ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាជ្រើសយកក្រុមហ៊ុនពីប្រទេសសិង្ហបុរី សម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្ម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
កម្ពុជាជ្រើសយកក្រុមហ៊ុនពីប្រទេសសិង្ហបុរី សម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្ម កម្ពុជាជ្រើសយកក្រុមហ៊ុនពីប្រទេសសិង្ហបុរី សម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្ម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH Group របស់ប្រទេសសិង្ហបុរី ដើម្បីអភិវឌ្ឍន៍បន្ថែមនូវមជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ ដើម្បីជំរុញការដឹកជញ្ជូន និងសម្របសម្រួលដល់សមាហរ័ណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងអនុតំបន់។

ការទទួលយកក្រុមហ៊ុនពីប្រទេសសិង្ហបុរីសម្រាប់អភិវឌ្ឍន៍លើផ្នែកនេះ ត្រូវបានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសកម្ពុជា និងក្រុមហ៊ុន YCH GROUP PTE LTD ប្រទេសសិង្ហបុរី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតាមរយៈវីដេអូពីចម្ងាយជាមួយភាគី សិង្ហបុរី មានប្រសាសន៍ថា កិច្ចព្រមព្រៀងក្របខណ្ឌនេះផ្តល់នូវមូលដ្ឋានគ្រឹះនៃកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH ដែលជាភាគីសិក្សាគម្រោងប្លង់ អភិវឌ្ឍន៍ និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ ហៅកាត់ PPLC។ ជាមួយគ្នានេះ ក៏នឹងគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីធ្វើឱ្យចេញជារូបរាងឡើងនូវមជ្ឈមណ្ឌលភ័ស្ដុភារកម្មប្រចាំតំបន់ ដូចដែលបានលើកឡើងនៅក្នុងគម្រោងផែនការមេអន្ដរកាលស្ដីពីការតភា្ជប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម។ លោកបន្តថា មជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ នឹងជួយពង្រឹងដល់ការតភ្ជាប់ប្រទេសកម្ពុជា ជាមួយលំហូរពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ ជាពិសេសនៅក្នុងបណ្តាប្រទេសតាមដងទន្លមេគង្គ រួមមានប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម និងតំបន់និរតីនៃប្រទេសចិន ក៏ដូចជាការរួមចំណែកឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែងរបស់កម្ពុជា។

លោក Robert Yap ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន YCH មានប្រសាសន៍ថា កិច្ចសហការនេះ នឹងមិនត្រឹមតែកសាងមជ្ឈមណ្ឌលភ័ស្តុភារកម្មនោះទេ ប៉ុន្តែថែមទាំងកសាងនូវប្រព័ន្ធអេកូភ័ស្តុភារកម្មមួយប្រកបដោយការយល់ដឹង និងកម្លាំងពលកម្មក្នុងផ្នែកភ័ស្តុភារកម្មក្នុងស្រុកដែលមានសមត្ថភាពផងដែរ។

លោក Seth Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Infrastructure Asia ដែលបានសម្របសម្រួលកិច្ចពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន YCH មានប្រសាសន៍ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្ហាញនូវសារសំខាន់នៃភ័ស្តុភារកម្មដែលធន់នឹងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយក្រុមហ៊ុន Infrastructure Asia នឹងបន្តនាំយកអ្នកសហការអន្តរជាតិបន្ថែមទៀត ដើម្បីគាំទ្រដល់រាជរាដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតផងដែរ។

រាជរដ្ឋាភិបាល បានចាត់ទុកភ័ស្តុភារកម្ម ជាវិស័យដ៏សំខាន់ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕

អត្ថបទទាក់ទង