវនៃកត្តាទិន្នន័យនិងបច្ចុប្បន្នភាពនៃព័ត៌មាន ដែលបង្ហាញនៅក្នុងហេតុផលទាំង ៣ចំណុចខាងក្រោមនេះ៖
១. ស្ថាប័នណាក៏ដោយនៅសហរដ្ឋអាមេរិកដែលមានបំណងវាយតម្លៃកម្ពុជា មិនគួរបិទភ្នែកចំពោះបំណុលសីលធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអតីតរដ្ឋការបានជំពាក់កម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជា ដែលបានទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសដោយមិនរើសមុខនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ។
២. សហរដ្ឋអាមេរិកមិនអនុវត្តតាមគោលការណ៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធិមនុស្ស ដែលតម្រូវឱ្យធ្វើជាគំរូឱ្យគេ ដោយផ្តើមចេញពីខ្លួនឯង ដែលត្រង់ចំណុចនេះ កម្ពុជា បានគូសបញ្ជាក់ថា ៖ «អ្វីដែលគួរឱ្យហូសចិត្តនោះ របាយការណ៍ប្រចាំឆ្នាំ មិនបានលើកឡើងពីកំណត់ត្រាស្តីពីសិទ្ធិមនុស្សរបស់ខ្លួនឯងទេ (សហរដ្ឋអាមេរិក) ដែលជាការបដិសេធយ៉ាងពិតប្រាកដចំពោះការរំលោភបំពានសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់»។
៣. របាយការណ៍ខាងលើ មិនបានប្រើប្រាស់វិធីសាស្រ្តយុត្តិធម៌ត្រឹមត្រូវសម្រាប់ធ្វើការវាយតម្លៃរបស់ខ្លួនទេ ដោយបំប៉ោងសិទ្ធិខ្លះហួសពីសិទ្ធិដទៃ ព្រមទាំងបដិសេធលក្ខណៈពិសេសរបស់ជាតិ និងផលប្រយោជន៍ជាទូទៅដែលកម្ពុជាទទួលបាននៅក្នុងដែនដ៏ធំទូលាយនៃសិទ្ធិមនុស្ស ។
នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់ខ្លួន កម្ពុជាក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដោយឥតងាករេក្នុងការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស និងប្រកាន់យកនីតិរដ្ឋ និងការគោរពសេរីភាពជាមូលដ្ឋានដែលស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា៕