ក្រសួងសុខាភិបាល ប្រកាសអំពីករណីស្លាប់ចំនួន ៣នាក់ទៀត ដោយសារជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានផ្លូវការ ស្តីពីការស្លាប់ចំនួន ០៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាល បញ្ជាក់អំពីករណីស្លាប់អ្នកជំងឺទាំង ០៣នាក់ ដូចខាងក្រោម៖
* ទី១៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ជាមួយលទ្ធផល វិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង ដោយការវិវត្តិរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃចេះ តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពេលចូលដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុន ពេលចូលមកដល់មន្ទីរពេទ្យ
នៅវេលាម៉ោង ១៧៖០០នាទី នាថ្ងៃដដែល។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ (Mourant entrant avec COVID-19)។
* ទី២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ៥២ឆ្នាំ រស់នៅស្រុកគីរីវង្ស ខេត្តតាកែវ បានចូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤៖០៥នាទី ពេលចូលដល់មន្ទីរពេទ្យត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់បានស្លាប់បាត់បង់ជីវិត រួចទៅហើយមុនពេលចូលមកដល់មន្ទីរពេទ្យ។
ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើការវិភាគ ជាលទ្ធផលសំណាកបញ្ជាក់ថាសព មានវិជ្ជមានកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥២ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ (Mourant entrant avec COVID-19)។
* ទី៣៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៧៧ឆ្នាំ រស់នៅខេត្តព្រះសីហនុបានចូលសម្រាកពេទ្យនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១៖៣០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង។
ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០៖២០នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៧៧ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។
សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើតឡើងដល់៨២នាក់៕