រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីបំភ្លឺ ទៅលើការផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Pich Sros-ពេជ្រ ស្រស់
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺស្តីពីករណីបង្ហោះ ព័ត៌មានក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook របស់គណនីឈ្មោះ Pich Sros-ពេជ្រ ស្រស់ ដែលបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមថា ប្រជាពលរដ្ឋ ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុកមិនសុខចិត្តជាមួយអាជ្ញាធរខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញពីលំនៅដ្ឋានរបស់ពួកគាត់ ដែលពួកគាត់មានចុះបញ្ជីដីធ្វើប្លង់កម្មសិទ្ធិត្រឹមត្រូវទាំងផ្ទះរបស់ពួកគាត់ ដោយគ្មានប៉ះពាល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋនោះឡើយ។
ទាក់ទិននឹងការផ្សាយខាងលើ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ និងជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ការលើកឡើងរបស់ម្ចាស់គណនីខាងលើ គឺពុំត្រឹមត្រូវនោះឡើយ ដោយហេតុថាករណីប្រជាពលរដ្ឋ ១៩គ្រួសារនេះ គឺបានទៅរស់នៅ និងសាងសង់សំណង់លំនៅដ្ឋាន លើដីប្រព័ន្ធការពារដែលជាដីសាធារណៈរបស់រដ្ឋទាំងស្រុង ដែលមានទីតាំងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា ទីតាំងដីលំនៅដ្ឋានមិនរៀបរយរបស់ប្រជាពលរដ្ឋ១៩គ្រួសារខាងលើនេះ គឺស្ថិតនៅក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ(LMAP) បានចុះវាស់វែង និងបានចេញបង្កាន់ដៃ ចំពោះអ្នកដែលបានបង្ហាញព្រំដី និងអ្នកដែលបានផ្តល់ទិន្នន័យក្បាលដីដល់ក្រុមការងារ ប៉ុន្តែបង្កាន់ដៃដែលក្រុមការងារផ្តល់ជូននេះ គឺគ្រាន់តែជាការប្រមូលទិន្នន័យ និងព័ត៌មានក្បាលដីប៉ុណ្ណោះ ដោយពុំបានកំណត់ទទួលស្គាល់ភាពជាកម្មសិទ្ធិករស្របច្បាប់នៅលើដីនោះទេ និងមិនអនុញ្ញាតឲ្យយកបង្កាន់ដៃនេះ ទៅធ្វើការលក់ដូរ ផ្ទេរសិទ្ធិ និងបញ្ចាំបានឡើយ។
រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់បន្ថែមថាដោយយោងតាមតម្រូវការចាំបាច់ និងដើម្បីបម្រើផលប្រយោជន៍សាធារណៈ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋ ១៩ គ្រួសាររុះរើលំនៅដ្ឋាន និងសំណង់ការ្យផ្សេងៗចេញពីដីប្រព័ន្ធការពារ ដែលជាដីសាធារណៈរបស់រដ្ឋ និងបានរៀបចំដីសម្រាប់ដោះស្រាយគោលនយោបាយ ស្របតាមគោលការណ៍សម្បទានសង្គមកិច្ចរបស់រដ្ឋដើម្បី ឲ្យពួកគាត់ទៅរស់នៅទីតាំងផ្សេង។