ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងឥណ្ឌា ចុះកិច្ចព្រមព្រៀងលើលទ្ធកម្មសម្ភារៈដោះមីន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
កម្ពុជា និងឥណ្ឌា ចុះកិច្ចព្រមព្រៀងលើលទ្ធកម្មសម្ភារៈដោះមីន កម្ពុជា និងឥណ្ឌា ចុះកិច្ចព្រមព្រៀងលើលទ្ធកម្មសម្ភារៈដោះមីន

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើលទ្ធកម្ម សម្ភារដោះមីន ដែលចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចព្រមព្រាងនេះ រដ្ឋាភិបាលឥណ្ឌាផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តន៍ថវិកាចំនួន ១,៥លានដុល្លារអាមេរិក សម្រាប់ការផ្តល់ឧបករណ៍ដោះមីន។ ជំនួយឥតសំណងចំនួន ១,៥លានដុល្លារអាមេរិកនេះ ផ្តល់ដល់កងយោធពលខេមរភូមិន្ទ (RCAF) ក្នុងការបង្កើនសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបេសកកម្មមនុស្សធម៌។ ជំនួយនេះត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា មកកម្ពុជា នាឆ្នាំកន្លងទៅ។

លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ ការពារជាតិរវាងប្រទេសទាំងពីរកំពុងពង្រឹង និងពង្រីក ហើយកិច្ចខិតខំប្រឹងប្រែងនេះ ក៏កំពុងបន្តដើម្បីលើកកម្ពស់ វិសាលភាព និងសក្តានុពលនៃការចូលរួមជាមួយគ្នានាពេលអនាគត។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយដល់កងយោធពល ខេមរភូមិន្ទនាពេលនេះ៕

អត្ថបទទាក់ទង