ខ្មែរប៉ុស្ដិ៍ Close

ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួច ទោះបីឆ្លងជំងឺនេះ ក៏ស្ថានភាពមិនស្ថិតក្នុងសភាពធ្ងន់ធ្ងរនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួច ទោះបីឆ្លងជំងឺនេះ ក៏ស្ថានភាពមិនស្ថិតក្នុងសភាពធ្ងន់ធ្ងរនោះទេ ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួច ទោះបីឆ្លងជំងឺនេះ ក៏ស្ថានភាពមិនស្ថិតក្នុងសភាពធ្ងន់ធ្ងរនោះទេ

លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បញ្ជាក់ថា ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ទោះបីឆ្លងជំងឺកូវីដ-១៩ ក៏សុខភាពរបស់កងទ័ពទាំង៤នាក់ និងកងអង្គរក្សម្នាក់ដែលបានឆ្លងកូវីដ-១៩ មិនស្ថិតក្នុងសភាពទ្រុឌទ្រោម ឬធ្ងន់ធ្ងរនោះទេ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់ការចុះពិនិត្យមន្ទីរពេទ្យស្រ្តីនគរទេព ជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ មានប្រសាសន៍ថា បច្នុប្បន្ននេះកងទ័ពស្ទើរតែទាំងអស់ បានមកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ លើកទី១រួចរាល់ហើយ។ ដោយក្នុងនោះ លោកឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា បើតាមក្រសួងសុខាភិបាល អ្នកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ ការឆ្លងជំងឺកូវីដ-១៩នៅតែឆ្លង ខណៈនាពេលកន្លងទៅក្នុងជួរកងទ័ពគឺសុទ្ធតែអ្នកទទួលវ៉ាក់សាំងរួចរាល់ហើយ ដោយមានអ្នកខ្លះចាក់វ៉ាក់សាំងលើកទី១ អ្នកខ្លះបានចាក់វ៉ាក់សាំងលើកទី២ នៅឆ្លងកូវីដ-១៩ គ្រាន់តែពួកគាត់មានសុខភាពល្អ ធម្មតា មិនស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ ដូចអ្នកដែលមិនបានចាក់វ៉ាកសាំងនោះទេ។

«តាមការបញ្ជាក់ពីលោកជំទាវឱវណ្ណឌីន បានផ្សព្វផ្សាយច្រើនណាស់ថា គឺអ្នកដែលទទួលវ៉ាក់សាំងហើយ គឺមិនមានការអះអាងថា មិនឆ្លងនោះទេ គឺនៅតែមានការឆ្លង។ ហើយពិតប្រាកដតែម្ដង គឺខ្ញុំបានតាមដាន គឺឥឡូវចំពោះកងទ័ពដែលមានការឆ្លងប៉ុន្មាននាក់ ដោយ ក្នុងនោះមានអ្នកទទួលវ៉ាក់សំាងមួយម្ជុល ឬពីរម្ជុល ដែលខ្ញុំបានតាមដានពីសុខភាព របស់ ពួកគាត់គឺអត់អី ធម្មតាដែលពួកគាត់បានសម្រាកព្យាបាលនៅសណ្ឋាគារ ក្រេតឌុកគឺ សុខភាពល្អធម្មតា ហើយកំដៅវិញគឺចុះទាំងអស់ បានន័យថា វ៉ាក់សាំងហ្នឹង គឺបានបំពេញភារកិច្ចរបស់វាបានមួយចំណែកធំហើយ ប៉ុន្ដែមិនធានាថា១០០ភាគរយទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយគេបានអះអាងច្បាស់លាស់ហើយ ខ្ញុំក៏តាមដានហើយក៏ហ៊ានអះអាងមួយចំណែកថា បើយើងមានវ៉ាក់សាំងហើយអាកូវីដ-១៩ហ្នឹង ចូលមកហ្នឹងមិនអាចធ្វើអ្វីឱ្យយើងធ្លាក់ក្នុងសភាពឈឺធ្ងន់ធ្ងរទេ» ។

លោកឧបនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវ ឱ្យក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ និងកងទ័ពត្រូវបន្ដប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ជាពិសេសស្ដាប់ តាមការណែនាំរបស់ក្រសួង សុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល នូវវិធានការ ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង