ខ្មែរប៉ុស្ដិ៍ Close

    អបអរសាទរ! ជ័យលាភីលេខ១ សម្រស់ឯកវាយនភណ្ឌ ២០១៨ បានទៅលើបេក្ខជន ឌិន សិត និងបេក្ខនារី ញឿន ស៊ូវិកញ្ញា មកពីខេត្តកំពង់ស្ពឺដូចគ្នា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1228

    ភ្នំពេញ៖ ក្រោយការប្រឡងសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី០១ ខែឧសភានេះរួចមក គណៈកម្មការវាយតម្លៃការប្រកួត បានប្រកាសជាផ្លូវការនូវបេក្ខជន-បេក្ខនារី ដែលជាកម្មករ-កម្មការិនីជ័យលាភីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    បេក្ខជន-បេក្ខនារីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨នេះ រួមមាន៖

    សម្រាប់បេក្ខជន៖

    • ជ័យលាភីលេខ១ បានទៅលើបេក្ខជន ឌិន សិត ពាក់ស្លាកលេខ៨ មកពីខេត្តកំពង់ស្ពឺ។
    • ជ័យលាភីលេខ២ បានទៅលើបេក្ខជន គង់ វិតាក់ ពាក់ស្លាកលេខ១២ មកពីខេត្តស្វាយរៀង។
    • ជ័យលាភីលេខ៣ បានទៅលើបេក្ខជន ទូត ទិត្យា ពាក់ស្លាកលេខ១៤ មកពីខេត្តកំពត។

    សម្រាប់បេក្ខនារី៖

    • ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ញឿន ស៊ូវិកញ្ញា ពាក់ស្លាកលេខ៣ មកពីខេត្តកំពង់ស្ពឺ។
    • ជ័យលាភីលេខ២ បានទៅលើបេក្ខនារី ប៊ិន អ៊័ន ពាក់ស្លាកលេខ៧ មកពីខេត្តព្រះសីហនុ។
    • ជ័យលាភីលេខ៣ បានទៅលើបេក្ខនារី ហុក ណាគ្រី ពាក់ស្លាកលេខ១២ មកពីខេត្តបន្ទាយមានជ័យ។

    ចំពោះរង្វាន់សម្រាប់បេក្ខជន-បក្ខនារី ដែលចូលរួមក្នុងការប្រឡងវិញ រួមមាន៖

    • ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៥,០០០,០០០រៀល និងម៉ូតូចំនួន ១គ្រឿង។
    • ជ័យលាភីលេខ២ ទទួលបានចំនួន ៤,០០០,០០០រៀល និងម៉ូតូចំនួន ១គ្រឿង។
    • ជ័យលាភីលេខ៣ ទទួលបានចំនួន ៣,០០០,០០០រៀល និងម៉ូតូចំនួន ១គ្រឿង។
    • ជ័យលាភីកិត្តិយសទទួលបានថវិកាចំនួន ២,០០០,០០០រៀល និងអ្នកមិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាចំនួន ១,០០០,០០០រៀល ពីក្រសួងការងារផងដែរ។

    លោក អ៉ិត សំហេង បានបញ្ជាក់ថា ការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំនួន៣លើករួចមកហើយ គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសាធារណជន ជាពិសេសពីសំណាក់កម្មករ-កម្មការិនី។

    លោករដ្ឋមន្ត្រីបន្តថា ឆ្នាំនេះគឺជាលើកទី៤ហើយ ដែលក្រសួងការងារបានរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ដែលកាន់តែមានលក្ខណៈទូលំទូលាយជាងមុន ដោយមានការចូលរួមពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងដៃគូពាក់ព័ន្ធនានា សំដៅលើកតម្លៃកម្មករ-កម្មការិនី និងបង្កើតនូវបរិយាកាសសប្បាយរីករាយជូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ»

    រដ្ឋមន្ត្រីក្រសួងការងារ បានលើកទឹកចិត្តដល់កម្មករ-កម្មការិនីឲ្យត្រូវមានមោទនភាពថា ពិតជាបានចូលរួមលើកស្ទួយដល់សិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតក្នុងវិស័យនេះ ដោយបានចូលរួមបំផុសឱ្យកម្មករនិយោជិតឱ្យស្គាល់តម្លៃនៃការងាររបស់ខ្លួន កាន់តែស្រឡាញ់ការងារខ្លួន សំដៅបង្កើនផលិតភាពការងារ និងទំនាក់ទំនងកាន់តែល្អជាមួយថៅកែ និងគោរពច្បាប់ស្តីពីការងារទាំងអស់គ្នា។

    លោក អ៉ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត ហើយសង្ឃឹមថាកម្មករ-កម្មការីនីនឹងបន្តចូលរួមក្នុងកម្មវិធីនេះ កាន់តែអធឹកអធ័មថែមទៀត៕

    សូមទស្សនាវីដែអូ៖

    ប្រភព៖ FreshNews

    អត្ថបទទាក់ទង