ខ្មែរប៉ុស្ដិ៍ Close

ជប៉ុន ៖ តើគួរដាក់សម្ពាធលើមេដឹកនាំរដ្ឋប្រហារយោធាក្នុងកម្រិតណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 55
ជប៉ុន ៖ តើគួរដាក់សម្ពាធលើមេដឹកនាំរដ្ឋប្រហារយោធាក្នុងកម្រិតណា? ជប៉ុន ៖ តើគួរដាក់សម្ពាធលើមេដឹកនាំរដ្ឋប្រហារយោធាក្នុងកម្រិតណា?

ការដែលយោធាបានសម្លាប់បាតុករយ៉ាងតិច ១៨នាក់កាលពីថ្ងៃអាទិត្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្កើនសម្ពាធកាន់តែខ្លាំងទៅលើរដ្ឋាភិបាលបរទេស ដើម្បីជំរុញឱ្យមានការ ដោះលែងមេដឹកនាំជាប់ឆ្នោតរបស់ប្រទេសនេះ បូករួមទាំងលោកស្រី Aung San Suu Kyi និងការ ស្តារប្រជាធិបតេយ្យឡើងវិញ។

ក្នុងចំណោមប្រទេសអាស៊ី ជប៉ុនគឺជាប្រទេសមួយដែល មានឥទ្ធិពលបំផុត។ -ការសម្រេចចិត្តរបស់ជប៉ុនក្នុងការដោះស្រាយបញ្ហារដ្ឋប្រហារនៅមីយ៉ាន់ម៉ានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក បៃឌិន ដែលបានទុកលទ្ធិប្រជាធិបតេយ្យ និងសម្ព័ន្ធភាព ជាចំណុចដ៏សំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

ដូចសហរដ្ឋអាមេរិកដែរ ជប៉ុនបាននិងកំពុងប្រឈមមុខនឹងការសម្រេចចិត្តដ៏ស្មុគស្មាញ។ ប្រសិនបើជប៉ុនដាក់ទណ្ឌកម្មយោធាដោយផ្អែកលើគោលនយោបាយការបរទេសដូចដែលសហរដ្ឋអាមេរិកបានធ្វើ នោះជប៉ុនអាចនឹងបាត់បង់ទំនាក់ទំនងជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ហើយឥទ្ធិពលរបស់ជប៉ុនមកលើពួកគេក៏នឹងធ្លាក់ចុះផងដែរ។

ក្នុងនាមជាអ្នកវិនិយោគបរទេសដ៏សំខាន់មួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជប៉ុនក៏អាចនឹងបាត់បង់ផលប្រយោជន៍អាជីវកម្មរបស់ខ្លួនផងដែរ ដែលអាចនឹងធ្វើឱ្យជប៉ុនចាញ់ប្រៀប នៅក្នុងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន។

លោក Katsuyuki Imoto ដែលជាសកម្មជនសង្គមស៊ីវិលជនជាតិជប៉ុន និងដែលបានបម្រើការនៅប្រទេសមីយ៉ាន់ម៉ាអស់រយៈ ពេលមួយទសវត្សរ៍កន្លងមកនេះ បាននិយាយថា៖

«ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកមានគោលដៅរួមគ្នាក្នុងការចង់ឃើញប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ សហរដ្ឋអាមេរិកមានមធ្យោបាយរបស់ខ្លួន ហើយជប៉ុនក៏មានមធ្យោបាយផ្ទាល់ខ្លួនផងដែរ។ ដូច្នេះពួកគេមានតួនាទីខុសៗគ្នា»។

លោក Imoto គឺជាគម្រូដ៏គួឱ្យចាប់អារម្មណ៍មួយដែលបង្ហាញអំពីរបៀបដែល ប្រទេសជប៉ុនធ្វើការ នៅពីក្រោយឆាកដើម្បីដោះស្រាយជម្លោះ និងអាចបង្កើតមិត្ត ក៏ដូចជាបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកគឺជាអតីតព្រះសង្ឃពុទ្ធសាសនា ដែលបានរស់នៅក្នុងព្រៃអស់រយៈពេល ៣ ឆ្នាំនៅប្រទេសមីយ៉ាន់ម៉ានិងដែលបានរៀបចំក្រុមប្រដាប់អាវុធជនជាតិភាគតិច ដើម្បីចរចាឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយយោធា។

ក្រុមដែលលោក Imoto បានធ្វើការជាមួយ បានសម្តែងនូវការសាទររបស់ពួកគេ និងបានដាក់ឈ្មោះលោកថាជា «អ្នកប្រយុទ្ធមិនបាច់ប្រើគ្រាប់ (Zero fighter)» ដែលជាឈ្មោះរបស់យន្ដហោះចម្បាំងជប៉ុននៅក្នុងសង្គ្រាមលោកលើកទី ២ ។

អ្នកដែលបានដើរតួនាទីក្នុងការបង្កើតសន្តិភាពម្នាក់ទៀតគឺ លោក Yohei Sasakawa ដែលជាប្រេសិតពិសេសរបស់រដ្ឋាភិបាលជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ានិងជាប្រធានមូលនិធិមិនស្វែងរកប្រាក់ ចំណេញ «Nippon Foundation»

កាលពីខែធ្នូ លោកបានបង្កើតឱ្យមានបទឈប់បាញ់គ្នារវាងក្រុមបះបោរនៃកងទ័ព Arakan និង យោធានៅរដ្ឋ Rakhine ភាគខាង លិច។ លោកក៏ធ្លាប់បានជួបជាមួយឧត្តមសេនីយ៍ Min Aung Hlaing ដែលជាអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ានិងដែលជាមេដឹកនាំដឹកនាំរដ្ឋប្រហារផងដែរ។

លោក Imoto ជឿជាក់ថា «ប្រទេសជប៉ុនគួរតែប្រើឥទ្ធិពល និងទំនាក់ទំនងរបស់ខ្លួនដើម្បីធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាវិលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យវិញ ហើយការដាក់ទណ្ឌកម្មគួរតែជាជម្រើសចុងក្រោយ»

លោកបានអះអាងថា៖

«ប្រសិនបើជប៉ុនចូលរួមនៅក្នុងការដាក់ទណ្ឌកម្ម នោះជប៉ុនអាចនឹងបាត់បង់បណ្តាញទំនាក់ទំនង ដែលធ្លាប់មាន។ អ្វីដែលគួរធ្វើនៅពេលនេះគឺការសម្រុះ សម្រួលរវាងយោធាមីយ៉ាន់ម៉ានិងសហរដ្ឋអាមេរិកនិងអឺរ៉ុប»។

រដ្ឋមន្រ្តីការ បរទេសអាមេរិក Antony Blinken និងរដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi បាននិងកំពុងធ្វើការរួមគ្នាទាក់ទងនឹងរដ្ឋប្រហារនេះ។

ក្រសួងការបរទេសជប៉ុនបាននិយាយថា៖

«លោក Ichiro Maruyama ដែលជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងព្យាយាមបញ្ចុះបញ្ចូលយោធាឱ្យដោះលែងមេដឹកនាំដែលត្រូវបានឃុំខ្លួន ដែលរួមមានទាំងលោកស្រី Suu Kyi និងការស្តាររបបប្រជាធិបតេយ្យឡើងវិញ»។

ដោយបានដឹងអំពី ឥទ្ធិពលរបស់ជប៉ុន នាពេលថ្មីៗនេះ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នានៅឯ ស្ថានទូតជប៉ុនដើម្បីអំពាវនាវឱ្យមានអន្តរាគមន៍ពីជប៉ុនប្រឆាំងនឹងរដ្ឋប្រហារនេះ។

លោក Maruyama បានប្រាប់ក្រុមអ្នកតវ៉ានៅមីយ៉ាន់ម៉ាថា «ជប៉ុននឹងមិនព្រងើយកន្តើយនឹងសម្លេងដង្ហើយហៅរបស់ប្រជាជនមីយ៉ាន់ម៉ាឡើយ»

ក្រុមអ្នកតស៊ូមតិផ្នែកសិទិ្ធមនុស្សបានរិះគន់លោក Maruyama ចំពោះការការពារយោធាមីយ៉ាន់ម៉ាពីការរិះគន់ និងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចមូស្លីម Rohingya។

ប្រទេសជប៉ុនបាន រក្សាទំនាក់ទំនងល្អជា មួយយោធាមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយរាប់បញ្ចូលទាំងរយៈពេលដែលរបបយោធាត្រូវបានបណ្តា ប្រទេសលោកខាងលិចបូករួមទាំងសហរដ្ឋអាមេរិកបដិសេធមិនទទួលស្គាល់និងស្ថិតនៅឯកោពីអន្តរជាតិ។

លោកស្រី Maiko Ichihara ដែលជាអ្នកជំនាញខាងគោលនយោបាយការបរទេសជប៉ុន នៅ សាកលវិទ្យាល័យ Hitotsubashi ក្នុងទីក្រុងតូក្យូបាននិយាយថា៖

