ខ្មែរប៉ុស្ដិ៍ Close

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ-១៩»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1624
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ-១៩»អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ-១៩»

    នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀតដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ-១៩»

    ក្នុងខ្លឹមសារវីដេអូបានបង្ហាញថា បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាការផ្ទុះឡើង នៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ជាលើកទី៣ និងជាទ្រង់ទ្រាយធំដែលមិនធ្លាប់មានសម្រាប់ប្រទេស កម្ពុជាយើង បានបង្កការប្រឈមថ្មីមួយទៀត ដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ហើយថាដើម្បីឈានទៅរកភាពជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ចាំបាច់មិនអាចខ្វះបានឡើយ។

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានពិពណ៌នាថា ការប្រយុទ្ធតទល់ជាមួយកូវីដ-១៩ ពិតជាអាចធ្វើបាន ដោយគ្រាន់តែយើងរួមគ្នាអនុវត្តនូវវិធានការ អនាម័យ «៣កុំនិង៣ការពារ» ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល គឺជាការស្រេច។

    ៣កុំគឺ កុំចាប់ដៃឬប៉ះពាល់គ្នា, កុំទៅកន្លែងដែលមានមនុស្សច្រើន និងកុំនៅក្នុងបន្ទប់បិទជិត ដែលគ្មានខ្យល់ ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ចំណែកឯ ៣ការពារ គឺត្រូវពាក់ម៉ាស់ជាប្រចាំ, ត្រូវលាងដៃ ជាមួយអាល់កុលឬជែលឲ្យបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលដោយ នៅឲ្យឆ្ងាយពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។

    វិធានការ៣កុំ និង៣ការពារនេះ មានលក្ខណៈសាមញ្ញ ប៉ុន្តែ វាគឺ ជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធតតាំងជាមួយសត្រូវឥតស្រមោលកូវីដ-១៩ ប្រសិនបើយើងអនុវត្តឲ្យបានម៉ឺងម៉ាត់និងជាប្រចាំ។ ជាការពិត នរណាៗក៏ទទួលស្គាល់ថា ជំងឺកូវីដ-១៩ គឺជាសត្រូវដ៏កាចសាហាវរបស់មនុស្សជាតិលើភពផែនដី ក្នុងយុគ្គសម័យបច្ចុប្បន្នយើងនេះ។ សត្រូវនេះបាននិងកំពុងធ្វើការវាយប្រហារមិនរើសមុខមិនថាប្រទេសអ្នកមាន ប្រទេសក្រីក្រ ប្រទេសមហាអំណាច ឬប្រទេសទន់ខ្សោយនោះឡើយ។

    ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាចបិទបញ្ចប់ទៅវិញក្នុងពេលខាងមុខប្រសិនបើយើងទាំងអស់គ្នាគ្រាន់តែចូលរួម អនុវត្តវិធានការ ៣កុំ និង៣ការពារ និងវិធានការផ្សេងៗមួយចំនួនទៀត ដែលដាក់ចេញដោយប្រមុខ រាជរដ្ឋាភិបាល។ ការចូលរួមចាក់វ៉ាក់សាំង និងការប្រើប្រាស់ QR Code Stop Covid ក៏ជាវិធានការដ៍ចាំបាច់មិនអាចមើលរំលងបានដែរ។

    ដូច្នេះ ប្រជាពលរដ្ឋខ្មែរយើងគ្រប់រូបត្រូវពួតដៃគ្នាជាធ្លុងមួយដើម្បីយកឈ្នះលើកូវីដ ១៩ដោយយើងត្រូវមានក្តី សង្ឃឹមជឿជាក់ យ៉ាងមុតមាំលើខ្លួន យើងថា «ខ្មែរពិតជា អាចធ្វើបាន»

    សូមទស្សនាវីដេអូដូចតទៅ៖

    អត្ថបទទាក់ទង