ខ្មែរប៉ុស្ដិ៍ Close

ទំហំពាណិជ្ជកម្មកម្ពុជា -សិង្ហបុរី ក្នុងឆ្នាំ ២០២០ មានចំនួន៤,២៤ប៊ីលានដុល្លារអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 129
ទំហំពាណិជ្ជកម្មកម្ពុជា -សិង្ហបុរី ក្នុងឆ្នាំ ២០២០ មានចំនួន៤,២៤ប៊ីលានដុល្លារអាមេរិក ទំហំពាណិជ្ជកម្មកម្ពុជា -សិង្ហបុរី ក្នុងឆ្នាំ ២០២០ មានចំនួន៤,២៤ប៊ីលានដុល្លារអាមេរិក

ទំហំពាណិជ្ជកម្មកម្ពុជា សិង្ហបុរី ក្នុងឆ្នាំ ២០២០ មានចំនួន៤,២៤ប៊ីលានដុល្លារអាមេរិក ទោះបីជាស្ថិតក្នុងវិបតិ្តនៃ​​ជំងឺកូវីដ-១៩ ក៏ដោយ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កម្ពុជា មានប្រសាសន៍ថា៖

ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី មានទំហំ៤,២៤ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគ​​របស់​​ប្រទេសសិង្ហបុរីនៅព្រះរាជាណាចក្រកម្ពុជាមានទំហំទៅដល់១,២៩ ប៊ីលានដុល្លារអាមេរិក (ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០)។

ក្នុង ឱកាស អនុញ្ញាតឱ្យលោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ​​សាធារណរ​​ដ្ឋសិង្ហបុរីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ សម្តេចប្រមុខរដ្ឋស្តីទីបានស្នើដល់លោ​កជំទាវឯកអគ្គរដ្ឋទូតជួយជំរុ​ញការធ្វើវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់​ការអភិវឌ្ឍសេដ្ឋកិ​ច្ច-សង្គមរបស់ប្រទេសទាំងពីរ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្តេចជឿជាក់ថា ក្នុងអាណត្តិរបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅកម្ពុជានេះ នឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​​ក្នុង​វិស័យជាច្រើនដូចជា វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ វិស័យសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ជាពិសេសអ្នកវិនិយោគសិង្ហបុរី​បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកវិនិយោគកម្ពុជា ក្នុងការអភិវឌ្ឍលើកកម្ពស់វិស័យបច្ចេកវិទ្យា និងវិស័យឌីជីថល ក្នុងនោះវិស័យដែល​លេចធ្លោជាងគេ គឺវិស័យទេសចរណ៍ និងវិស័យបដិសណ្ឋារកិច្ច។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា ការហោះហើរត្រង់ពីប្រទេសសិង្ហបុរី មកព្រះរាជាណាចក្រកម្ពុជា គឺមានការកើន​ឡើង​៩ដងក្នុងមួយសប្តាហ៍ ដែលអាចជំរុញលើកកម្ពស់ទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា ក្នុងក្របខ័ណ្ឌកិច្ចសហ​ប្រតិបត្តិការថ្នាក់តំ​បន់​ និងអន្តរជាតិ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានរួមវិភាគទានយ៉ាងច្រើនក្នុងការក​សាងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបតិ្តការទ្វេភាគី។ ជាពិសេស ជួយពង្រឹងសមត្ថភាពមន្រ្តីរាជការ​កម្ពុជាលើជំនាញនានា នៅមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា-សិង្ហបុរី៕

អត្ថបទទាក់ទង