អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចុះជួយជួសជុល និងរៀបចំផ្ទះសម្បែងឡើងវិញជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន០៧គ្រួសារ ស្មើនឹង០៧ខ្នងផ្ទះ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំគោកឋិន ស្រុកថ្មពួក ដែលបានកើតឡើង កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។
ឯកឧត្តម អ៊ុំ រាត្រី បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ដែលជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះនោះឡើយ។ ឯកឧត្តមបានលើកឡើងថាក្រោយពេលកើតហេតុគ្រោះធម្មជាតិនេះភ្លាមអាជ្ញាធរដែនដីរួមជាមួយនឹងក្រុមការងារកងកម្លាំងប្រដាប់អាវុធបានអន្តរាគមន៍ចុះភ្លាមៗជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះនេះដោយបានជួយប្រមូលរៀបចំទីជំរកស្នាក់នៅនិងធ្វើការជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់នោះ។
ជាមួយគ្នានេះ ដោយមើលឃើញផ្ទះ១គ្រួសាររងគ្រោះខូចខាតធ្ងន់ធ្ងរឯកឧត្តមអភិបាលខេត្ដក៏ត្រូវចំណាយថ្លៃទិញសរសរឈើថ្លៃជាងស្ទួចផ្ទះរៀបចំឡើងវិញ និងឧបត្ថម្ភថវិកាមួយចំនួនទៀតដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងជួយធ្វើផ្ទះជូនប្រជាពលរដ្ឋរងគ្រោះផងដែរ។
ឯកឧត្ដមអភិបាលខេត្តក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋយើងសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ត្រូវប្រញាប់ប្រញាល់រកទីកន្លែងជ្រកដែលមានសុវត្ថិភាពដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនោះ។ ឯកឧត្ដមបានជំរុញដល់កម្លាំងប្រដាប់អាវុធរួមក្រុមការឱ្យបង្កើនការយកចិត្តទុកដាក់ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះឱ្យបានលឿនដើម្បីឱ្យពួកគាត់មានទីជំរករស់នៅបានសមរម្យឡើងវិញនោះ៕