«សារៈសំខាន់របស់មីយ៉ាន់ម៉ា សម្រាប់ប្រទេសជប៉ុនគឺមានភាពជាប់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ។ ប៉ុន្តែ សារៈសំខាន់បានកើនឡើងកាន់តែខ្លាំង ដោយសារតែការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
រវាងជប៉ុន និងចិន»។

លោកស្រី Ichihara បានអះអាងថា៖

«ចាប់ពីឆ្នាំ 2010 យោធាមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យមានការកកើតនូវរដ្ឋាភិបាល ដែលមានលក្ខណៈពាក់កណ្តាលស៊ីវិល ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅ លើប្រទេសចិន។ ការកើតមានរដ្ឋាភិបាល នេះក៏បានផ្តល់ឱកាសដល់ជនជាតិជប៉ុន ដូចជាលោក Imoto និង Sasakawa ក្នុងការចូលរួមនៅក្នុងកិច្ចប្រឹងប្រែងឱ្យមានបទឈប់បាញ់សម្រាប់ជនជាតិភាគតិច ហើយប្រទេសជប៉ុនក៏អាចក្លាយជាអ្នកវិនិយោគបរទេសដ៏ធំបំផុតរបស់មីយ៉ាន់ម៉ាផងដែរ។ក្នុងចំណោមប្រទេសអភិវឌ្ឍនៅលើ ពិភពលោក ជប៉ុនក៏ជាអ្នកផ្តល់ជំនួយអភិវឌ្ឍនាំមុខគេនៅ ក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ»។

ប៉ុន្តែលោកស្រី Ichihara បាននិយាយថា៖

«ទីក្រុងតូក្យូមានការប្រុងប្រយ័ត្នក្នុងការលើកកម្ពស់តម្លៃនយោបាយ ដោយខ្លាចថា ប្រសិនបើជប៉ុនព្យាយាមជំរុញមីយ៉ាន់ម៉ាឱ្យឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នោះយោធាអាចនឹង មានប្រតិកម្មតប ហើយជប៉ុនអាចនឹងបាត់បង់ឥទ្ធិពល»។

ប្រទេសជប៉ុនបាន រៀបចំការប្រកួតប្រជែងជាមួយប្រទេសចិនទាក់ទងនឹងគុណតម្លៃនេះ។ -នៅក្នុងអំឡុងអាណត្តិដំបូងរបស់អតីតនាយក រដ្ឋមន្រ្តី Shinzo Abe ពីឆ្នាំ 2006 ដល់ 2007 ទីក្រុងតូក្យូបានលើកឡើងអំពីសេរីភាពនិងភាពរុងរឿងនៅពាសពេញរដ្ឋប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ី ប៉ុន្តែមិនបានរាប់បញ្ចូលប្រទេសចិននោះទេ។

គោល នយោបាយសេរីនិងបើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ ក្នុងអាណត្តិទី 2 របស់លោក Abe ក៏ទទួល បានការគាំទ្រពីរដ្ឋបាលTrump និង Biden ផងដែរ។

ប៉ុន្តែលោក Derek Mitchell ដែលជាប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា៖

«បញ្ហាស្ថិតនៅត្រង់ថា ការយល់ឃើញរបស់ជប៉ុនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហមិនដែល លើកឡើងអំពីលទ្ធិប្រជាធិបតេយ្យឬសិទ្ធិមនុស្សនោះទេ។ ផ្ទុយទៅវិញ វាផ្តោតតែទៅលើពាណិជ្ជកម្មសេរីនិងផ្លូវសមុទ្របើកចំហ»។

លោកបានបន្តថា៖

«ប្រសិនបើប្រទេសជប៉ុនធ្វើនូវអ្វីដែលខ្លួនធ្លាប់បានធ្វើដើម្បីការពារផលប្រយោជន៍អាជីវកម្មរបស់ខ្លួនហើយលះបង់នូវគុណតម្លៃនិងលទ្ធិប្រជាធិបតេយ្យ នោះយោធានឹងនៅតែបន្តមិនអើពើនឹងសម្ពាធ។ ជប៉ុនមិនចាំបាច់ចូលរួមជាមួយសហរដ្ឋ អាមេរិកក្នុងការដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា នោះទេ ក៏ប៉ុន្តែ ជប៉ុនចាំបាច់ត្រូវធ្វើឱ្យយោធាមីយ៉ាន់ម៉ាយល់ថា រឿងបែបនេះអាចកើតឡើង»។

NPR

អត្ថបទទាក់ទង