ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យកម្លាំងសមត្ថកិច្ចគោលដៅចត្ដាឡីស័កទាំងអស់ ត្រូវពង្រឹងវិន័យឱ្យបានតឹងរ៉ឹងបំផុត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 48

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តាគោលដៅចត្តាឡីស័កទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

នៅក្នុងសេចក្តីណែនាំបានឱ្យដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយតាមបណ្តាគោលដៅចត្តាឡីស័ក ទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម ៖

១. គ្រប់គោលដៅចត្តាឡីស័ក រួមទាំងលំនៅឋានឯកជន អគារស្នាក់នៅរួម-ខុនដូ ក្លិប កម្សាន្ត និងទីតាំងអាជីវកម្ម ដែលជាប់ពាក់ព័ន្ធក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” និងត្រូវបានកំណត់ថា ជាទីតាំងចត្តាឡីស័កទាំងអស់ គឺស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។

២. គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ លើការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តាគោលដៅចត្តាឡីស័កក្នុងដែនសមត្ថកិច្ច ដោយត្រូវបង្កើតក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័កជាក់លាក់ទៅតាមគោលដៅ ឬ តំបន់ប្រមូលផ្ដុំ អាស្រ័យទៅតាមស្ថានភាពភូមិសាស្ត្រ និងទំហំប្រតិបត្តិការ។ ក្នុងនោះក្រុមការងារនីមួយៗ ត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យប្រចាំការ ម្ចាស់ទីតាំង (ករណីទីតាំងឯកជន) និងភាគីពាក់ព័ន្ធមួយចំនួនទៀតអាស្រ័យលើតម្រូវការចាំបាច់។

៣. ក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័ក មានតួនាទី និងភារកិច្ច ដូចតទៅ៖

  • ដាក់កម្លាំងប្រចាំកា ២៤ម៉ោង/២៤ម៉ោង ដោយអាចបែងចែកវេនយាមជា ២ ឬ ៣វេន
  • ទទួលខុសត្រូវទាំងស្រុងលើការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជុំវិញបរិវេណគោលដៅចត្តាឡីស័កដែលខ្លួនគ្រប់គ្រង។
  • ហ៊ុមព័ទ្ធទីតាំង និង /ឬ រៀបចំច្រកទ្វារចេញ-ចូលសម្រាប់ធានាការគ្រប់គ្រង និងត្រួតពិនិត្យ មិនឱ្យមានការចេញ-ចូលដោយសេរី។ រាល់ការចេញ-ចូល ដាច់ខាតត្រូវមានការត្រួតពិនិត្យពីមន្ត្រីសុខាភិបាល និងការអនុញ្ញាត ជាមុនពីក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័ក ដែលកំពុងឈរជើងនៅទីតាំងនោះ។
  • គ្រប់គ្រង ឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាក្រុមបុគ្គលទាំងឡាយ ដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនពិតជាបានអនុវត្តន៍ យ៉ាងខ្ជាប់ខ្ជួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។

៤. ក្តាប់ជាប់នូវតម្រូវការចាំបាច់របស់អ្នកធ្វើចត្តាឡីស័ក ក្នុងទីតាំងដែលខ្លួនគ្រប់គ្រង ដើម្បីដោះស្រាយជូនពួកគាត់។ ក្នុងករណីមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ និងសុំយោបល់ដឹកនាំ ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសាមី ឬ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។

  • កត់ត្រាអត្តសញ្ញាណ (លេខទូរស័ព្ទ និងអាសយដ្ឋាន ) រាល់បុគ្គលដែលបានយកកញ្ចប់អាហារ ឬ សម្ភារផ្សេងៗជូនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងនោះ៖ ក្រុមការងារត្រូវបាញ់អាល់កុលសម្លាប់មេរោគ និងត្រួតពិនិត្យរាល់កញ្ចប់អាហារ និងសម្ភារទាំងនោះឱ្យ បានច្បាស់លាស់ មុននឹងប្រគល់ជូនទៅផ្នែកខាងក្នុង។ ប្រសិនបើមានការសង្ស័យត្រូវឃាត់ខ្លួនបុគ្គលនោ រួចរាយការណ៍ជាបន្ទាន់ទៅគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសាមី។
  • រៀបចំផែនការសន្តិសុខត្រៀមបង្ការទុកជាមុន សម្រាប់ទប់ទល់រាល់ព្រឹត្តិការណ៍ ឬ ការបង្កចលាចលនានា ដែលអាចកើតមានជាយថាហេតុ ក្នុងគោលដៅចត្តាឡីស័កដែលខ្លួនគ្រប់គ្រង។ ចំពោះពេលវេលាដែលអាចអនុញ្ញាតឱ្យនាំចូលនូវកញ្ចប់អាហារ ឬ សម្ភារផ្សេងៗ ជូនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ត្រូវបានកំណត់ទៅតាមរបបអាហារ ៣ (បី)ពេល ក្នុងមួយថ្ងៃរួមមាន៖ ពេលព្រឹកម៉ោង ០៦:00 នាទី ដល់ម៉ោង ០៧:០០នាទី ។ ពេលថ្ងៃត្រង់ ម៉ោង ១១:00នាទី ដល់ម៉ោង ១២:00នាទី។ ពេលល្ងាចម៉ោង ១៧:០០នាទី ដល់ម៉ោង ១៨:00នាទី។

៥. គ្រប់គោលដៅចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត, អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត, ប្រកាស និងសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាល រាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័ក និងម្ចាស់ទីតាំងចត្តាឡីស័កឯកជន ព្រមទាំងក្រុមបុគ្គលដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តន៍តាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឱ្យទទួលបានលទ្ធផលល្អ និងការទទួលខុសត្រូវខ្ពស់៕

អត្ថបទទាក់ទង