ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៤៩នាក់ ក្នុងនោះឆ្លងពីសហគមន៍ចំនួន ៤៨នាក់ ខណៈអ្នកជាសះស្បើយ ២១នាក់
ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៤៩នាក់ ក្នុងនោះពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៤៨នាក់ និងអ្នកជំងឺម្នាក់ ជាករណីធ្វើដំណើរមកពីបរទេស ខណៈអ្នកជាសះស្បើយ២១នាក់។
អ្នកឆ្លងកូវីដ-១៩ ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៤៨នាក់ រួមមានជនជាតិចិនចំនួន ២៨នាក់, ជនជាតិខ្មែរចំនួន ១៩នាក់ និងជនជាតិឥណ្ឌូណេស៊ី ១នាក់។ ហើយអ្នកឆ្លងថ្មីមា្នក់ទៀត គឺជាអ្នកធ្វើដំណើរជនជាតិលីប៊ី អាយុ ៥០ឆ្នាំ ធ្វើដំណើរមកពីប្រទេសលីប៊ី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។ អ្នកឆ្លងកូវីដ-១៩ថ្មីទាំង ៤៩នាក់នោះ គឺនៅខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងរាជធានីភ្នំពេញ។
ចំណែកឯអ្នកជាសះស្បើយទាំង ២១នាក់ រួមមានជនជាតិចិន ១៧នាក់ ជនជាតិខ្មែរ ១នាក់ ជនជាតិជប៉ុន ១នាក់ ជនជាតិវៀតណាម ១នាក់ និងជនជាតិស្វីស ១នាក់។ ក្នុងនោះ អ្នកជាសះស្បើយចំនួន ២០នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងម្នាក់ជាអ្នកដំណើរក្រៅស្រុក។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១ ០៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៣៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥២១នាក់៕
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