ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រាប់ទូតសិង្ហបុរីថា មិនត្រូវឱ្យកូវីដ-១៩ បំផ្លាញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 92
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រាប់ទូតសិង្ហបុរីថា មិនត្រូវឱ្យកូវីដ-១៩ បំផ្លាញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រាប់ទូតសិង្ហបុរីថា មិនត្រូវឱ្យកូវីដ-១៩ បំផ្លាញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យលោកស្រី ឆៃ ឡេឈីង ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រជានៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ដែលមានតាំងពីយូរលង់មក។

លោកស្រីឯកអគ្គរដ្ឋទូត ឆៃ ឡេឈីង បានកត់សម្គាល់ថា ប្រទេសទាំងពីរមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សផងដែរ។

លោកស្រី បានលើកឡើងដែរថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដែលអាចស្វែងរកកិច្ចសហប្រតិបត្តិការរួមគ្នា។ ក្នុងន័យនេះ លោកស្រីអគ្គរដ្ឋទូត បានបង្ហាញការប្តេជ្ញាថា លោកស្រី នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនឡើងថែមទៀត។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍នូវការប្តេជ្ញាចិត្តរបស់លោកស្រីឯកអគ្គរដ្ឋទូត។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានលើកពីឧបសគ្គមយយចំនួន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ផងដែរ។ លោកនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ បានបំផ្លាញមនុស្សជាតិគ្រប់គ្នា ដាក់គម្លាតពីគ្នា ក្នុងសូម្បីជំនួបនាពេលនេះត្រូវពាក់ម៉ាស់ពេលសន្ទនាគ្នាផងដែរ។

លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា ទោះបីមានឧបសគ្គដ៏លំបាកយ៉ាងណាក្តី តែគប្បីជម្នះបញ្ហាទាំងនេះ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ លោកនាយករដ្ឋមន្រ្ដី បានផ្តល់ទស្សនទានថា កម្ពុជា និងសិង្ហបុរី ត្រូវជំរុញទំនាក់ទំនង និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយ ដែលបានចុះកន្លងមក។ បន្ថែមពីលើនោះ ត្រូវស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ស្របតាមសក្តានុពលដែលប្រទេសទាំងពីរកំពុងមាន។

សូមបញ្ជាក់ថា នៅក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញក្តីរីករាយ និងមានកិត្តិយស ដែលត្រូវបានតែងតាំងមកបំពេញការងារនៅកម្ពុជា។ លោកស្រី បានអរគុណសម្តេចតេជោ ដែលបានឆ្លៀតពេលពីការងារដ៏មមាញឹកទទួលជួបលោកស្រី។

លោកស្រី បានកោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហើយបានសម្តែងការអបអរសាទរលោកនាយករដ្ឋមន្រ្ដី ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាបរហ័ស។ ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយជាប់ៗគ្នា និងកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស ៕

អត្ថបទទាក់ទង